ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ថ្កោលទោស​ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី


មេដឹកនាំ​គណបក្សប្រឆាំង​រុស្ស៊ីត្រូវ​បាន​ប៉ូលិស​នាំ​ចេញ​ពី​សវនាការ​មួយបន្ទាប់​ពី លោកត្រូវ​បាន​ឃុំខ្លួន​ក្នុង​ការតវ៉ា​ប្រឆាំង​នឹងអំពើពុករលូយ​នៅ​តុលាការ Tverskoi ទីក្រុង Moscow ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃទី​២៧ មីនា ២០១៧។
មេដឹកនាំ​គណបក្សប្រឆាំង​រុស្ស៊ីត្រូវ​បាន​ប៉ូលិស​នាំ​ចេញ​ពី​សវនាការ​មួយបន្ទាប់​ពី លោកត្រូវ​បាន​ឃុំខ្លួន​ក្នុង​ការតវ៉ា​ប្រឆាំង​នឹងអំពើពុករលូយ​នៅ​តុលាការ Tverskoi ទីក្រុង Moscow ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃទី​២៧ មីនា ២០១៧។

សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ឃុំ​ខ្លួន​អ្នក​តវ៉ា​រាប់​រយ​នាក់​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដែល​ក្នុង​នោះ​មាន​ទាំង​មេដឹកនាំ​បក្ស​ប្រឆាំង​លោក Alexei Navalny ផង​ដែរ។

ពលរដ្ឋ​រុស្ស៊ី​រាប់​ម៉ឺន​នាក់​បាន​តវ៉ា​នៅ​តាម​ទីក្រុង​នានា​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី ដើម្បី​គាំទ្រ​ដល់​ការ​អំពាវនាវ​របស់​លោក Navalny ឲ្យ​វរជន​នានា​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​មាន​ភាព​ទទួល​ខុស​ត្រូវ។

អង្គការ OVD-Info ដែល​ជា​អង្គការ​តាមដាន​ពី​ការ​គាប​សង្កត់​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី បាន​ឲ្យ​ដឹង​នៅ​លើ​វិបសាយ​របស់​ខ្លួន​ថា មនុស្ស​ជាង ១ ពាន់​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​តវ៉ា​នៅ​ក្នុង​ទីក្រុង​មូស្គូ។

តួលេខ​នេះ​មិន​ទាន់​មាន​ការ​អះអាង​បែប​ឯករាជ្យ​ណា​មួយ​នោះ​ទេ ហើយ​ទីភ្នាក់ងារ​ព័ត៌មាន TASS ដែល​ជា​ទីភ្នាក់ងារ​របស់​រដ្ឋ បាន​ដកស្រង់​សម្ដី​របស់​ប៉ូលិស​ទីក្រុង​មូស្គូ ដែល​បាន​និយាយ​ថា ពួកគេ​ចាប់​អ្នក​តវ៉ា​បាន​ប្រហែល ៥ រយ​នាក់ រួម​ទាំង​លោក Navalny ផង​ដែរ។

លោក Mark Toner អ្នក​នាំ​ពាក្យ​ស្ដីទី​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖ «ការ​ឃុំ​ខ្លួន​អ្នក​ដែល​តវ៉ា​ដោយ​សន្តិវិធី អ្នក​សង្កេត​ស្ថានការណ៍​សិទ្ធិ​មនុស្ស និង​អ្នក​សារព័ត៌មាន គឺ​ជា​ការ​ប្រមាថ​មើល​ងាយ​ដល់​តម្លៃ​ស្នូល​របស់​លទ្ធិ​ប្រជាធិបតេយ្យ»។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា សហរដ្ឋ​អាមេរិក​មាន​ការ​ខឹង​សម្បារ​ចំពោះ​ការ​ចាប់​ខ្លួន​លោក Navalny ដែល​មាន​គម្រោង​ចង់​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨ ខាង​មុខ​នេះ៕

XS
SM
MD
LG