ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការពារ​ជាតិ​អាមេរិក​ប្រកាស​ផ្ដល់​ជំនួយ ១ ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន


រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​ម្នាក់​ពិនិត្យ​មើល​សព្វាវុធ​ដែល​ផ្ដល់​ឱ្យ​ដោយ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​អ៊ុយក្រែន នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​ម្នាក់​ពិនិត្យ​មើល​សព្វាវុធ​ដែល​ផ្ដល់​ឱ្យ​ដោយ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​អ៊ុយក្រែន នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្ដល់​ជំនួយ​ផ្នែក​សន្តិសុខ​ចំនួន ១ ពាន់​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​អ៊ុយក្រែន។ នេះ​គឺ​ជា​កញ្ចប់​ជំនួយ​ដ៏​ធំ​បំផុត​តែ​មួយ​គត់​ផ្នែក​សព្វាវុធ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​សម្រាប់​អ៊ុយក្រែន តាំង​ពី​ពេល​ដែល​ប្រទេស​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ​មក។

កញ្ចប់​ជំនួយ​លើក​នេះ​មាន​ដូចជា​គ្រាប់​កាំភ្លើង​ធំ​បន្ថែម​ទៀត​សម្រាប់​ប្រព័ន្ធ​រ៉ុក្កែត HIMARS គ្រាប់​មីស៊ីល Javelin ចំនួន ១.០០០ គ្រាប់​សម្រាប់​បាញ់​រថក្រោះ គ្រាប់​កាំភ្លើង​ធំ និង​រថយន្ត​ពេទ្យ​ពាស​ដែក​ចំនួន ៥០ គ្រឿង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​គោល​នយោបាយ​លោក Colin Kahl កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

នៅ​ពេល​អ្នក​កាសែត​សួរ​ថា​តើ​ហេតុអ្វី​បាន​ជា​ផ្ដល់​តែ​គ្រាប់​កាំភ្លើង​ធំ​សម្រាប់​ប្រព័ន្ធ​រ៉ុក្កែត HIMARS ដោយ​មិន​មាន​ផ្ដល់​ប្រព័ន្ធ​រ៉ុក្កែត​នេះ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន លោក Kahl បាន​ឆ្លើយ​ថា ប្រព័ន្ធ​រ៉ុក្កែត HIMARS ចំនួន ១៦ គ្រឿង​ដែល​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden បាន​ផ្ដល់​ជូន​អ៊ុយក្រែន​រួច​ហើយ​នោះ​គឺ «ច្រើន​ណាស់​ទៅ​ហើយ បើ​តាម​ការ​វាយ​តម្លៃ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​លើ​តម្រូវការ​ផ្នែក​ការពារ​ទឹកដី​របស់​អ៊ុយក្រែន»។

កញ្ចប់​ជំនួយ​ថ្មី​នេះ​ក៏​រួម​មាន​គ្រាប់​មីន Claymore និង​អាវុធ​យុទ្ធភណ្ឌ​សម្រាប់​ប្រព័ន្ធ​មីស៊ីល​បាញ់​ពី​ដី​ទៅ​លើ​អាកាស​ដ៏​ជឿនលឿន​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ។ ប្រព័ន្ធ​មីស៊ីល​បាញ់​ពី​ដី​ទៅ​លើ​អាកាស​ដ៏​ជឿនលឿន​នេះ​គឺ​ដូច​ទៅ​នឹង​ប្រព័ន្ធ​មីស៊ីល​ដែល​ប្រើ​សម្រាប់​ការពារ​រដ្ឋធានី​វ៉ាស៊ីនតោន​ដូច្នេះ​ដែរ។

ការ​ផ្ដល់​ជំនួយ​លើក​នេះ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ធ្វើ​ឱ្យ​ជំនួយ​សរុប​របស់​សហរដ្ឋ​អាមេរិក​ផ្នែក​សន្តិសុខ​ដែល​ផ្ដល់​ដល់​ប្រទេស​អ៊ុយក្រែន​កើន​ដល់​ចំនួន ៩.៨០០ លាន​ដុល្លារ តាំងពី​ពេល​ដែល​លោក​ប្រធានាធិបតី Joe Biden បាន​ឡើង​កាន់​តំណែង​កាលពី​ឆ្នាំ​មុន​មក និង​កើន​ដល់​ចំនួន ១១.៨០០ លាន​ដុល្លារ តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ភ្ជាប់​យក​ដោយ​ខុស​ច្បាប់​នូវ​តំបន់ Crimea កាលពី​ឆ្នាំ ២០១៤ មក។

លោក Kahl បាន​បញ្ជាក់​ថា រុស្ស៊ី​បាន​បាត់បង់​ធ្ងន់ធ្ងរ​តាំងពី​ពេល​ដែល​ខ្លួន​បាន​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ​មក ដោយ​លោក​បាន​ប៉ាន់​ប្រមាណ​ថា កងទ័ព​អ៊ុយក្រែន​បាន​កម្ទេច​រថ​ពាស​ដែក​របស់​រុស្ស៊ី​ចំនួន​ពី ៣.០០០ ទៅ ៤.០០០ គ្រឿង និង​ធ្វើ​ឱ្យ​ទាហាន​រុស្ស៊ី​ស្លាប់​និង​រង​របួស​ចំនួន​ពី ៧០.០០០ ទៅ ៨០.០០០ នាក់៕

XS
SM
MD
LG