ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​វាយ​ប្រហារ​សំដៅ​លើ​រដ្ឋធានី​កៀវ​និង​តំបន់ Odesa របស់​អ៊ុយក្រែន


រូបភាពបង្ហាញការខូចខាត​បន្ទាប់ពីការវាយប្រហារ​របស់​រុស្ស៊ីលើក្រុង​​ Odesa
រូបភាពបង្ហាញការខូចខាត​បន្ទាប់ពីការវាយប្រហារ​របស់​រុស្ស៊ីលើក្រុង​​ Odesa

មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា កងទ័ព​រុស្ស៊ី​បាន​វាយ​ប្រហារ​តាម​អាកាស​លើ​តំបន់ Odesa នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន​នៅ​យប់​ទី​ពីរ​ជាប់ៗ​គ្នា ហើយ​ស្រប​ពេល​នោះ​ដែរ​សំដៅ​វាយ​ប្រហារ​លើ​រដ្ឋធានី​កៀវ​និង​តំបន់​ផ្សេងៗ​ទៀត។

លោក Oleh Kiper អភិបាល​តំបន់ Odesa បាន​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា​មាន​លក្ខណៈ «ខ្លាំងក្លា» និង​បាន​ជំរុញ​ប្រជាពលរដ្ឋ​ឱ្យ​ស្នាក់នៅ​ជម្រក​ការពារ​បណ្ដោះ​អាសន្ន។

កងទ័ព​ជើង​អាកាស​អ៊ុយក្រែន​បាន​បញ្ជាក់​ថា យោធា​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​ដ្រូន Shahed ផលិត​នៅ​អ៊ីរ៉ង់​ចំនួន ២៣ គ្រឿង​ក្នុង​ចំណោម ៣២ គ្រឿង និង​មីស៊ីល​ស្វ័យ​នាំ​ផ្លូវ ១៤ គ្រឿង​ដែល​រុស្ស៊ី​បាន​បាញ់​ចូល​មក។

លោក Serhii Popko ប្រធាន​រដ្ឋបាល​យោធា​រដ្ឋធានី​កៀវ បាន​បញ្ជាក់​តាម Telegram ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​បាន​បាញ់​ទម្លាក់​ដ្រូន​ទាំង​អស់​ដែល​បាញ់​សំដៅ​ទីក្រុង​កៀវ និង​ថា​មិន​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​ភ្លាមៗ​ថា​មាន​ការ​ខូចខាត​ណា​មួយ​កើតឡើង​នោះ​ទេ។

បន្ទាប់ពី​យប់​ដំបូង​នៃ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ដែល​ប៉ះ​ចំ​តំបន់ Odesa និង​ទីក្រុង Mykolaiv ដែល​នៅ​ក្បែរ​នោះ​មក រុស្ស៊ី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​ធ្វើ​នេះ​គឺ​ដើម្បី​សងសឹក​នឹង​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​ចន្ទ​ដែល​បាន​បំផ្លាញ​ស្ពាន​សំខាន់​មួយ​ខ្សែ​ដែល​ខ្លួន​បាន​ប្រើ​សម្រាប់​ផ្គត់ផ្គង់​យោធា​របស់​ខ្លួន​នៅ​ក្នុង​ឧបទ្វីប Crimea។

អាជ្ញាធរ​ដែល​តែងតាំង​ដោយ​រុស្ស៊ី​នៅ​ទី​នោះ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា មនុស្ស​ជាង ២.០០០ នាក់​ត្រូវ​បាន​ជម្លៀស បន្ទាប់ពី​មាន​អគ្គិភ័យ​កើត​ឡើង​នៅ​មូលដ្ឋាន​ហ្វឹកហាត់​យោធា​ក្នុង​ស្រុក Kirovsky។ អាជ្ញាធរ​មិន​បាន​បញ្ជាក់​ជាក់លាក់​អំពី​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​ទេ។

លោក​នាយ​ឧត្តមសេនីយ៍ Mark Milley ដែល​ជា​ប្រធាន​ក្រុម​នាយ​សេនាធិការ​កងទ័ព​សហរដ្ឋ​អាមេរិក បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ថា វា​ហាក់​ដូចជា​ឆាប់​ពេក​នៅ​ក្នុង​ការ​វិនិច្ឆ័យ​លើ​លទ្ធផល​នៃ​ការ​វាយ​បក​យឺតៗ​ទៅ​វិញ​របស់​កងទ័ព​អ៊ុយក្រែន​លើ​បន្ទាយ​ការពារ​របស់​រុស្ស៊ី​នៅ​តំបន់​ភាគ​ខាង​កើត​និង​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន។

កន្លង​មក អ្នក​វិភាគ​សង្គ្រាម​បាន​និយាយ​ថា អ៊ុយក្រែន​បាន​ដណ្ដើម​កាន់កាប់​មក​វិញ​នូវ​ទឹកដី​ប្រហែល ២៥០ គីឡូម៉ែត្រ​ការ៉េ​តាំង​ពី​ដើម​ខែ​មិថុនា​មក ប៉ុន្តែ​រុស្ស៊ី​នៅ​រក្សា​ការ​គ្រប់គ្រង​លើ​ទឹកដី​ជា​ច្រើន៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។


XS
SM
MD
LG