យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីបានប្រើមីស៊ីលស្វ័យនាំផ្លូវនិងដ្រូន Shahed ផលិតនៅអ៊ីរ៉ង់ដើម្បីវាយប្រហារលើតំបន់ Odesa កាលពីយប់ថ្ងៃអង្គារ ដោយបណ្ដាលឱ្យខូចខាតអគារកំពង់ផែនិងផ្ទះសម្បែងនានា។
យោធាអ៊ុយក្រែនបានបន្ថែមថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់មីស៊ីល Kalibr ៦ គ្រឿងនិងដ្រូន ២១ គ្រឿងដែលបាញ់ពីលើតំបន់ Odesa ប៉ុន្តែថា កម្ទេចកំទីបាក់បែកនិងរលកនៃការផ្ទុះរបស់មីស៊ីលនិងដ្រូនទាំងនេះបានបណ្ដាលឱ្យអគារខ្លះនៅលើដីរងការខូចខាត។
អ៊ុយក្រែនបានលើកឡើងថា ខ្លួនក៏បានបាញ់ទម្លាក់ដ្រូនដែលហោះកាត់ពីលើតំបន់ Mykolaiv នៅភាគខាងត្បូងប្រទេស ផងដែរ និងថាយោធាបានបាញ់ទម្លាក់ដ្រូន ៣១ គ្រឿងក្នុងចំណោម ៣៦ គ្រឿងនៅទូទាំងប្រទេស។
តំបន់ Odesa គឺជាទីតាំងរបស់កំពង់ផែជាច្រើនដែលជាផ្នែកមួយនៃគម្រោងផ្ដួចផ្ដើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ (Black Sea Grain Initiative) ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិនិងប្រទេសតួកគីនៅក្នុងការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ទីផ្សារពិភពលោក។
បេសកជនសន្តិភាពរបស់សម្ដេចប៉ាប Francis នឹងជួបជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកក្នុងសប្ដាហ៍នេះនៅក្នុងផ្នែកមួយនៃគម្រោងផ្ដួចផ្ដើមសន្តិភាពរបស់រដ្ឋាភិបាលរបស់សម្ដេចប៉ាបសម្រាប់ប្រទេសអ៊ុយក្រែន។ សេតវិមាននិងបូរីវ៉ាទីកង់បានប្រកាសដូចនេះកាលពីថ្ងៃចន្ទ។
ដំណើរទស្សនកិច្ចការងាររបស់កាឌីណាល់ Matteo Zuppi នៅថ្ងៃអង្គារនេះនឹងបន្តរហូតដល់ថ្ងៃពុធ និងធ្វើឡើងបន្ទាប់ពីព្រះអង្គបានបំពេញបេសកកម្មកាលពីពេលថ្មីៗនេះទៅកាន់រដ្ឋធានីមូស្គូនៃប្រទេសរុស្ស៊ី និងទស្សនកិច្ចនៅមុននេះនៅក្នុងរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែន ដែលនៅទីនោះព្រះអង្គបានជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Karine Jean-Pierre បានបញ្ជាក់ថា លោក Biden នឹងជួបជាមួយនឹងកាឌីណាល់ Zuppi នៅថ្ងៃពុធដើម្បី «ពិភាក្សាអំពីការឈឺចាប់ជាទូទៅដែលបណ្ដាលមកពីសង្គ្រាមដ៏ឃោរឃៅរបស់រុស្ស៊ីនៅអ៊ុយក្រែន»។ លោកBiden និងកាឌីណាល់ Zuppi ក៏នឹង «ពិភាក្សាផងដែរអំពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងបូរីវ៉ាទីកង់ដើម្បីផ្ដល់ជំនួយមនុស្សធម៌ដល់អ្នកដែលរងផលប៉ះពាល់ និងអំពីការផ្ដោតរបស់បូរីវ៉ាទីកង់ក្នុងការធ្វើមាតុភូមិនិវត្តន៍កុមារអ៊ុយក្រែនដែលមន្ត្រីរុស្ស៊ីបាននាំចេញពីអ៊ុយក្រែនដោយបង្ខំ»៕
ប្រធានការិយាល័យអឺរ៉ុបខាងកើតរបស់ VOA អ្នកស្រី Myroslava Gongadze និងអ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។