វិមានក្រឹមឡាំងកាលពីថ្ងៃចន្ទ បានបដិសេធម្តងទៀតទៅនឹងការចោទប្រកាន់អំពីការចូលជ្រៀតជ្រែករបស់រុស្ស៊ីទៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៦ បើទោះបីជារដ្ឋអាជ្ញាពិសេសសហរដ្ឋអាមេរិក លោក Robert Mueller បានសន្និដ្ឋានថា រុស្ស៊ីបានចូលជ្រៀតជ្រែកក៏ដោយ ក៏ប៉ុន្តែលោកប្រធានាធិបតី Donald Trump និងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកមិនបានឃុបឃិតជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូ ដើម្បីជួយលោកឲ្យឈ្នះការបោះឆ្នោតនេះទេ។
អ្នកនាំពាក្យវិមានគ្រឹមឡាំងលោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានអំពីគោលជំហររបស់ប្រទេសរុស្ស៊ីចំពោះបញ្ហានេះ ដោយបាននិយាយថា ប្រទេសរបស់យើងមិនបានចូលជ្រៀតជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយនោះទេ រួមទាំងសហរដ្ឋអាមេរិកផងដែរ។
លោកបានថ្លែងបន្តទៀតថា៖ «នៅតែមានការចោទប្រកាន់មកលើប្រទេសរុស្ស៊ី អំពីការចូលជ្រៀតជ្រែកនេះ។ ដូចយើងធ្លាប់បាននិយាយពីមុនមកហើយថា នេះជាការចោទប្រកាន់គ្មានមូលដ្ឋាន។ វាមិនខុសពីការស្វែករកសត្វឆ្មាខ្មៅនៅក្នុងបន្ទប់ ដែលងងឹតនោះទេ គឺវាពិបាកណាស់ ហើយអ្វីដែលពិសេសនោះគឺថាគ្មានសត្វឆ្មានៅក្នុងបន្ទប់នោះទេ»។
ការស៊ើបអង្កេតរយៈពេល ២២ ខែ របស់លោក Mueller បានសន្និដ្ឋានថា ប្រទេសរុស្ស៊ីបានចូលក្លែងបន្លំព័ត៌មាននៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបានចូលលួច emails របស់លោកស្រី Hillary Clinton គូប្រជែងខាងគណបក្សប្រជាធិបតេយ្យ ប៉ុន្តែការស៊ើបអង្កេតមិនបានរកឃើញថា លោក Trump និងអ្នកធ្វើការឲ្យលោកបានឃុបឃិតជាមួយនឹងរដ្ឋាភិបាលក្រុងមូស្គូទេ៕