ទីមួយគឺយុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលលម្អៀងទៅរកបេក្ខជនខាងគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ និងបន្តុះបង្អាប់អ្នកស្រី Hillary Clinton ដែលជាគូប្រជែងរបស់លោក។ ទីពីរគឺការព្យាយាមលួចទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រអំពីអ្នកស្រី Clinton ដើម្បីចេញផ្សាយឯកសារដែលបានលួច។
ខណៈដែលលទ្ធផលនៃការស៊ើបអង្កេតនេះបានធ្វើឲ្យអតីតសមាជិកមួយចំនួននៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ សារភាពទទួលកំហុស ចំពោះបទឧក្រិដ្ឋហិរញ្ញវត្ថុនានានិងបទឧក្រិដ្ឋផ្សេងៗទៀត ការស៊ើបអង្កេតនេះមិនបានរកឃើញថា មន្ត្រីយុទ្ធនាការឃោសនាបោះឆ្នោតណាម្នាក់របស់លោក ត្រាំ បានឃុបឃិតជាមួយនឹងមន្ត្រីរុស្ស៊ីដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោតនោះឡើយ។
ក៏ប៉ុន្តែរបាយការណ៍នោះមិនបានបញ្ជាក់ថា លោកប្រធានាធិបតីមិនបានប្រព្រឹត្តខុសនោះទេ។
ស្នើឲ្យប្រធានាធិបតីផ្តល់សក្ខីកម្ម?
របាយការណ៍នោះបានរៀបរាប់លម្អិតអំពីសកម្មភាពរបស់លោកប្រធានាធិបតី ត្រាំ ទៅលើការស៊ើបអង្កេតរបស់ FBI និងរបស់លោករដ្ឋអាជ្ញាពិសេស ដែលលោក ត្រាំ តែងតែចាត់ទុកថាជាការ «មួលបង្កាច់»។ របាយការណ៍នេះក៏បានរៀបរាប់ហេតុផលផ្លូវច្បាប់អំពីថាតើសកម្មភាពរបស់លោក ត្រាំ គួរតែចាត់ទុកថាជាការរារាំងដល់ដំណើរការស៊ើបអង្កេតឬយ៉ាងណានោះ។
ក្រុមមេធាវីរបស់លោកប្រធានាធិបតីបានបដិសេធសំណើរបស់អ្នកស៊ើបអង្កេតក្នុងការសាកសួរលោកប្រធានាធិបតីដោយផ្ទាល់។ មេធាវីទាំងនោះត្រឹមតែយល់ព្រមឆ្លើយតបជាលាយលក្ខណ៍អក្សរទៅនឹងសំណួរនានាដែលផ្តល់ទៅតែប៉ុណ្ណោះ។
សូមទស្សនា៖ របាយការណ៍លោក Mueller ធ្វើឲ្យមានសំណួរជាច្រើនពីការរារាំងដំណើរការយុត្តិធម៌របស់លោកប្រធានាធិបតីត្រាំ
ក្រុមការងាររបស់លោករដ្ឋអាជ្ញាពិសេសបានសរសេរថា «យើងយល់ថាចម្លើយជាលាយលក្ខណ៍អក្សរទាំងនោះមិនគ្រប់គ្រាន់នោះទេ។ ប៉ុន្តែនៅពេលនោះ ការស៊ើបអង្កេតរបស់យើងបានដំណើរការទៅមុខយ៉ាងច្រើន ហើយបានភស្តុតាងជាដុំកំភួនសម្រាប់របាយការណ៍របស់យើង»។
ក្រុមការងារនោះបាននិយាយថា ជាជាងការបង្កើតឲ្យមានការតវ៉ាតាមផ្លូវច្បាប់មួយដែលមានរយៈពេលយូរដើម្បីបង្ខំឲ្យប្រធានាធិបតីផ្តល់សក្ខីកម្ម «យើងកំណត់ថា ព័ត៌មានក្រាស់ក្រែលដែលយើងទទួលបានពីប្រភពព័ត៌មានដទៃទៀតបានអនុញ្ញាតឲ្យយើងធ្វើការសន្និដ្ឋានទៅលើការពិតនានាអំពីគោលបំណងនិងការជឿជាក់បាន»។
ក្រៅពីបរិយាយលម្អិតអំពីសកម្មភាពរបស់លោកប្រធានាធិបតីនិងលទ្ធភាពនៃដំណើរការផ្លូវច្បាប់នានា របាយការណ៍នោះក៏បានច្រានចោលមិនធ្វើសេចក្តីសន្និដ្ឋានទៅលើថាតើលោកប្រធានាធិបតីបានប្រព្រឹត្តបទឧក្រិដ្ឋដែរឬយ៉ាងណាទេ។
ប៉ុន្តែរបាយការណ៍នោះបានលើកឡើងថា សភាគួរតែជាអ្នកកំណត់ទៅលើថាតើសកម្មភាពរបស់លោកប្រធានាធិបតីអាចឲ្យគេប្តឹងទម្លាក់ពីតំណែងបានដែរឬយ៉ាងណានោះ។
«សេចក្តីសន្និដ្ឋានដែលថាសភាប្រហែលជាអាចប្រើប្រាស់ច្បាប់រារាំងដំណើរការយុត្តិធម៌ទៅលើការប្រើប្រាស់អំណាចលើសដែនកំណត់របស់លោកប្រធានាធិបតីគឺស្របទៅនឹងប្រព័ន្ធធម្មនុញ្ញនៃការត្រួតពិនិត្យផ្ទៀតផ្ទាត់និងគោលការណ៍ដែលថា គ្មាននរណាម្នាក់នៅពីលើច្បាប់នោះទេ»។
ទំនាក់ទំនងរវាងរុស្ស៊ីនិងយុទ្ធនាការឃោសនាបោះឆ្នោតលោក ត្រាំ
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ពួកគេបានសន្និដ្ឋានថា រុស្ស៊ីជឿថា ខ្លួននឹងអាចទទួលបានអត្ថប្រយោជន៍ពីការកាន់តំណែងជាប្រធានាធិបតីរបស់លោក ត្រាំ ហើយយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ក៏ជឿថា ខ្លួនអាចទទួលបានផលប្រយោជន៍ពីកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការលួចយកទិន្នន័យពីប្រព័ន្ធកុំព្យូទ័រផងដែរ។ របាយការណ៍ដែលមានកម្រាស់ជាង១០០ទំព័រនោះបានរៀបរាប់លម្អិតពីទំនាក់ទំនងនិងជំនួបជាច្រើនរវាងមន្ត្រីនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ និងជនជាតិរុស្ស៊ីមួយចំនួន ដែលបានចាប់ផ្តើមធ្វើឡើងភ្លាមៗបន្ទាប់ពីលោក ត្រាំ ប្រកាសបេក្ខភាពឈរឈ្មោះប្រធានាធិបតីកាលពីខែ មិថុនា ឆ្នាំ២០១៥។
ទំនាក់ទំនងទាំងនោះមានដូចជាការពិភាក្សាអំពីជំនួញរបស់លោក ត្រាំ ដែលគ្រោងនឹងសាងសង់អគារខ្ពស់មួយនៅក្នុងទីក្រុងមូស្គូមុននឹងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកចាប់ផ្តើម ការទាក់ទងគ្នារវាងមន្ត្រីយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ជាមួយនឹងមន្ត្រីរុស្ស៊ី មុននឹងលោកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត ហើយនិងជំនួបកាលពីខែមិថុនា ឆ្នាំ២០១៦ នៅអគារ Trump Tower ដែលមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធនឹងរដ្ឋាភិបាលរុស្ស៊ីនិងមន្ត្រីកំពូលៗនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ផងដែរ។
របាយការណ៍នោះបានឲ្យដឹងថា «ទំនាក់ទំនងទាំងនោះរួមមានទាំងការស្នើរបស់រុស្ស៊ីក្នុងការជួយជ្រោមជ្រែងដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ផងដែរ។ ពេលខ្លះ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ មានបំណងពិចារណាអំពីយោបល់ទាំងនោះ ហើយពេលខ្លះទៀត មន្ត្រីយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ មិនទទួលយកយោបល់ទាំងនោះទេ»។
បន្ទាប់ពីលោក ត្រាំ បានឈ្នះការបោះឆ្នោត ក្រុមអ្នកស៊ើបអង្កេតបានពិនិត្យទៅលើជំនួបនានាដែលពាក់ព័ន្ធនឹងអតីតទីប្រឹក្សាសន្តិសុខជាតិ លោក Michael Flynn និងសម្ព័ន្ធមិត្តនានារបស់លោក ត្រាំ ដែលរួមមានលោក Steve Bannon និងលោក Erik Prince ផងដែរ។
ក្រុមអ្នកស៊ើបអង្កេតបានរៀបរាប់លម្អិតអំពីគោលបំណងសំខាន់នៃជំនួបទាំងនោះ ប៉ុន្តែពួកគេនិយាយថា មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីឈានដល់ការចោទប្រកាន់ពីបទឧក្រិដ្ឋនោះទេ។
របាយការណ៍ស៊ើបអង្កេតរបស់លោក Mueller បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់មន្ត្រីយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ណាម្នាក់ ថាជាភ្នាក់ងារក្រៅផ្លូវការរបស់រដ្ឋាភិបាលរុស្ស៊ីឬរបស់ស្ថាប័នរុស្ស៊ីណាមួយបានទេ»។
របាយការណ៍របស់លោក Mueller បញ្ជាក់១១ចំណុចទាក់ទិននឹងការរារាំងដំណើរការស៊ើបអង្កេត
របាយការណ៍នោះមិនបានផ្តល់ការលើកលែងដល់លោកប្រធានាធិបតីចំពោះការចោទប្រកាន់អំពីការរារាំងដល់ដំណើរការយុត្តិធម៌នោះទេ។
ជិតពាក់កណ្តាលនៃរបាយការណ៍នោះផ្តោតទៅលើសកម្មភាពរបស់លោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលនៃការស៊ើបអង្កេតនិងទៅលើថាតើលោក ត្រាំ បានប្រើប្រាស់អំណាចរបស់លោកហួសព្រំដែនដើម្បីព្យាយាមរារាំងដល់ការស៊ើបអង្កេតទៅលើយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកឬក៏យ៉ាងណានោះ។ របាយការណ៍នោះរៀបរាប់ចំណុចចំនួន១១ផ្សេងគ្នា ដែលក្នុងនោះរួមមានទាំងកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការរារាំងដល់ការស៊ើបអង្កេតរបស់លោករដ្ឋអាជ្ញាពិសេសនិងការបណ្តេញអតីតនាយក FBI លោក James Comey ចេញពីតំណែង ដែលបង្កឲ្យមានការចោទសួរជាសំណួរផ្លូវច្បាប់អំពីសកម្មភាពរបស់លោកប្រធានាធិបតីផងដែរ។
«ភស្តុតាងដែលយើងទទួលបានអំពីសកម្មភាពនិងបំណងរបស់លោកប្រធានាធិបតីបង្ហាញពីបញ្ហាលំបាកនានាដែលរារាំងមិនឲ្យយើងធ្វើការកំណត់ដោយគ្មានមន្ទិលសង្ស័យថា គ្មានការប្រព្រឹត្តបទឧក្រិដ្ឋបានកើតឡើងនោះទេ។ ទោះជារបាយការណ៍នេះមិនបានសន្និដ្ឋានថា លោកប្រធានាធិបតីបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មក៏ពិតមែន ប៉ុន្តែវាមិនបានបញ្ជាក់ថា លោកប្រធានាធិបតីរួចខ្លួននោះដែរ។
ចំណុចទាំង១១នៃរបាយការណ៍ស៊ើបអង្កេតនោះក៏រួមមានផងដែរនូវការណ៍ដែលលោកប្រធានាធិបតីស្នើឲ្យអ្នកនៅក្រោមបង្គាប់ចាត់វិធានការដកលោករដ្ឋអាជ្ញាពិសេសចេញពីតំណែងនិងដឹកនាំជំនួយការរបស់លោកឲ្យចាត់វិធានការដើម្បីទប់ស្កាត់ការបញ្ចេញភស្តុតាងជាសាធារណៈផងដែរ។ ក្រៅពីនោះក៏មានការលើកឡើងជាសាធារណៈនានារបស់លោកប្រធានាធិបតីអំពីសមាជិកក្រុមការងាររបស់លោកដែលស្ថិតនៅក្រោមការស៊ើបអង្កេតផងដែរ។
របាយការណ៍ស៊ើបអង្កេតរបស់លោក Mueller បានឲ្យដឹងថា សកម្មភាពរបស់លោកប្រធានាធិបតីរួមមានទាំង«ការវាយប្រហារជាសាធារណៈទៅលើការស៊ើបអង្កេត កិច្ចខិតខំប្រឹងប្រែងលក្ខណៈឯកជនដើម្បីត្រួតត្រាការស៊ើបអង្កេតនោះ និងកិច្ចខិតខំប្រឹងប្រែងជាសាធារណៈនិងឯកជន ដើម្បីលើកទឹកចិត្តដល់សាក្សីកុំឲ្យសហការជាមួយនឹងដំណើរការស៊ើបអង្កេតនោះ»៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្តា