ប្រទេសរុស្ស៊ីបានអំពាវនាវកាលពីថ្ងៃអង្គារម្សិលមិញឲ្យសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ឈានជំហានទៅវិញទៅមក និងសម្របសម្រួលគ្នាវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ ស្របពេលដែលប្រទេសហត្ថលេខីនានានៃកិច្ចព្រមព្រៀងនេះកំពុងធ្វើការដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនេះ។
កិច្ចព្រមព្រៀងនេះត្រូវបានជាប់គាំងតាំងពីពេលដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ ២០១៨ មក និងដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថា៖ «ដើម្បីដោះសា្រយកិច្ចការបន្ទាន់នេះ យើងជឿថា វាអាចទៅរួចទាំងស្រុងដែលប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិកឈានជំហានក្នុងពេលដំណាលគ្នា»។
លោក Lavrov បានប្រាប់អ្នកកាសែតក្នុងអំឡុងពេលធ្វើទស្សនកិច្ចក្នុងទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉េតអារ៉ាប់រួមថា៖ «ប្រសិនបើយើងមានចេតនាទុកឲ្យភាគីណាមួយធ្វើចំណាត់ការមុនក្នុងការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀង នោះការចរចាបែបនេះនឹងនៅបន្តរហូតគ្មានពេលបញ្ចប់»។
ក្រោយពីលោក Joe Biden បានឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកមក រដ្ឋាភិបាលអាមេរិក រដ្ឋាភិបាលអ៊ីរ៉ង់ និងភាគីអឺរ៉ុបនៃកិច្ចព្រមព្រៀងនេះ ដែលរួមមានប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានព្យាយាមស្រោចស្រង់កិច្ចព្រមព្រៀងនេះឡើងវិញ។
សហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោក Biden ចង់ឲ្យអ៊ីរ៉ង់ត្រឡប់មកគោរពតាមកិច្ចព្រមព្រៀងនេះមុន ចំណែកឯអ៊ីរ៉ង់វិញទាមទារឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនលុបចោលទណ្ឌកម្មជាមុន៕