ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ថា ខ្លួន​ប្រុងប្រៀប​ហើយ​ដើម្បី​ចរចា​ជាមួយ​អ៊ីរ៉ង់​អំពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ


រូបឯកសារ៖ អ្នកសារព័ត៌មាន និង​ក្រុមមន្រ្តី មើល​គ្រឿងចក្រ​ផលិតសារធាតុនុយក្លែអ៊ែរនៅទីក្រុង Arak ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ អ្នកសារព័ត៌មាន និង​ក្រុមមន្រ្តី មើល​គ្រឿងចក្រ​ផលិតសារធាតុនុយក្លែអ៊ែរនៅទីក្រុង Arak ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។

សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​បញ្ជាក់​ថា ខ្លួន​បាន​ប្រុងប្រៀប​ហើយ​ដើម្បី​ចរចា​ជាមួយ​អ៊ីរ៉ង់​អំពី​ការ​វិលត្រឡប់​របស់​ប្រទេស​ទាំង​២​ទៅ​កាន់​កិច្ច​ព្រមព្រៀង​ឆ្នាំ​២០១៥​ ដែល​រារាំង​រដ្ឋាភិបាល​ក្រុងតេហេរ៉ង់ ​មិន​ឲ្យ​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ។ ការ​ប្រកាស​នេះ​ដើម្បី​ធ្វើ​ឲ្យ​មាន​ឡើង​វិញ​នូវកិច្ចព្រមព្រៀង​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ខ្លួន​ឯង បាន​បោះបង់​ចោល​អស់​រយៈពេល​ជិត​៣ឆ្នាំ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ចំណាត់ការ​នេះ​ឆ្លុះបញ្ចាំង​ពីការ​ផ្លាស់ប្តូរ​នៅ​ក្នុង​រដ្ឋបាល​អាមេរិក ដោយ​រដ្ឋមន្ត្រី​ការបរទេស​លោក Antony Blinken បាន​បញ្ជាក់​ពី​គោលជំហរ​របស់​លោក​ប្រធានាធិបតី Joe Biden ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នឹង​វិលត្រឡប់​ទៅ​កាន់​កិច្ចព្រមព្រៀង​នេះ​វិញ ប្រសិន​បើ​អ៊ីរ៉ង់​ចូលរួម​អនុវត្ត​កិច្ចព្រមព្រៀង​នោះ​ពេញ​លេញ។

អ៊ីរ៉ង់​មិន​បានប្រតិកម្ម​សាទរ​អ្វី​ទេ ចំពោះសំណើ​ដែល​បាន​ស្នើ​ឡើង​ដោយ​លោក Blinken ក្នុង​អំឡុងពេល​នៃ​ជំនួប​តាម​វីដេអូ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស បារាំង​ និង​អាល្លឺម៉ង់ ដែល​បាន​ធ្វើ​ការ​ប្រជុំ​នៅ​ក្នុង​ទីក្រុង​ប៉ារីស។

អ៊ីរ៉ង់​បាន​ចាប់ផ្តើម​រំលោភ​កិច្ចព្រមព្រៀងនេះ​ នៅ​ឆ្នាំ​២០១៩ ប្រហែល​មួយ​ឆ្នាំ​បន្ទាប់​ពី​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ដកខ្លួន​ ហើយ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចរបស់​អាមេរិក​ឡើងវិញ​លើ​អ៊ីរ៉ង់។ ​អ៊ីរ៉ង់​ បាន​បង្កើន​ការរំលោភ​បំពាន​របស់​ខ្លួន​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗនេះ។

ក្នុង​រឿង​ទាក់ទង​គ្នា​នេះ​ដែរ ទី​ភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា រដ្ឋបាល​លោក Biden នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ប្រកាស​ដក​វិញ​នូវ​ទណ្ឌកម្ម​សេដ្ឋកិច្ចលើ​ប្រទេស​អ៊ីរ៉ង់​ក្រោម​ក្របខណ្ឌ​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​បាន​ដាក់​ក្រោម​រដ្ឋបាលលោក Trump។ ការ​ប្រកាស​នេះ​ អាច​ជួយ​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ចូលរួម​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥​ វិញ៕

XS
SM
MD
LG