ប្រទេសអ៊ីរ៉ង់និយាយថា ខ្លួនបានចាប់ផ្តើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់២០% ដែលជាជំហានចុងក្រោយរបស់ខ្លួន ផ្ទុយពីកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ ដែលបានកំហិតកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ ជាថ្នូរនឹងការដកចេញទណ្ឌកម្មផ្សេងៗ។
សារព័ត៌មានក្នុងស្រុករបស់អ៊ីរ៉ង់ បានដកស្រង់សម្តីរបស់អ្នកនាំពាក្យរដ្ឋាភិបាលលោក Ali Rabiei ដោយនិយាយថា ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្នុងកម្រិតខ្ពស់មួយ ត្រូវបានចាប់ផ្តើមឡើងកាលពីថ្ងៃចន្ទ នៅក្នុងរោងចក្រ Fordo ដែលស្ថិតក្នុងរូងភ្នំ។
ក្នុងពេលកន្លងទៅ អ៊ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់ត្រឹមកម្រិតប្រមាណ៤,៥% តែប៉ុណ្ណោះ។
ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ក្នុងចំនួនដ៏ច្រើននេះ បានបង្កឲ្យមានក្តីបារម្ភថាអ៊ីរ៉ង់អាចនឹងផលិតអាវុធនុយក្លេអ៊ែរ ដែលតម្រូវឲ្យមានសារធាតុអ៊ុយរ៉ាញ៉ូម ប្រមាណ៩០%។ ប្រទេសអ៊ីរ៉ង់ធ្លាប់បាននិយាយជាច្រើនឆ្នាំមកហើយថា ខ្លួនគ្មានបំណងផលិតអាវុធនុយក្លេអ៊ែរទេ ហើយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួននេះ គឺសម្រាប់ប្រើប្រាស់ក្នុងគោលបំណងសន្តិភាពតែប៉ុណ្ណោះ។
សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងឆ្នាំ២០១៨ និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាពិសេសផ្តោតទៅលើវិស័យផលិតប្រេងដ៏សំខាន់របស់អ៊ីរ៉ង់។
ប្រធានាធិបតីជាប់ឆ្នោតថ្មីសហរដ្ឋអាមេរិក លោក Joe Biden លើកឡើងថាលោកមានបំណងនឹងចូលរួម ក្នុងកិច្ចព្រមព្រៀងនោះឡើងវិញ ប្រសិនបើអ៊ីរ៉ង់ងាកត្រឡប់មកអនុវត្តតាម៕