ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​នឹង​វាយ​តម្លៃ​លោក Trump លើ​«សកម្មភាព»​របស់​លោក​ ជាពិសេស​ទាក់ទង​ការ​គាំទ្រ​សម្រាប់​អ៊ុយក្រែន


រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin និយាយ​ជាមួយ​អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​នៃ​ថ្នាក់​ដឹកនាំ​ប្រទេស​ដែល​ជា​សមាជិក​នៃ​រដ្ឋ​ឯករាជ្យ នៅ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin និយាយ​ជាមួយ​អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​នៃ​ថ្នាក់​ដឹកនាំ​ប្រទេស​ដែល​ជា​សមាជិក​នៃ​រដ្ឋ​ឯករាជ្យ នៅ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

រដ្ឋាភិបាល​ក្រុង​មូស្គូ​នឹង​វាយ​តម្លៃ​លោក Donald Trump លើ​«សកម្មភាព»​របស់​លោក​ ជា​ពិសេស​ទាក់ទង​នឹង​ការ​កាត់​បន្ថយ​ការ​គាំទ្រ​របស់​អាមេរិក​សម្រាប់​អ៊ុយក្រែន។ នេះ​ជា​ក្តី​សង្ឃឹម​ដែល​ជនជាតិ​រុស្ស៊ី​មួយ​ចំនួនមាន​កាល​ពី​ថ្ងៃពុធ បន្ទាប់​ពី​ជ័យជម្នះ​ការ​បោះឆ្នោត​របស់​មហា​សេដ្ឋី​រូបនេះ។

អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​កត់​សម្គាល់​ថា៖ «យើង​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា សហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​ជំហរមួយ​ដើម្បី​បញ្ចប់​ជម្លោះ​នេះ» ហើយ​លោក Donald Trump នឹង​ត្រូវ​បាន​វាយតម្លៃ​ «លើ​សកម្មភាព​ជាក់ស្តែង»។

លោក Dmitry Peskov បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ជា​អ្នក​ដែល​កំពុង​តែ​«បញ្ឆេះ​ជម្លោះ​នេះ» ដោយសារ​តែ​ខ្លួន​បាន​ផ្គត់ផ្គង់​សព្វាវុធ និង​លុយកាក់​ដល់​អ៊ុយក្រែន ចាប់​តាំង​ពី​រុស្ស៊ី​បាន​បើក​ការ​វាយប្រហារ​លើ​ប្រទេសជិត​ខាង​នេះ កាល​ពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក Joe Biden គឺ​ជាអ្នកគាំទ្រ​ដ៏សំខាន់​របស់​អ៊ុយក្រែន ជា​ពិសេស​តាម​រយៈ​ការផ្តល់​អាវុធ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​អនុញ្ញាត​ឱ្យ​អ៊ុយក្រែយ​មាន​សមត្ថភាព​ទប់ទល់​នឹង​កងទ័ព​រុស្ស៊ី​ដ៏​មាន​ឥទ្ធិពល​ជាង​ខ្លួន។

ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​បោះឆ្នោត លោក Donald Trump បាន​បរិហារ​ឥត​ឈប់ឈរ​នូវ​ការ​ចំណាយដ៏​ច្រើនដែល​ទីក្រុង​វ៉ាស៊ីនតោន​បាន​បញ្ចេញ ហើយ​លោក​បាន​សន្យា​ថា​នឹង​ដាក់​ឱ្យ​មាន​សន្តិភាព​«ក្នុង​រយៈ​ពេល​២៤ម៉ោង» ដើម្បី​បញ្ចប់​ការប្រយុទ្ធគ្នា ដែល​ចាប់​ផ្តើមដោយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ។

អធិការបតី​អឺរ៉ុប និង​ប្រទេស​អ៊ុយក្រែន​បារម្ភ​ថា លោក Donald Trump នឹង​បង្ខំ​រដ្ឋាភិបាល​ក្រុង​កៀវ ឱ្យ​ចរចា​ជាមួយ​រុស្ស៊ី លើ​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​រដ្ឋាភិបាល​ក្រុងមូស្គូ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG