ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​រិះគន់​ខ្លាំងៗ​លើ​ផែនការ​លោក Trump សម្រាប់​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល «Star Wars»


អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​អ្នកស្រី Maria Zakharova ចូលរួម​សន្និសីទកាសែត​កាលពីថ្ងៃទី​១៤ មករា ឆ្នាំ២០២៥។
អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​អ្នកស្រី Maria Zakharova ចូលរួម​សន្និសីទកាសែត​កាលពីថ្ងៃទី​១៤ មករា ឆ្នាំ២០២៥។

កាលពី​ថ្ងៃ​សុក្រ រុស្ស៊ី​បាន​រិះគន់​ផែនការ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​ដូច​ផែនការ «Star Wars» សម្រាប់​សហរដ្ឋ​អាមេរិក ដោយ​បាន​បញ្ជាក់​ថា​ប្រព័ន្ធ​នេះ​អាច​ប្រែក្លាយ​លំហ​អាកាស​ឲ្យ​ទៅ​ជា​តំបន់ «ប្រឈម​មុខ​ដាក់​គ្នា»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ក្នុង​ក្រឹត្យ​មួយ​ចេញ​កាលពី​ថ្ងៃ​ចន្ទ លោក Trump បាន​បង្គាប់​ឲ្យ​បង្កើត «ប្រព័ន្ធ​ការពារ​មីស៊ីល​សម្រាប់​អាមេរិក (Iron Dome for America)» ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​នៃ​មីស៊ីល​ផ្លោង​និង​មីស៊ីល​លឿន​ជាង​សំឡេង ដោយ​ធ្វើឲ្យ​មាន​ឡើងវិញ​នូវ​ផ្នែក​ខ្លះ​នៃ​ផែនការ​ដ៏​ចម្រូងចម្រាស​ក្នុង​សម័យ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក Ronald Reagan ដែល​គេ​ហៅ​ឈ្មោះ​ក្រៅ​ថា «Star Wars»។ ផែនការ​នេះ​នឹង​ដាក់​ប្រព័ន្ធ​ចាប់​មីស៊ីល​ក្នុង​អវកាស។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​អ្នកស្រី Maria Zakharova បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា៖ «យើង​ចាត់ទុក​នេះ​ថា​ជា​ការ​បញ្ជាក់​ម្តងទៀត​នៃ​ចេតនា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ប្រែក្លាយ​អវកាស​ឲ្យ​ទៅជា​តំបន់​ប្រឈម​មុខ​ដាក់គ្នា​ខាង​សព្វាវុធ​និង​ក្នុង​ការ​ដាក់​ពង្រាយ​អាវុធ​នៅ​ទីនោះ»។

អ្នកស្រី Zakharova ថា​ផែនការ​នេះ​នឹង​ពង្រីក​ប្រព័ន្ធ​ទប់ស្កាត់​មីស៊ីល​របស់​អាមេរិក​ឲ្យ​ដល់​កម្រិត​មួយ​ដែល «ប្រហាក់​ប្រហែល​នឹង​ផែនការ Star Wars របស់​លោក Reagan ដែរ» ដែល​អ្នកស្រី​ហៅ​ថា «គួរឲ្យ​ខ្ពើម​រអើម»។

អ្នកស្រី Zakharova បាន​បញ្ជាក់​បន្ត​ថា វិធានការ​នេះ​មាន​គោលបំណង​ចម្បង​ក្នុងការ «ធ្វើ​ឲ្យ​ធ្លាក់​គុណតម្លៃ​សមត្ថភាព​កម្លា​រារាំង​បែប​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​និង​ចិន»។

អ្នកស្រី​ថ្លែង​ថា៖ «និយាយ​ឲ្យ​ត្រង់ វិធីសាស្ត្រ​របស់​អាមេរិក​នេះ​នឹង​មិន​រួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​តានតឹង​នោះទេ»។

ប្រព័ន្ធ​ការពារ​មីស៊ីល​ដែល​ហៅ​ថា «Iron Dome» ក្នុង​ក្រឹត្យ​របស់​លោក Trump នេះ​សំដៅ​ដល់​ប្រព័ន្ធ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែល​អ៊ីស្រាអែល​ប្រើ​ដើម្បី​បាញ់​ទម្លាក់​រ៉ុក្កែត​ចង្ងាយ​ជិត៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG