ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសបេឡារុសដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសរុស្ស៊ី ស្របពេលដែលកងទ័ពរបស់លោកបន្តធ្វើយុទ្ធនាការទម្លាក់គ្រាប់ផ្លោងនិងមីស៊ីលលើប្រទេសអ៊ុយក្រែននៅក្នុងសង្គ្រាមដែលអូសបន្លាយជិត ១០ ខែកន្លងមក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ទស្សនកិច្ចរបស់លោក Putin ទៅកាន់រដ្ឋធានីមីនស្កិ៍នេះបានធ្វើឡើងក្នុងពេលប៉ុន្មានម៉ោងបន្ទាប់ពីមានការវាយប្រហារថ្មីចុងក្រោយបង្អស់ដោយដ្រូនរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ រុស្ស៊ីបានវាយប្រហារសំដៅលើបណ្ដាញថាមពលរបស់អ៊ុយក្រែនតាំងពីខែតុលាមក ដែលនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីធ្វើឱ្យប្រទេសអ៊ុយក្រែនគ្មានកម្ដៅនិងថាមពលសម្រាប់ប្រើប្រាស់នៅក្នុងរដូវរងា។
ទស្សនកិច្ចរយៈពេលខ្លីរបស់លោក Putin នេះអាចជាសញ្ញាប្រាប់ឱ្យដឹងជាមុនថានឹងមានការផ្គត់ផ្គង់យោធាបន្ថែមទៀតដល់ការធ្វើសង្គ្រាមរបស់រុស្ស៊ី បន្ទាប់ពីប្រទេសបេឡារុសបានផ្ដល់ឱ្យរុស្ស៊ីនូវទម្របាញ់រ៉ុក្កែតសម្រាប់ការឈ្លានពានប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈមក។
លោក Putin បាននិយាយថា លោកនិងប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានពិភាក្សាអំពីការបង្កើតនូវ «លំហការពារតែមួយ» នៅក្នុងតំបន់ ប៉ុន្តែបានច្រានចោលនូវការអះអាងដែលថារដ្ឋាភិបាលរុស្ស៊ីត្រៀមលេបទឹកដីប្រទេសបេឡារុស។
លោក Putin បញ្ជាក់ដូច្នេះថា៖ «ប្រទេសរុស្ស៊ីគ្មានចំណាប់អារម្មណ៍លើការបញ្ចូលទឹកដីណាមួយទេ។ វាមិនអាចទៅរួចនោះឡើយ»។
លោក Putin បាននិយាយថា លោកគាំទ្រសំណើរបស់លោក Lukashenko នៅក្នុងការបណ្ដុះបណ្ដាលអាកាសយានិកយន្តហោះចម្បាំងបេឡារុស ដែលយន្តហោះទាំងនោះត្រូវបានច្នៃឱ្យអាចបំពាក់ក្បាលគ្រាប់ពិសេសបាន ដែលនេះចង់សំដៅលើអាវុធនុយក្លេអ៊ែរ។
អ្នកវិភាគនានាបាននិយាយថា រដ្ឋាភិបាលរុស្ស៊ីប្រហែលជាស្វែងរកការគាំទ្រផ្នែកយោធាពីប្រទេសបេឡារុសសម្រាប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែ ដោយសារធាតុអាកាសនៅក្នុងរដូវរងានេះនិងធនធានថយចុះរបស់រុស្ស៊ី រុស្ស៊ីប្រហែលជានឹងមិនធ្វើការវាយប្រហារធំដុំណាមួយក្នុងពេលឆាប់ៗខាងមុខនេះទេ។ នេះបើយោងតាមវិទ្យាស្ថានសម្រាប់ការសិក្សាពីសង្គ្រាម (Institute for the Study of War) ដែលជាអង្គការស្រាវជ្រាវគោលនយោបាយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕
លោក Putin ធ្វើទស្សនកិច្ចនៅបេឡារុស ដោយសម្លឹងមើលជំហានបន្ទាប់សម្រាប់សង្គ្រាមនៅអ៊ុយក្រែន
រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន —