ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​អ៊ុយក្រែន​ថា ​រុស្ស៊ី​បន្ត​វាយ​ប្រហារ​លើ​ទីក្រុង Bakhmut


រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​បន្ទាប់ពីការប្រយុទ្ធ​នៅ​ក្បែរ​ទីក្រុង Bakhmut
រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​បន្ទាប់ពីការប្រយុទ្ធ​នៅ​ក្បែរ​ទីក្រុង Bakhmut

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធនេះ​ថា ​ទាហានរុស្ស៊ី​បាន​បន្ត​ដាក់​សម្ពាធ​លើ​ទីក្រុង Bakhmut នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ពេល​ពេញ​មួយ​ថ្ងៃ​កន្លង​មក​នេះ។ ស្រប​ពេល​នោះ​ដែរ រុស្ស៊ី​បាន​បាញ់​ផ្លោង​ដាក់​លើ​គោលដៅ​ស៊ីវិល​នានា​នៅ​ភាគ​ខាង​ត្បូង ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​បាន​ធ្វើ​ការ​វាយ​ប្រហារ​ខ្លាំងក្លា​តាម​អាកាស​លើ​ទីក្រុង​កៀវ​និង​ទីក្រុង​ផ្សេងៗ​ទៀត​របស់​អ៊ុយក្រែន។

កងទ័ព​រុស្ស៊ី​បាន​វាយ​ប្រហារ ​៥៥ ​ដង​លើ​គោលដៅ​នានា​របស់​អ៊ុយក្រែន​នៅ​ក្នុង​ទីក្រុង Bakhmut ក្នុង​ពេល​មួយ​ថ្ងៃ​កន្លង​មក​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អគ្គសេនាធិការ​កងទ័ព​អ៊ុយក្រែន​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ​ដោយ​បាន​បន្ថែម​ថា ​ការ​ប្រយុទ្ធ​ខ្លាំងក្លា​បំផុត​នៅ​បន្ត​ធ្វើ​ឡើង​នៅ​សមរភូមិ​ជួរ​មុខ Bakhmut-Avdiyivka-Maryinka ដែល​ជា​ចំណុច​កណ្ដាល​នៃ​ការ​វាយ​រុល​ចូល​របស់​យោធា​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​ថា រុស្ស៊ី​បាន​វាយ​ប្រហារ​សំដៅ​លើ​ទាំង​គោលដៅ​យោធា​និង​គោលដៅ​ស៊ីវិល​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​ចំនួន ៥៧ ​ដង​និង​ការ​បាញ់​កាំភ្លើង​ធំ​ផ្ទួនៗ​គ្នា​ចំនួន​ ៩៦ គ្រាប់​ចេញ​ពី​ប្រព័ន្ធ​រ៉ុក្កែត​នៅ​ក្នុង​រយៈពេល​ដូច​គ្នា​នេះ​ដែរ។ យោធា​អ៊ុយក្រែន​បាន​បន្ថែម​ថា ​កង​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​ដ្រូន​វាយ​ប្រហារ​ដែល​ធ្វើ​នៅ​អ៊ីរ៉ង់​ចំនួន​១០​គ្រឿង ​និង​ដ្រូន​ឈ្លប​យកការណ៍​ចំនួន​៦​គ្រឿង។

ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​ឈ្មោះ​ថា Patriot ដែល​ត្រូវ​បាន​កងទ័ព​អ៊ុយក្រែន​ប្រើ ​ទំនង​ជា​រង​ការ​ខូចខាត​ខ្លះពី​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សហរដ្ឋ​អាមេរិក​២​រូប​កាលពី​ថ្ងៃ​អង្គារ។ មន្ត្រី​ទាំង​២​រូប​នោះ​បាន​បន្ថែម​ថា ​ប្រព័ន្ធ​នេះ​ហាក់​មិន​រង​ការ​បំផ្លាញ​នោះ​ទេ។

ខែល​ការពារ​ដែន​អាកាស​ Patriot ​នេះ​គឺ​ជា​ប្រព័ន្ធ​មួយ​ក្នុង​ចំណោម​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដ៏​ទំនើប​នានា​ដែល​ក្រុម​បស្ចិម​ប្រទេស​ផ្គត់ផ្គង់​ដល់​អ៊ុយក្រែន​ដើម្បី​ជួយ​អ៊ុយក្រែន​ទប់ទល់​នឹង​យុទ្ធនាការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី ​ដែល​បាន​សំដៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ រោងចក្រ​អគ្គិសនី​ និង​កន្លែង​ផ្សេងៗ​ទៀត។

មន្ត្រី​សហរដ្ឋ​អាមេរិក​មួយ​រូប​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​និង​យោង​លើ​ព័ត៌មាន​ដំបូងៗ ​បាន​និយាយ​ថា ​រដ្ឋាភិបាល​អាមេរិក​និង​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ពិភាក្សា​គ្នា​រួច​ហើយ​អំពី​វិធី​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ការ​ជួសជុស​ប្រព័ន្ធ ​Patriot ​នេះ៕

XS
SM
MD
LG