ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​អង្គការ​អូតង់​ថា​ កងទ័ព​អ៊ុយក្រែន​កំពុង​រុលទៅ​មុខ​សន្សឹមៗ​ក្នុង​ការ​ប្រយុទ្ធ​​របស់​ខ្លួន​


អគ្គលេខាធិការ​អង្គការ​អូតង់​លោក​ Jens Stoltenberg​ និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣។
អគ្គលេខាធិការ​អង្គការ​អូតង់​លោក​ Jens Stoltenberg​ និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣។

អគ្គលេខាធិការ​អង្គការ​អូតង់​លោក​ Jens Stoltenberg​ បាន​និយាយ​នៅ​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​ថា​ កងកម្លាំង​អ៊ុយក្រែន​កំពុង​រុលទៅ​មុខ​សន្សឹមៗ​ ​នៅ​ចំពោះ​មុខ​នៃ​ការ​ប្រយុទ្ធ​ដ៏​ខ្លាំង​ក្លា​របស់​ខ្លួន​ប្រឆាំង​នឹង​កងទ័ព​រុស្ស៊ី ហើយ​លោក​បានជំរុញ​ដល់​ក្រុម​សម្ព័ន្ធមិត្តទាំង​អស់ឱ្យ​ផ្តល់​ជំនួយ​ បង្កើន​ការ​ផលិត​ឧបករណ៍​ការពារ​ជាតិ​ និង​បង្កើន​ការ​ផ្តល់​អាវុធ​យុទ្ធភណ្ឌ​ដល់​ប្រទេស​អ៊ុយក្រែន​បន្ថែម​ទៀត។

ថ្លែង​ជា​មួយ​ប្រធានាធិបតីអ៊ុយក្រែន​លោក​ Volodymyr Zelenskyy​ លោក​ Stoltenberg បាន​និយាយ​ថា ​អង្គការ​អូតង់មានក្របខណ្ឌ​កិច្ចសន្សាក្នុង​ការផ្តល់គ្រាប់រំសេវសំខាន់ៗ​ដល់​ប្រទេស​អ៊ុយក្រែន​ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ ២ពាន់ ៥រយ លាន​ដុល្លារ​អាមេរិក។​

លោក Stoltenberg បន្ថែម​ទៀត​ថា នេះ​ជា​ផលប្រយោជន៍​របស់​អង្គការ​អូតង់​ ក្នុង​ការ​ផ្តល់​ដល់​អ៊ុយក្រែន​នូវ​អ្វីដែល​ខ្លួន​ត្រូវ​ការ​ ដើម្បី​ឈ្នះ​សង្គ្រាម​នឹងរុស្ស៊ី។

ដោយ​ឡែក​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ឯណោះ​វិញ​ ខណៈពេល​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ អាច​នឹង​ត្រូវ​បិទទ្វារក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ​កិច្ចប្រឹងប្រែង​ផ្តល់​ជំនួយ​របស់​អាមេរិក​ទៅ​កាន់​អ៊ុយក្រែន​អាច​មាន​ការ​រអាក់រអួល។ នេះបើ​តាម​ការបញ្ជាក់​ឱ្យ​ដឹង​របស់អ្នកស្រី​ Sabrina Singh​ អ្នក​នាំពាក្យ​រងក្រសួង​ការពារជាតិសហរដ្ឋអាមេរិក។

អ្នកនាំពាក្យ​រង​ក្រសួងការពារ​ជាតិ​អាមេរិក​រូប​នេះ​និយាយ​ថា​ អ្នក​ដែល​ប៉ះពាល់​ដោយ​ការ​បិទ​រដ្ឋាភិបាល​អាមេរិក​ រួម​មានមន្ត្រី​ស៊ីវិល​ក្រសួង​ការពារជាតិអាមេរិក​ ដែល​ពាក់ព័ន្ធ​នឹង​ការ​បណ្តុះបណ្តាល​ភាសារ​អង់គ្លេស ដល់​ក្រុម​អ្នក​បើកបរ​យន្តហោះ​ប្រយុទ្ធ F-16 ​របស់​អ៊ុយក្រែន​ ដូច​នេះបើ​មាន​ការ​បិទ​រដ្ឋាភិបាល​អាមេរិក​មែន​នោះ​ ​នឹង​អាច​មាន​ការ​ប៉ះពាល់​ដល់​ការ​បណ្តុះបណ្តាល​នេះ។ អ្នកស្រីបន្ថែម​ទៀត​ថា​ «មក​ដល់​ពេលនេះ​ ខ្ញុំ​មិនមាន​អ្វី​លម្អិត​ជាង​នេះ​ដើម្បី​ប្រាប់​នោះ​ឡើយ»។

ទន្ទឹម​នឹង​នេះ​ដែរ​ ប្រទេស​បារាំង​បាន​សន្យាបន្ត​ការ​គាំទ្រ​របស់​ខ្លួន​ដល់​ប្រទេស​អ៊ុយក្រែន​ ហើយ​ប្រទេស​ទាំង​ពីរ​កំពុង​ជួប​ពិភាក្សា​គ្នា​ ដើម្បីរក្សា​ការផ្តល់​អាវុធ​ដល់​រដ្ឋាភិបាលអ៊ុយក្រែន។ ​

គេ​នៅ​មិន​ទាន់​ឃើញ​មាន​សេចក្តី​លម្អិត​ណា​មួយ​ អំពី​អាវុធ​ដែល​បារាំង​មាន​គម្រោងនឹង​ផ្តល់ដល់អ៊ុយក្រែន​នោះ​នៅ​ឡើយ៕

លោក Jeff Seldin អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​សន្តិសុខ​ជាតិ​របស់ VOA ចូលរួម​ចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ។ ព័ត៌មាន​មួយ​ចំនួន​ត្រូវ​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press, Agence France-Presse និង Reuters ។

XS
SM
MD
LG