មន្ត្រីអ៊ុយក្រែន និងមន្ត្រីរុស្ស៊ីបានផ្តល់ព័ត៌មានខុសគ្នានៅថ្ងៃអង្គារនេះអំពីការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងតំបន់ Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន។
យោងតាមភាគីអ៊ុយក្រែន គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយរបស់ខ្លួនបានវាយប្រហារឃ្លាំងរំសេវរបស់រុស្ស៊ីនៅ Nova Kakhovka ដោយបានសម្លាប់ទាហានរុស្ស៊ីចំនួន ៥២នាក់។ រុស្ស៊ីបាននិយាយថា ផ្ទុយទៅវិញការវាយប្រហាររបស់អ៊ុយក្រែនចំហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
នៅថ្ងៃអង្គារនេះផងដែរ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយថា កងកម្លាំងរុស្ស៊ីបានបន្តបង្កើត «កំណើនការកាន់កាប់ទឹកដី»នៅក្នុងខេត្ត Donetsk ដែលជាតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ជាកន្លែងដែលរុស្ស៊ីបានផ្តោតការខិតខំប្រឹងប្រែងវាយប្រហាររបស់ខ្លួន។ សេចក្តីថ្លែងការណ៍របស់អង់គ្លេសបាននិយាយថា រុស្ស៊ីទំនងជាកំពុងរក្សាសម្ពាធលើកងកម្លាំងអ៊ុយក្រែន ខណៈពេលដែល«រុស្ស៊ីរៀបចំក្រុម និងកម្លាំងឡើងវិញ»សម្រាប់ការវាយលុកបន្ថែមទៀតនាពេលខាងមុខឆាប់ៗនេះ។
មន្ត្រីនានានៅទីក្រុង Chasiv Yarខេត្ត Donetsk បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីលើអគារផ្ទះល្វែងមួយបានកើនឡើងដល់៣៤នាក់ ដោយមនុស្ស៩នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពពីគំនរបាក់បែក។ អគារផ្ទះល្វែងកម្ពស់ប្រាំជាន់នេះត្រូវបានកម្ទេចដោយការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃសៅរ៍។
ទីក្រុង Chasiv Yar ស្ថិតនៅចម្ងាយប្រហែល២០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Kramatorsk ដែលជាទីក្រុងដែលគេរំពឹងថា ជាគោលដៅវាយប្រហារសំខាន់របស់កងកម្លាំងរុស្ស៊ី នៅពេលពួកគេរុញច្រានកាន់តែឆ្ងាយចូលទៅភាគខាងលិចក្នុងខេត្ត Donetsk បន្ទាប់ពីទទួលបានជ័យជម្នះកាលពីមួយសប្តាហ៍មុននៅក្នុងខេត្ត Luhansk ដែលនៅជាប់គ្នានោះ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានThe Associated Press និង Reuters)