ទិវាមនុស្សធម៌ពិភពលោកនាឆ្នាំនេះត្រូវបានប្រារព្ធឡើងនៅគ្រាដែលហានិភ័យមានកាន់តែខ្លាំងឡើងចំពោះបុគ្គលិកផ្នែកផ្តល់ជំនួយសង្រ្គោះរាប់ពាន់នាក់ ដែលប្រថុយជីវិតរបស់ខ្លួនដើម្បីជួយមនុស្សរាប់លាននាក់រងគ្រោះដោយសារជម្លោះ គ្រោះធម្មជាតិ និងគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស។
អង្គការសហប្រជាជាតិនិយាយថាបុគ្គលិកផ្នែកជំនួយមនុស្សធម៌ប្រឈមនឹងគ្រោះ ថ្នាក់កាន់តែច្រើននាពេលបច្ចុប្បន្ន បើប្រៀបនឹងកាលពី២០ឆ្នាំមុន នៅពេលទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅសណ្ឋាគារ Canal Hotel ក្នុងក្រុងបាកដាដនៃ ប្រទេសអ៊ីរ៉ាក់បានរងការវាយប្រហារដោយគ្រាប់បែកដែលបានសម្លាប់បុគ្គលិក២២នាក់ រួមមានលោក Sergio Vieira de Mello អ្នកតំណាងពិសេសអង្គការសហប្រជាជាតិនិងធ្វើឱ្យ១៥០នាក់ទៀតរងរបួស។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌(OCHA)របស់អង្គការសហប្រជាជាតិនិយាយថាគិតមកទល់ឆ្នាំនេះ បុគ្គលិកផ្នែកជំនួយមនុស្សធម៌៦២នាក់ត្រូវបានសម្លាប់នៅក្នុងវិបត្តិនានាជុំវិញពិភពលោកដែលនេះជាការកើនឡើង៤០ភាគរយប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ បុគ្គលិកផ្នែកជំនួយសង្រ្គោះ៨៤នាក់ទៀតបានរងរបួសនិង៣៤នាក់ត្រូវបានចាប់ជម្រិត។
លោក Ramesh Rajasingham ប្រធានការិយាល័យការសម្របសម្រួលកិច្ចការមនុស្សធម៌នៅក្រុងហ្សឺណែវបាននិយាយថា៖«ស្ថិតិគឺមិនល្អ»។ រៀងរាល់ឆ្នាំ បុគ្គលិកផ្នែកជំនួយសង្រ្គោះត្រូវបានសម្លាប់ក្នុងពេលបំពេញកាតព្វកិច្ចចំនួនជិត៦ដងច្រើនជាងចំនួនអ្នកដែលត្រូវបានសម្លាប់នៅក្រុងបាកដាដនាថ្ងៃដ៏ស្រគត់ស្រគំនោះ»។
លោកបានថ្លែងថា៖ «ច្បាប់អន្តរជាតិបានបញ្ជាក់ច្បាស់។ បុគ្គលិកផ្នែកផ្តល់ជំនួយមិនមែនជាគោលដៅវាយប្រហារនោះទេ។ ជនប្រព្រឹត្តត្រូវតែយកមកទទួលខុសត្រូវ។ និទណ្ឌភាពចំពោះបទឧក្រិដ្ឋទាំងនេះគឺជាស្នាមរបួសដិតជាប់លើមនសិការរួមរបស់យើង»។
ការិយាល័យសម្រួបសម្រួលកិច្ចការមនុស្សធម៌និយាយថាចំនួននៃការវាយប្រហារដ៏ច្រើនមកលើបុគ្គលិកផ្នែកជំនួយសង្រ្គោះនៅប្រទេសស៊ូដង់ខាងត្បូងគឺប្រកៀកប្រកិត និងចំនួនវាយប្រហារនៅប្រទេសស៊ូដង់។ ចំនួនបុគ្គលិកបាត់បង់ជីវិតក៏ត្រូវបានកត់ត្រានៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល ម៉ាលី សូម៉ាលី និងអ៊ុយក្រែនផងដែរ។ ទិវាមនុស្សធម៌ពិភពលោកត្រូវបានបង្កើតឡើងជាការឆ្លើយតបនឹងសោកនាដកម្មការវាយប្រហារនៅអ៊ីរ៉ាក់កាលពី២០ឆ្នាំមុន។
ពួកអ្នកនៅរស់រានមានជីវិត សមាជិកគ្រួសារជនរងគ្រោះ ក៏ដូចជាមន្រ្តីជាន់ខ្ពស់អង្គ ការសហប្រជ ជាតិ ប្រតិភូនិងសាធារណជនបានចូលរួមក្នុងពិធីដ៏ពិសេសនេះនៅឯទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងក្រុងហ្សឺណែវដើម្បីគោរពវិញ្ញាណក្ខន្ធបុគ្គលិកផ្នែកជំនួយសង្រ្គោះដែលបានបាត់បង់ជីវិតអំឡុងពេលបំពេញការងារមនុស្ស ធម៌។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា៖ «ដោយមិនទទួលបានការយកចិត្តទុកដាក់ បុគ្គលិកជំនួយមនុស្ស ធម៌ធ្វើការគ្រប់ ពេលវេលាដើម្បីធ្វើឱ្យពិភពលោកក្លាយជាកន្លែងប្រសើរជាងមុន»។
លោកបន្តថា៖«ដោយប្រឈមនឹងហានិភ័យខ្ពស់ចំពោះខ្លួនឯង ពួកគេជួយសម្រាលការរងទុក្ខនៅក្នុងកាលៈទេសៈប្រកបដោយគ្រោះថ្នាក់បំផុត»។
លោកAhmad Fawziដែលបានធ្វើជាពិធីករនៃពិធីនេះ ជាអ្នកនាំពាក្យលោកSergio Vieiro di Mello នៅពេលការវាយប្រហារភេរវកម្មនៅសណ្ឋាគារ Canal Hotel នៅក្រុងបាកដាដបានកើតឡើង។ លោកបានគេចផុតពីការស្លាប់ដោយសារតែលោកជាប់បេសកកម្មនៅក្រៅ។ ប៉ុន្តែស្លាកស្នាមនៅដិតជាប់រហូតមកដល់ពេលនេះ។
លោក Fawziបានថ្លែងថា៖ «តែងមានការនិយាយថា ពេលវេលានឹងជួយព្យាបាលស្នាមរបួស។ ខ្ញុំមិនយល់ស្របនោះទេ»។
ដោយដកស្រង់សម្តីអ្នកស្រី Rose Fitzgerald Kennedy ដែលបានបាត់បង់កូនពីរនាក់ដោយសារគ្រាប់ភ្លើងរបស់ឃាតករ លោក Fawzi បាននិយាយថាស្របពេល «ការឈឺចាប់មានតិចជាងមុន វាមិនសាបរលាបបាត់នោះទេ»។
ក្នុងសម្តីអ៊ួលដើមក លោក Fawzi បានចែករំលែកការចងចាំប្រកបដោយការឈឺចាប់ពីការត្រូវនាំយកសាកសពមិត្តភក្តិរបស់លោកឈ្មោះNadia Younusដែលត្រូវបានសម្លាប់ដោយសារការវាយប្រហារភេរវកម្មនៅក្រុងបាកដាដទៅកាន់កន្លែងបញ្ចុះសពនៅរដ្ឋធានីគែរនៃប្រទេសអេហ្ស៊ីប។
លោកបានថ្លែងថា៖ «មានអារម្មណ៍ថា ខ្ញុំនិង Nadia ទើបតែទទួលទានអាហារពេល ល្ងាចជាមួយគ្នានៅក្រុងបាកដាដ កាលពីម្សិលមិញសោះ»។
ការចងចាំប្រកបដោយការរំជួលចិត្តមួយទៀតត្រូវបានចែករំលែកដោយលោក Mujahed Mohammed Hasan ដែលជាអ្នករួចជីវិតពីការវាយប្រហារដោយគ្រាប់ បែកកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៣។
លោកបាននិយាយថា លោកកំពុងមានភាពសប្បាយរីករាយក្នុងការរៀបចំពិធីរៀបការរបស់លោកនៅចំថ្ងៃដែលលោកបានរងរបួស។ លោកបានរំឭកពីការព្យាបាលប្រកបដោយការឈឺចាប់អស់ពេលរាប់ឆ្នាំ ការបាត់បង់ក្តីស្រមៃនិងការព្យាយាមរស់របស់លោក។
លោកបានថ្លែងប្រាប់ទៅបន្ទប់ពោរពេញដោយភ្ញៀវកត្តិយសថាការគាំទ្រពីសំណាក់គ្រួសាររបស់លោកបានជួយផ្តល់ជាកម្លាំង និងជំរុញឱ្យលោកអាចឈរនៅចំពោះមុខមនុស្សទាំងអស់គ្នានាពេលនេះ ហើយលាតត្រដាងប្រកបដោយមោទនភាពពីដំណើររយៈពេល ២០ឆ្នាំក្នុងជីវិតរបស់លោក ដែលបានប្រែផ្លាស់រូបលោកឱ្យក្លាយជាបុគ្គលម្នាក់ប្រកបដោយមហិច្ឆតា ក្តីរីករាយ និងមោទនភាព ដែលប្តេជ្ញាជួយដល់ជីវិតក្រុមមនុស្សត្រូវការជំនួយចាំបាច់។
លោក Mujahed Mohammed Hasanដែលជាអ្នករស់រានមានជីវិតបាននិយាយថា៖«ដំណើររបស់ខ្ញុំនៅតែបន្តទៅមុខ ហើយខ្ញុំនៅតែបន្តព្យាបាលនិងរីកចម្រើនជារៀងរាល់ថ្ងៃ ដោយសារតែខ្ញុំជ្រើសមិនក្លាយជាជនរងគ្រោះ»។
អង្គការសហប្រជាជាតិនិយាយថាមនុស្ស៣៦២លាននាក់នៅជុំវិញពិភពលោកត្រូវការជំនួយមនុស្សធម៌។ ដោយប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងចំពោះតម្រូវការជំនួយមនុស្សធម៌ ហើយទោះបីជាមានបញ្ហាប្រឈមផ្នែកសន្តិសុខ និងបញ្ហាដទៃទៀត ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ប្តេជ្ញាថា «អង្គការសហប្រជាតិនិងដៃគូមានគោលដៅជួយមនុស្សជិត ២៥០លាននាក់ជាប់ក្នុងវិបត្តិផ្សេងៗលើសាកលលោក ដែលចំនួននេះមាន ១០ដងច្រើនជាងនៅឆ្នាំ ២០០៣»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា