ទីភ្នាក់ងារព័ត៌មាន Interfax របស់ប្រទេសរុស្ស៊ីបានរាយការណ៍ថា មន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកការបាញ់ប្រហារលើនាវានិងនាវាមុជទឹកបរទេសណាដែលចូលក្នុងដែនទឹករបស់ខ្លួនដោយខុសច្បាប់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Stanislav Gadzhimagomedov អនុប្រធាននាយកដ្ឋានប្រតិបត្តិការដ៏ចម្បងមួយនៃអគ្គសេនាធិការរុស្ស៊ីត្រូវបានដកស្រង់សម្តីថា ទោះបីជាយ៉ាងនេះក្តី ការសម្រេចចិត្តបែបនេះនឹងត្រូវធ្វើឡើងតែនៅក្នុង «កម្រិតខ្ពស់បំផុត» តែប៉ុណ្ណោះ។
ការអត្ថាធិប្បាយនេះបានធ្វើឡើងក្នុងពេលពីរថ្ងៃក្រោយមក បន្ទាប់ពីរដ្ឋាភិបាលក្រុងមូស្គូបានលើកឡើងថា នាវាកងទ័ពជើងទឹករុស្ស៊ីបានដេញតាមនាវាមុជទឹករបស់សហរដ្ឋអាមេរិកនៅក្នុងដែនទឹករបស់រុស្ស៊ីនៅមហាសមុទ្រប៉ាស៊ីហ្វិក។ សហរដ្ឋអាមេរិកបានបដិសេធថា ខ្លួនមិនបានធ្វើប្រតិបត្តិការយោធាណាមួយនៅក្នុងដែនទឹករុស្ស៊ីនោះទេ។
ភាពតានតឹងរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកកំពុងកើនឡើងខ្លាំង ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានព្រមានថា រុស្ស៊ីអាចវាយប្រហារប្រទេសអ៊ុយក្រែននៅពេលណាមួយ។ រដ្ឋាភិបាលក្រុងមូស្គូបានបដិសេធថា ខ្លួនមិនមានចេតនាបែបនេះទេ បើទោះបីជាខ្លួនបានបញ្ចូនទាហានច្រើនជាង ១០០.០០០ នាក់ទៅជិតព្រំដែនប្រទេសអ៊ុយក្រែនក៏ដោយ។ ជាងនេះទៀត រុស្ស៊ីបានចោទក្រុមបស្ចិមប្រទេសថាបានបង្កឱ្យមានបញ្ហាពុះកញ្ជ្រោលនេះកើតឡើង។
ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីរបស់លោក Gadzhimagomedov ដែលបាននិយាយថា រុស្ស៊ីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ទល់ជាមួយនឹងកងនាវាអាមេរិកនៅក្នុងសមុទ្រខ្មៅ (Black Sea) និងសមុទ្របាល់ទិក (Baltic Sea) ប៉ុន្តែមិនមាននាវាគ្រប់គ្រាន់ និងមិនមានគម្រោងធ្វើដូច្នេះនោះទេនៅឯតំបន់ចុងបូព៌ានៅពេលនេះ៕