អ្នកតំណាងរបស់រុស្ស៊ីសម្រាប់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថាលក្ខខណ្ឌទាំងអស់របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រូវតែបំពេញឲ្យបានពេញលេញជាមុនសិន មុនសង្គ្រាមនៅអ៊ុយក្រែនអាចបញ្ចប់បាន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។ ការលើកឡើងបែបនេះបង្ហាញថារុស្ស៊ីកំពុងប្រកាន់ជំហរតឹងរ៉ឹងជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump។
លោក Trump ដែលបាននិយាយម្តងហើយម្តងទៀតថាចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែនភ្លាមៗ បន្ទាប់ពីមនុស្សរាប់សែននាក់បានស្លាប់នៅក្នុងសង្គ្រាមនេះ បានបញ្ជាក់កាលពីថ្ងៃអាទិត្យថាលោកបានគិតថាលោកកំពុងតែវិវឌ្ឍទៅមុខ ទោះបីជាលោកមិនបានកំណត់ថាតើលោកសង្ឃឹមថានឹងបញ្ចប់សង្គ្រាមនេះដោយរបៀបណាក៏ដោយ។
ពេលត្រូវបានសួរថាតើលោកមានបាននិយាយអ្វីជាមួយលោក Putin ទេចាប់តាំងពីពេលលោកបានក្លាយជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី ២០ ខែមករាឬមុននោះ លោក Trump បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅលើយន្តហោះប្រធានាធិបតី Air Force Oneថា៖ «ខ្ញុំបាននិយាយ។ ចាត់ទុកថាខ្ញុំបាននិយាយទៅចុះ»។
រដ្ឋាភិបាលរុស្ស៊ីបដិសេធមិនបញ្ជាក់ឬក៏ប្រកែកអំពីការប្រាស្រ័យទាក់ទងណាមួយរវាងលោក Trump និងលោក Putin។
តែរុស្ស៊ីបានគូសបញ្ជាក់ភ្លាមៗថាការទាមទារដាច់ខាតរបស់ខ្លួនដូចដែលបានកំណត់ដោយលោក Putin កាលពីខែមិថុនាឆ្នាំមុនគឺនៅតែជាលក្ខខណ្ឌសម្រាប់ការចរចាដដែល។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានថ្លែងក្នុងសន្និសីទកាសែតមួយជាភាសាអង់គ្លេសក្នុងទីក្រុងមូស្គូថា៖ «ដំណោះស្រាយនយោបាយដែលយើងមើលឃើញមិនអាចសម្រេចបាននោះទេក្រៅពីតាមរយៈការអនុវត្តឲ្យបានពេញលេញតាមអ្វីដែលលោកប្រធានាធិបតី Putin បានប្រកាសពេលលោកនិយាយទៅកាន់ក្រសួងការបរទេសរុស្ស៊ីកាលពីខែមិថុនា [ឆ្នាំមុន]»។
នៅក្នុងការថ្លែងរបស់លោក Putin កាលពីថ្ងៃទី ១៤ ខែមិថុនាឆ្នាំមុនទៅកាន់ក្រសួងការបរទេសរុស្ស៊ី លោកបានកំណត់លក្ខខណ្ឌរបស់លោកថា អ៊ុយក្រែនត្រូវតែបោះបង់ចោលមហិច្ឆតាចូលជាសមាជិកអង្គការអូតង់និងដកទ័ពចេញទាំងស្រុងពីដែនដីនៃតំបន់ចំនួន ៤ របស់អ៊ុយក្រែនដែលត្រូវបានទាមទារនិងភាគច្រើនត្រួតត្រាដោយរុស្ស៊ី៕
រុស្ស៊ីតឹងរ៉ឹងលើការចរចាសន្តិភាពអ៊ុយក្រែន ក្រោយលោក Trump ថាបានទាក់ទងលោក Putin
- Reuters
![រូបគំនូររបស់ប្រធានាធិបតីអាមេរិកលោក Trump និងប្រធានាធិបតីរុស្ស៊ីលោក Putin ត្រូវបានដាក់តាំងនៅទីក្រុង Crimea កាលពីថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៥។](https://gdb.voanews.com/0c9a0e6b-3c2a-4675-92ac-37e92137551d_cx0_cy3_cw0_w250_r1_s.jpg)
វេទិកាបញ្ចេញមតិ