ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ជំរុញ​លោក Trump ឲ្យ​បន្ត​ចរចាការ​រំសាយ​នុយក្លេអ៊ែរ «ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន»


មនុស្ស​ម្នា​កំពុង​ដើរ​នៅក្នុង​សួន​ Zaryadye Park ក្នុង​ទីក្រុងមូស្គូប្រទេស​រុស្ស៊ី
មនុស្ស​ម្នា​កំពុង​ដើរ​នៅក្នុង​សួន​ Zaryadye Park ក្នុង​ទីក្រុងមូស្គូប្រទេស​រុស្ស៊ី

រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា​ខ្លួន​ចង់​បន្ត​ឡើងវិញ​នូវ​ការ​ចរចា​អំពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក «ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន»។ រដ្ឋាភិបាល​រុស្ស៊ី​លើកឡើង​ដូច្នេះ​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​ថា​លោក​ចង់​ឲ្យ​ពិភពលោក «លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

រុស្ស៊ី​បាន​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​គ្រប់គ្រង​សព្វាវុធ «New START» ដែល​នៅ​សល់​ចុងក្រោយ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ ២០២៣ នៅ​ចំ​ពេល​ដែល​មាន​ការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា៖ «យើង​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចាប់ផ្ដើម​ដំណើរការ​ចរចា​នេះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន»។ លោក​បាន​បន្ថែម​ថា៖ «ឥឡូវនេះ ការ​សម្រេចចិត្ត​គឺ​ស្ថិត​នៅ​លើ​ដៃ​របស់​សហរដ្ឋ​អាមេរិក ដោយ​កន្លង​មក​អាមេរិក​ជា​អ្នក​បញ្ឈប់​រាល់​ការ​ទាក់ទង​សំខាន់ៗ​ទាំងអស់»។

លោក Trump បាន​បញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង Davos នៃ​ប្រទេស​ស្វីស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «យើង​ចង់​ឃើញ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ»។

លោក​បាន​បន្ថែម​ថា កាលពី​លោក​ធ្វើជា​ប្រធានាធិបតី​អាមេរិក​នៅ​អាណត្តិ​ទីមួយ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin «ពិតជា​ពេញចិត្ត​នូវ​គំនិត​នៃ​ការ​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​នូវ​អាវុធ​នុយក្លេអ៊ែរ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG