នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសរុស្ស៊ីបានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារយៈពេលមួយសប្ដាហ៍ ដែលមានការចូលរួមពីកងកម្លាំងមកពីប្រទេសចិននិងប្រទេសផ្សេងទៀត ដើម្បីបង្ហាញអំពីកិច្ចសហប្រតិបត្តិការកើនឡើងផ្នែកការពាររវាងរដ្ឋាភិបាលរុស្ស៊ីនិងរដ្ឋាភិបាលចិន ស្របពេលដែលប្រទេសទាំងពីរកំពុងប្រឈមនឹងភាពតានតឹងជាមួយនឹងសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press (AP)។
សមយុទ្ធនេះក៏មានគោលបំណងបង្ហាញផងដែរថា រដ្ឋាភិបាលរុស្ស៊ីមានអានុភាពយោធាគ្រប់គ្រាន់សម្រាប់ការធ្វើសមយុទ្ធទ្រង់ទ្រាយធំ បើទោះបីជាកងទ័ពរបស់ខ្លួនកំពុងប្រយុទ្ធនៅក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែនក៏ដោយ។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា សមយុទ្ធ Vostok ឆ្នាំ ២០២២ (សមយុទ្ធបូព៌ាឆ្នាំ ២០២២) នេះនឹងធ្វើរហូតដល់ថ្ងៃទី ៧ ខែកញ្ញាខាងមុខនៅឯកន្លែងធ្វើសមយុទ្ធចំនួន ៧ កន្លែងនៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ីនិងនៅសមុទ្រជប៉ុន (Sea of Japan) និងមានការចូលរួមពីទាហានជាង ៥០.០០០ នាក់ និងសព្វាវុធជាង ៥.០០០ គ្រឿងដែលក្នុងនោះរួមមានទាំងយន្តហោះចម្បាំង ១៤០ គ្រឿង និងនាវាចម្បាំង ៦០ គ្រឿងផងដែរ។
នាយអគ្គសេនាធិការកងទ័ពរុស្ស៊ីលោកនាយឧត្តមសេនីយ៍ Valery Gerasimov គឺជាអ្នកដែលមើលការខុសត្រូវដោយផ្ទាល់លើសមយុទ្ធនេះ ដែលមានការចូលរួមពីប្រទេសចិន ឥណ្ឌា ឡាវ ម៉ុងហ្គោលី នីការ៉ាហ្គា ស៊ីរី និងប្រទេសចំនួន ៧ ដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់សហភាពសូវៀត។
ក្រសួងការពារជាតិរុស្ស៊ីបានកត់សម្គាល់ថា ជាផ្នែកមួយនៃការធ្វើសមយុទ្ធនេះ កងទ័ពជើងទឹករបស់រុស្ស៊ីនិងចិននៅសមុទ្រជប៉ុននឹង «អនុវត្តវិធានការរួមដើម្បីការពារការទំនាក់ទំនងតាមផ្លូវសមុទ្រនិងតំបន់សកម្មភាពសេដ្ឋកិច្ចដែនសមុទ្រ ក៏ដូចជាដើម្បីគាំទ្រដល់ទាហានជើងគោកនៅតាមបណ្ដោយឆ្នេរសមុទ្រផងដែរ»។
សមយុទ្ធនេះបង្ហាញឱ្យឃើញពីទំនាក់ទំនងកើនឡើងផ្នែកការពាររវាងប្រទេសរុស្ស៊ីនិងចិន ដែលបានរីកចម្រើនកាន់តែខ្លាំងជាងមុនតាំងពីពេលដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជូនកងទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែនចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈមក៕
ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី —