មន្ត្រីអ៊ុយក្រែននិយាយថា រុស្ស៊ីបានវាយប្រហារដោយគ្រាប់មីស៊ីលយ៉ាងខ្លាំងក្លានៅថ្ងៃអង្គារនេះ ដោយសម្លាប់មនុស្សយ៉ាងតិច ៤នាក់ និងរបួសជាង ៦០នាក់ទៀត ព្រមទាំងធ្វើឱ្យខូចខាតអគារលំនៅឋានជាច្រើនកន្លែងនៅក្នុងរដ្ឋធានីកៀវ (Kyiv) និងទីក្រុង Kharkiv ផងដែរ។
កងកម្លាំងការពារដែនអាកាសអ៊ុយក្រែននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់គ្រាប់មីស៊ីលរុស្ស៊ី ២១គ្រាប់ ក្នុងចំណោម ៤១គ្រាប់។
ការវាយប្រហារនោះបានសំដៅទៅលើរដ្ឋធានីកៀវ និងទីក្រុង Kharkiv នៅភាគនិរតីប្រទេសអ៊ុយក្រែន។
អភិបាលតំបន់ Kharkiv លោក Oleh Synehubov និយាយថា មនុស្ស ៣នាក់ បានស្លាប់និង ៤២នាក់ផ្សេងទៀតបានរងរបួស។
អភិបាលក្រុង Kharkiv លោក Ihor Terekhov និយាយថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី បានធ្វើឱ្យខូចខាតដល់អគារលំនៅឋានចំនួន ៣០ខ្នង។
អភិបាលក្រុងកៀវលោក Vitali Klitschko និយាយថា ការវាយប្រហារនោះត្រូវចំសង្កាត់ជាច្រើននៅក្នុងទីក្រុងនេះ ដោយធ្វើឱ្យមនុស្សយ៉ាងហោចណាស់ក៏ ២០នាក់ដែររងរបួស។
មនុស្សម្នាក់ក៏ត្រូវបានសម្លាប់ផងដែរនៅក្នុងទីក្រុង Pavlohrad នៅភាគខាងកើតតំបន់ Dnipropetrovsk។
ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកនឹងរៀបចំកិច្ចប្រជុំជាថ្មីជាមួយក្រុមប្រទេសទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដោយមានការចូលរួមពីភាគីជាច្រើន ដើម្បីពិភាក្សាការគាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន បើទោះបីជាប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងប្រឈមនឹងការប្រឆាំងពីសមាជិកសភាខាងគណបក្សសាធារណរដ្ឋមួយចំនួន ស្តីពីកញ្ចប់ជំនួយថ្មីដល់អ៊ុយក្រែនយ៉ាងណាក្តី។
រដ្ឋមន្តី្រការពារជាតិអាមេរិកលោក Lloyd Austin នឹងចូលរួមក្នុងកិច្ចប្រជុំនេះតាមប្រព័ន្ធអនឡាញពីផ្ទះរបស់លោក ខណៈពេលដែលលោកកំពុងមានភាពប្រសើរឡើងវិញពីការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត ដែលនាំទៅដល់ការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដ៏សម្ងាត់ក្នុងពេលកន្លងមក។ នេះបើតាមការឱ្យដឹងរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទម្សិលមិញ៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Associated Press, Agence France-Presse និង Reuters។
វេទិកាបញ្ចេញមតិ