រុស្ស៊ី និងអ៊ុយក្រែនបាននិយាយរៀងៗខ្លួនថា ពួកគេបានរារាំងការវាយប្រហារដោយដ្រូនទៅវិញទៅមកនៅថ្ងៃព្រហស្បតិ៍នេះ។
យោធាអ៊ុយក្រែនបានរាយការណ៍ថា បានបាញ់ទម្លាក់ដ្រូនចំនួន ២២ គ្រឿងនៃដ្រូនចំនួន៣៣គ្រឿង ដែលរុស្ស៊ីបានបង្ហោះវាយប្រហារពេញមួយយប់ និងបានអះអាងបន្ថែមថា ដ្រូនជាច្រើនផ្សេងទៀតដែលបានឆ្លងផុតប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន មិនបានទៅដល់គោលដៅទេ។
ដ្រូនភាគច្រើនត្រូវបញ្ជាតម្រង់ទៅភាគខាងជើង និងខាងត្បូងអ៊ុយក្រែន រួមមានតំបន់ Sumy, Kherson និង Dnipropetrovsk។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញ ដ្រូនរបស់អ៊ុយក្រែនមួយគ្រឿងនៅតំបន់មូស្គូ រីឯដ្រូនមួយទៀតត្រូវបានស្ទាក់នៅជិតក្រុង St. Petersburg ដែលជាទីក្រុងធំទីពីររបស់រុស្ស៊ី។
អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយតាម Telegram ថា មិនមានមនុស្សស្លាប់និងរបួសទេ ហើយក៏មិនមានការខូចខាតបណ្តាលមកពីកម្ទេចកំទីរបស់ដ្រូនធ្លាក់នោះដែរ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និង Reuters។
វេទិកាបញ្ចេញមតិ