ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស៣នាក់រងរបួសនៅទីក្រុង Odesa នៅពេលអ៊ុយក្រែនបាញ់ទម្លាក់ដ្រូនរុស្ស៊ី ១៩ គ្រឿង


ពលរដ្ឋ​អ៊ុយក្រែន​ម្នាក់​ឈរ​នៅ​មុខ​សំណង់​អគារ​ដែល​រង​ការ​វាយប្រហារ​ដោយ​ដ្រូន​របស់​រុស្ស៊ី នៅ​ទីក្រុង Odesa ប្រទេស​អ៊ុយក្រែន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
ពលរដ្ឋ​អ៊ុយក្រែន​ម្នាក់​ឈរ​នៅ​មុខ​សំណង់​អគារ​ដែល​រង​ការ​វាយប្រហារ​ដោយ​ដ្រូន​របស់​រុស្ស៊ី នៅ​ទីក្រុង Odesa ប្រទេស​អ៊ុយក្រែន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​បាន​បំផ្លាញ​ដ្រូន ១៩ គ្រឿង​ក្នុង​ចំណោម ២០ គ្រឿង​ដែល​រុស្ស៊ី​បាន​បាញ់​នៅ​ក្នុង​ការ​វាយ​ប្រហារ​កាលពី​យប់មិញ ប៉ុន្តែ​មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា កម្ទេចកំទី​បាក់បែក​ដែល​ធ្លាក់ចុះ​មក​បាន​ធ្វើ​ឱ្យ​មនុស្ស ៣ នាក់​រង​របួស​នៅ​ទីក្រុង Odesa នៅ​ភាគ​ខាង​ត្បូង។

យោធា​អ៊ុយក្រែន​បាន​និយាយ​ថា ដ្រូន​ភាគច្រើន​បាន​បាញ់​សំដៅ​តំបន់​ទីក្រុង Odesa។ ក្រសួង​មហាផ្ទៃ​អ៊ុយក្រែន​បាន​បញ្ជាក់​ថា កម្ទេចកំទី​បាក់បែក​នៃ​ដ្រូន​ដែល​យោធា​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​នោះ​បាន​ធ្លាក់​ចំ​អគារ​លំនៅដ្ឋាន​របស់​ពលរដ្ឋ​និង​បាន​ធ្វើ​ឱ្យ​បំពង់​ឧស្ម័ន​រង​ការ​ខូចខាត។

ការ​វាយ​ប្រហារ​ដោយ​ដ្រូន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​កាលពី​ថ្ងៃ​អង្គារ​ដែល​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច ១៧ នាក់​រង​របួស​នៅ​ក្នុង​ទីក្រុង Kharkiv នៅ​ភាគ​ឦសាន​ប្រទេស។

អភិបាល​តំបន់ Kharkiv លោក Oleh Synehubov បាន​បញ្ជាក់​តាម Telegram ថា មីស៊ីល​រុស្ស៊ី S-300 ពីរ​គ្រាប់​បាន​វាយ​ប្រហារ​ចំ​កណ្ដាល​ទីក្រុង ​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​អគារ​ស្នាក់នៅ​របស់​ពលរដ្ឋ​ផង​ដែរ។

អភិបាល​ក្រុង Kharkiv លោក Ihor Terekhov បាន​បង្ហោះ​សារ​នៅ​លើ Telegram ថា មីស៊ីល​ទាំង​នោះ​បាន​ធ្វើ​ឱ្យ​អគារ​យ៉ាងតិច ១០ ខ្នង​រង​ការ​ខូចខាត និង​បាន​បុក​ចំ «គ្មាន​ខុស​នូវ​កន្លែង​ណា​ដែល​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​និង​កន្លែង​ណា​ដែល​ជា​កន្លែង​រស់នៅ​របស់​ពលរដ្ឋ»។

អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​ជន​ស៊ីវិល​ស្លាប់​និង​រងរបួស​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG