លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំនិងពួកមន្រ្តីមន្ទីរបញ្ចកោណកំពុងច្រានចោលការអះអាងរបស់រុស្ស៊ីថា ប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរី បានទម្លាក់កាំជ្រួចមីស៊ីលភាគច្រើនដែលមានគោលដៅបាញ់ទីដៅដែលជាទីកន្លែងផ្ទុកអាវុធគីមីសំខាន់។
បណ្តាញព័ត៌មានរុស្ស៊ីកាលពីថ្ងៃចន្ទបានដកស្រង់សម្តីរបស់ក្រសួងការពារប្រទេសរុស្ស៊ីមកផ្សាយថា កាំជ្រួចធុន Pantsir –S1 របស់ស៊ីរីមានប្រសិទ្ធភាពជិត១០០ភាគរយនៅក្នុងវាយច្រានទៅវិញនៅក្នុងការវាយប្រហារតាមអាកាសដែលដឹកនាំដោយសហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន។
លោកIgor Konashenkov អ្នកនាំពាក្យក្រសួងការពារប្រទេសរុស្ស៊ីបាននិយាយថា ប្រព័ន្ធកាំជ្រួច Pantsir បានបាញ់បង្ហោះកាំជ្រួចបាញ់ពីដីទៅអាកាសចំនួន១១២ដើមដោយបានបាញ់ទម្លាក់កាំជ្រួច Cruise មីស៊ីលរបស់សហរដ្ឋអាមេរិកបារាំងនិងចក្រភពអង់គ្លេសចំនួន៧១ដើមនៃកាំជ្រួចទាំងអស់១០៣ដើម។
ប្រព័ន្ធកាំជ្រួច Pantsir អាចចល័តបាន ដែលមានប្រព័ន្ធស្ថិតនៅលើដីដែលអាចបាញ់ចំទីដៅជាច្រើននៅពេលតែមួយ។ យោងទៅតាមមជ្ឈមណ្ឌលនៃកម្មវិធីការ សិក្សាការគំរាមកាំជ្រួចនៃការសិក្សាយុទ្ធសាស្រ្តនិងអន្តរជាតិ បានប្រាប់ឲ្យដឹងថា «កាំជ្រួចនេះបាញ់ពីដីទៅអាកាសដែលមានវង់ប្រតិបត្តិការប្រហែល២០គីឡូម៉ែត្រ»។
លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បាននិយាយនៅក្នុងការបង្ហាញខ្លួនមួយនៅរដ្ឋ Floridaដោយបានរិះគន់ការអះអាងកាន់តែខ្លាំងឡើងរបស់រុស្ស៊ីថា «ពួកគេមិនបានបាញ់ទម្លាក់កាំជ្រួចមួយដើមទេ។ កាំជ្រួចរបស់ពួក គេមិនដំណើរការបានល្អទេ»។
លោកឧត្តមសេនីយត្រី Kenneth McKenzie បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃសៅរសប្តាហ៍មុននៅមន្ទីរបញ្ចកោណថា «យើងមានទំនុកចិត្តថា កាំជ្រួចមីស៊ីលទាំងអស់របស់យើងបានបាញ់ចំទីដោះរបស់ខ្លួន»៕