ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​បារាំង​ថា សហរដ្ឋ​អាមេរិក​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ប្រទេស​ស៊ីរី


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron នៅ ក្នុង​បុរី​ញូវយ៉ក កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron នៅ ក្នុង​បុរី​ញូវយ៉ក កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron នឹង​បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កាន់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​បញ្ជាក់​ប្រាប់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump អំពី​ភាព​ចាំបាច់​ក្នុង​ការ​រក្សា​វត្តមាន​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ស៊ីរី ទោះបីជា​បន្ទាប់ពី​ពួក​ភេរវជន​ក្រុម​រដ្ឋ​ឥស្លាម​បរាជ័យ​ក៏​ដោយ ក៏​ដូចជា​ដើម្បី​បញ្ចុះបញ្ចូល​លោក Trump ឲ្យ​ផ្ដល់​ការ​លើកលែង​ដល់​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​ពន្ធ​គយ​ថ្មី​លើ​ទំនិញ​អាលុយមីញ៉ូម និង​ដែក​ថែប។

លោក Macron បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Fox News ថា៖ «យើង​នឹង​ត្រូវ​កសាង​ប្រទេស​ស៊ីរី​ថ្មី​មួយ​ក្រោយ​ពី​សង្គ្រាម​បញ្ចប់​ទៅ។ ដូច្នេះ​ហើយ ខ្ញុំ​គិត​ថា តួនាទី​របស់​សហរដ្ឋ​អាមេរិក​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់»។

លោក Macron បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​គឺ​ជា «អ្នក​ដើរ​តួ​ចុង​ក្រោយ​បំផុត​សម្រាប់​សន្តិភាព និង​ភាព​ពហុភាគី»។

លោក Trump បាន​និយាយ​ថា លោក​ចង់​ដក​ទាហាន​អាមេរិកាំង​ប្រហែល ២ ពាន់​នាក់ ចេញ​ពី​ប្រទេស​ស៊ីរី​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ គម្រោង​របស់​លោក Trump ក្នុង​ការ​ដក​ទាហាន​អាមេរិកាំង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ទីក្រុង Raqqa នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី ដែល​ជា​តំបន់​ដែល​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​បាន​កាន់កាប់ បាន​ដួល​រលំ។

លោក Macron បាន​និយាយ​ទៀត​ថា សហរដ្ឋ​អាមេរិក និង​ប្រទេស​បារាំង​គឺ​ជា​សម្ព័ន្ធមិត្ត ប៉ុន្តែ «សូម្បីតែ​ប្រទេស​រុស្ស៊ី និង​តួកគី​ក៏​នឹង​មាន​តួនាទី​សំខាន់​បំផុត​ផង​ដែរ​នៅ​ក្នុង​ការ​ដើរ​តួ​បង្កើត​បង្កើត​ប្រទេស​ស៊ីរី​ថ្មី​នេះ និង​ធានា​ថា ប្រជាពលរដ្ឋ​ស៊ីរី​ជា​អ្នក​សម្រេច​ជោគ​វាសនា​អនាគត​របស់​ខ្លួន»៕

XS
SM
MD
LG