មីស៊ីលរុស្ស៊ីបានត្រូវចំមន្ទីរពេទ្យកុមារមួយកន្លែងនៅរដ្ឋធានីនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ជាផ្នែកមួយការវាយប្រហារតាមអាកាសពីគ្រប់ទិសទីទៅលើតំបន់នានានៅទូទាំងប្រទេសដែលបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏២០នាក់ដែរ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyបាននិយាយថាពួកអ្នកជួយសង្គ្រោះកំពុងជីកកកាយតាមគំនរបាក់បែកនៅឯមន្ទីរពេទ្យកុមារOkhmatdyt ក្នុងរដ្ឋធានីកៀវជាទីកន្លែងដែលចំនួននៃការខូចខាតមិនទាន់ដឹងនៅឡើយ។
លោក Zelenskyyបាននិយាយនៅលើប្រព័ន្ធXថា«រុស្ស៊ីមិនអាចអះអាងពីការមិនដឹងឮជាទីកន្លែងដែលកាំជ្រួចមីស៊ីលរបស់ខ្លួនកំពុងហោះហើរហើយត្រូវតែទទួលខុសត្រូវពេញទីចំពោះឧក្រិដ្ឋកម្មទាំងអស់របស់ខ្លួន ចំពោះការប្រឆាំងនឹងមនុស្ស ប្រឆាំងនឹងកុមារ ប្រឆាំងនឹងមនុស្សជាតិជាទូទៅ។ ការណ៍នេះមានសារៈសំខាន់ដែលពិភពលោកមិននៅស្ងៀមស្ងាត់អំពីបញ្ហានេះនៅពេលឥឡូវនេះ ហើយថាមនុស្សគ្រប់រូបមើល ឃើញអ្វីដែលរុស្ស៊ីកំពុងធ្វើ»។
រដ្ឋបាលយោធាទីក្រុងកៀវបាននិយាយថាការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏៧នាក់ដែរនិងបានធ្វើឱ្យខូចខាតអគារនៅក្នុងស្រុកជា ច្រើន។
ការវាយប្រហាររបស់រុស្ស៊ីក៏ត្រូវចំទីក្រុង Kryvyi Rihដែលជាទីក្រុងកំណើតរបស់លោកប្រធានាធិបតី Zelenskyyដោយបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏១០នាក់និងធ្វើឱ្យរបួស៣១នាក់ផ្សេងទៀត។ នេះបើតាមលោក Oleksandr Vilkulប្រធានរដ្ឋ បាលយោធារបស់តំបន់ Kryvyi Rih។
នៅក្នុងតំបន់ Donetskភាគខាងកើតប្រទេសអ៊ុយក្រែន ពួកអាជ្ញាធរបាននិយាយថាកាំជ្រួចមីស៊ីលបានត្រូវចំរោងចក្រឧស្សាហកម្ម ដែលបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏៣នាក់ដែរ។
កងទ័ពអាកាសរបស់អ៊ុយក្រែនបាននិយាយកាលពីព្រឹកថ្ងៃអាទិត្យថាប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់កាំជ្រួចមីស៊ីលCruise Kh-10 ចំនួន៣ គ្រាប់នៅពីលើតំបន់ Cherkasy និងZhytomyr។
កងទ័ពការពារដែនអាកាសអ៊ុយក្រែនបាននិយាយថាការវាយប្រហាររបស់រុស្ស៊ីរយៈពេលមួយយប់មានរួមទាំងកាំជ្រួចមីស៊ីលធន់ Kh-101 និងកាំជ្រួចមីស៊ីលIskander-M២ គ្រាប់។
ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃចន្ទថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញដ្រូនរបស់អ៊ុយក្រែន២គ្រឿងនៅពីលើតំបន់ Belgorodនិង Voronezh។
អភិបាលតំបន់ Voronezhបាននិយាយថាមិនមានមនុស្សរបួសឬស្លាប់ឬអគារខូចខាតត្រូវបានរាយការណ៍ទេ។
ចិនស្នើឲ្យរុស្ស៊ីនិងអ៊ុយក្រែនចរចាដោយផ្ទាល់
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវដល់មហាអំណាចពិភពលោកឱ្យជួយរុស្ស៊ី និងអ៊ុយក្រែនបន្តការសន្ទនាដោយផ្ទាល់ ក្នុងអំឡុងជំនួបជាមួយនាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orbán។
លោក Orbán បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសចិនកាលពីថ្ងៃចន្ទ បន្ទាប់ពីធ្វើដំណើរស្រដៀងគ្នាកាលពីសប្តាហ៍មុនទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដើម្បីពិភាក្សាអំពីអនាគតសម្រាប់ការដោះស្រាយដោយសន្តិវិធីនៃសង្គ្រាមដែលអូសបន្លាយពេលជាងពីរឆ្នាំ។
ហុងគ្រីបានចូលកាន់តំណែងជាប្រធានប្តូរវេននៃសហភាពអឺរ៉ុបក្នុងខែនេះ ហើយ លោកOrbán បានចាប់ផ្តើមបេសកកម្មសន្តិភាព ប៉ុន្តែខ្វះការយល់ព្រមពីមេដឹកនាំអឺរ៉ុបផ្សេងទៀត។
សម្ព័ន្ធមិត្តអូតង់ជួបប្រជុំ
សម្ព័ន្ធមិត្តអូតង់នឹងរៀបចំកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃក្នុងទីក្រុងវ៉ាស៊ីនតោនដោយចាប់ផ្តើមពីថ្ងៃអង្គារ ដើម្បីប្រារព្ធខួបលើកទី៧៥ របស់ខ្លួន ក្នុងគ្រាដែលក្រុមសម្ព័ន្ធមិត្តកំពុងពង្រឹងការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែនក្នុងសង្គ្រាមដែលកំពុងបន្តជាមួយរុស្ស៊ី។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យដែលពិនិត្យមើលកិច្ចប្រជុំកំពូល អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បាននិយាយថាសមាជិកអូតង់ទាំងអស់ចង់បានសន្តិភាព ហើយវាអាចសម្រេចបានប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន យល់ថាលោកមិនអាចឈ្នះនៅលើសមរភូមិប្រដាប់អាវុធបានទេ។
លោក Stoltenberg បានគូសបញ្ជាក់អំពីវិធានការសំខាន់ៗដែលអង្គការអូតង់នឹងចាត់វិធានការ រួមមានការបង្កើតបញ្ជាការដ្ឋានអចិន្ត្រៃយ៍មួយក្នុងប្រទេសអាល្លឺម៉ង់ ការពង្រឹងជំនួយផ្នែកហិរញ្ញវត្ថុ និងយោធា និងកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះផ្តល់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters