នាយករដ្ឋមន្ត្រីប្រទេសហុងគ្រី លោកViktor Orban បានជំរុញកាលពីថ្ងៃអង្គារឱ្យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyពិចារណាការឈប់បាញ់គ្នាដើម្បីបង្កើនល្បឿនការបញ្ចប់សង្គ្រាមជាមួយប្រទេសរុស្ស៊ីហើយក៏បាននិយាយដែរថាលោកមានកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការដ៏ធំមួយជាមួយរដ្ឋាភិបាលក្រុងកៀវ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានReuters។
លោក Orban ដែលជាអ្នករិះគន់ឥតសំចៃដល់ជំនួយយោធារបស់ប្រទេសលោកខាងលិចដល់អ៊ុយក្រែនហើយមានទំនាក់ទំនងដ៏កក់ក្តៅបំផុតជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបានធ្វើការចរចាជាមួយលោក Zelenskyyក្នុងដំណើរទស្សនកិច្ចលើកទី១ របស់លោកទៅកាន់រដ្ឋធានីកៀវនៅក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមខ្លីមួយទៅកាន់ពួកអ្នកយកព័ត៌មានបន្ទាប់ពីការចរចា លោក Orbanបាននិយាយថាលោកឱ្យតម្លៃដល់ការជំរុញរបស់រដ្ឋាភិបាលក្រុងកៀវដើម្បីផ្សព្វផ្សាយទស្សនៈសន្តិភាពរបស់លោក Zelenskyyនៅឯសន្និសីទកំពូលអន្តរ ជាតិកាលពីខែមិថុនានៅក្នុងប្រទេសស្វ៊ីសហើយនឹងបំណងរបស់ខ្លួនដើម្បីធ្វើសន្និសីទលើកទី២ដើម្បីតាមដានសន្និសីទលើកទី១នៅចុងឆ្នាំនេះ។
លោក Orbanបាននិយាយទៀតថា៖ «ខ្ញុំបានស្នើដល់ប្រធានាធិបតីអ៊ុយក្រែនឱ្យគិតអំពីថាតើយើងនឹងកែប្រែលំដាប់លំដោយនៃដំណើរការនោះបានទេ ដោយបង្កើនល្បឿនការចរចាសន្តិភាពដោយធ្វើការឈប់បាញ់គ្នាឲ្យបានជាមុនសិន»។
លោកបានបន្តទៀតថា៖ «បទឈប់បាញ់គ្នាមួយដែលត្រូវភ្ជាប់ទៅនឹងកាលបរិច្ឆេទនឹងផ្តល់ឱកាសដើម្បីបង្កើនល្បឿនការចរចាសន្តិភាព។ ខ្ញុំបានស្វះស្វែងរកលទ្ធភាពនេះជាមួយលោកប្រធានាធិបតីហើយខ្ញុំសូមថ្លែងអំណរគុណចំពោះចម្លើយនិងការចរចាដ៏ស្មោះត្រង់របស់លោក»។
លោកប្រធានាធិបតីZelenskyyដែលបាននិយាយនៅមុនលោក Orban មិនបានឆ្លើយតបដល់អត្ថាធិប្បាយទាំងនោះទេ។
មេដឹកនាំអ៊ុយក្រែនរូបនេះបានសរសើរពីលទ្ធភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីដ៏ធំទូលាយរវាងអ៊ុយក្រែននិងហុងគ្រី៕