ប្រទេសរុស្ស៊ី មានឆន្ទៈពិភាក្សាការផ្អាកសកម្មភាពខាងយោធារយៈពេល៣ម៉ោងជារៀងរាល់ថ្ងៃរយៈពេលយូរនៅក្នុងទីក្រុង Aleppo នៃប្រទេសស៊ីរីដែលត្រូវបានឡោមព័ទ្ធ នេះតាមមន្រ្តីរបស់អង្គការសហប្រជាជាតិដែលកំពុងស៊ើបអង្កេតរបាយការណ៍ដែលថា គ្រាប់បែកមានសារធាតុឧស្ម័នក្លរីនបានត្រូវប្រើប្រាស់ដោយយោធាស៊ីរីនៅក្នុងតំបន់នោះ។
យោធារុស្ស៊ី មានគម្រោងចាប់ផ្តើមការផ្អាកអរិភាពបណ្តោះអាសន្នប្រចាំថ្ងៃចាប់តាំងពីម៉ោង១០ព្រឹកដល់ម៉ោង១ថ្ងៃត្រង់ដើម្បីអនុញ្ញាតឲ្យពួកបុគ្គលិកជំនួយមនុស្សធម៌ដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ឲ្យបានច្រើនទៅតាមសេចក្តីត្រូវការ។
ក៏ប៉ុន្តែ លោក Mohammed Rasheed អ្នកនាំពាក្យរបស់ក្រុមឧទ្ទាមមួយដែលកំពុងវាយប្រហាររដ្ឋាភិបាលស៊ីរី បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា ការឈប់បាញ់គ្នា មិនត្រូវបានគេយល់ព្រមអនុវត្តតាមទេ។ លោក និយាយបន្តទៀតថា តែផ្ទុយទៅវិញ មានការប្រយុទ្ធរាលដាលធំឡើងដោយយន្តហោះចម្បាំងរុស្ស៊ីហើយនឹងកងទ័ពរដ្ឋាភិបាល បានព្យាយាមរុលឆ្ពោះទៅកាន់ស្រុក Ramousah នៃក្រុង Aleppo។ អ្នកឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកម្នាក់នៅក្នុងទីក្រុង Aleppo ហើយនិងមន្រ្តីឧទ្ទាមម្នាក់ទៀត បានបញ្ជាក់ពីការអះអាងរបស់លោក Rasheed នេះ។
អង្គការសហប្រជាជាតិនិយាយថា ការឈប់បាញ់គ្នារយៈពេល៣ម៉ោង មិនល្មមគ្រប់គ្រាន់ទេ ហើយអង្គការសហប្រជាជាតិ កំពុងព្យាយាមធ្វើការចរចាឲ្យមានការឈប់បាញ់គ្នារយៈពេល៤៨ម៉ោងជំនួសវិញដើម្បីដឹកជញ្ជូនជំនួយទៅឲ្យមនុស្ស២លាននាក់ដែលបានជាប់នៅក្នុងទីក្រុងនោះ។
កាលពីយប់ថ្ងៃពុធ មានសេចក្តីរាយការណ៍ថា ឧទ្ធម្ភាគចក្រយោធាស៊ីរីមួយគ្រឿង បានទម្លាក់គ្រាប់បែកធ្វើពីធុងសាំង៤គ្រាប់ គ្រាប់បែកធ្វើពីធុងសាំងមួយគ្រាប់មានផ្ទុកឧស្ម័នក្លរីនទៅលើទីក្រុង Aleppo ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៣នាក់ដែរ៕