យោធាអ៊ុយក្រែនបានរាយការណ៍នៅថ្ងៃពុធនេះថា រុស្ស៊ីបានវាយប្រហារកាលពីពេលយប់ដោយប្រើដ្រូន ១៩ គ្រឿងនិងមីស៊ីលជាច្រើនគ្រាប់។
កងទ័ពអ៊ុយក្រែនបានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូន ១៣ គ្រឿងក្នុងចំណោម១៩គ្រឿង និងមីស៊ីលមួយគ្រាប់ក្នុងចំណោម៦ គ្រាប់។
ដ្រូនទាំងនេះត្រូវបានបាញ់ទម្លាក់នៅតំបន់ Kharkiv តំបន់ Dnipropetrovsk តំបន់ Zaporizhzhia និងតំបន់ Donetsk។
លោក Serhiy Lysak អភិបាលតំបន់ Dnipropetrovsk បានបញ្ជាក់តាម Telegram ថា ដ្រូនទាំងនេះត្រូវបានបាញ់ទម្លាក់នៅស្រុកពីរផ្សេងគ្នា និងថាការបាញ់ផ្លោងរបស់រុស្ស៊ីក៏បានសំដៅលើតំបន់នេះផងដែរ។ លោកបានបន្ថែមថា មិនមានការរាយការណ៍ណាមួយថាមានអ្នកស្លាប់និងរងរបួសនោះទេ។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Rustem Umerov បានពិភាក្សាតាមទូរស័ព្ទនៅថ្ងៃអង្គារនេះអំពីស្ថានការណ៍វិវត្តនៅសមរភូមិ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិអាមេរិក។
លោក Umerov បាននិយាយថា មេបញ្ជាការកងទ័ពថ្មីរបស់អ៊ុយក្រែនលោកនាយឧត្តមសេនីយ៍ Oleksandr Syrskyi បានចូលរួមនៅក្នុងការសន្ទនាតាមទូរស័ព្ទនេះដើម្បីផ្ដល់ព័ត៌មានថ្មីចុងក្រោយអំពីស្ថានការណ៍នៅសមរភូមិជួរមុខនិងការផ្គត់ផ្គង់គ្រាប់រំសេវរបស់អ៊ុយក្រែន។
កាលពីព្រឹកថ្ងៃអង្គារ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានស្វាគមន៍កញ្ចប់ជំនួយយោធាចំនួន៦៨៣លានដុល្លារពីប្រទេសស៊ុយអែត។
រដ្ឋមន្ត្រីការពារជាតិស៊ុយអែតលោក Pal Jonson បាននិយាយថា កញ្ចប់ជំនួយនេះគឺជាកញ្ចប់ជំនួយធំជាងគេបង្អស់ដែលប្រទេសរបស់លោកផ្ដល់ជូនអ៊ុយក្រែន និងថាសព្វាវុធទាំងនេះគឺត្រូវតាម «តម្រូវការខ្លាំងក្លាបំផុតមួយចំនួនរបស់អ៊ុយក្រែន»៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។
វេទិកាបញ្ចេញមតិ