លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បានថ្លែងកាលពីថ្ងៃអង្គារថា បទឈប់បាញ់គ្នាមួយអាចនឹងត្រូវប្រកាសក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារវាងក្រុមឧទ្ទាមនិងកងកម្លាំងរបស់រដ្ឋាភិបាលនៅទីក្រុង Aleppo ក្នុងប្រទេសស៊ីរី បើទោះបីជាការប៉ះទង្គិចគ្នានាពេលថ្មីៗនេះបានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ចំនួន១៤នាក់ក៏ដោយ។
មន្ត្រីការទូតរុស្ស៊ីរូបនេះបានជួបជាមួយនឹងលោក Staffan de Mistura បេសកជនពិសេសអង្គការសហប្រជាជាតិនៅក្នុងទីក្រុងមូស្គូ ដើម្បីថ្លែងប្រាប់ដល់អ្នកកាសែតថា លោកសង្ឃឹមថា បទឈប់បាញ់គ្នាមួយនឹងត្រូវបានព្រមព្រៀងនៅក្នុងពេលឆាប់ៗនេះ ឬក្នុងពេលប៉ុន្មានម៉ោងខាងមុខនេះ។
លោក De Mistura បានមានប្រសាសន៍ថា កិច្ចប្រជុំសន្តិភាពក្នុងប្រទេសស៊ីរីអាចនឹងត្រូវចាប់ផ្តើមអនុវត្តឡើងវិញ ប្រសិនបើការប្រយុទ្ធគ្នាក្នុងទីក្រុង Aleppo អាចនឹងត្រូវបញ្ឈប់។ ទីក្រុង Aleppo គឺជាទីក្រុងធំជាងគេបំផុតក្នុងប្រទេសស៊ីរី និងជាបណ្តុំពាណិជ្ជកម្ម ដែលតំបន់មួយចំនួនក្នុងទីក្រុងនេះបានក្លាយទៅជាគំនរបាក់បែកទៅហើយ។
ទោះជាយ៉ាងនេះក្តី ការប៉ះទង្គិចគ្នាដែលបានកើតឡើងនៅក្នុងទីក្រុងដែលស្ថិតនៅប៉ែកខាងជើងប្រទេសស៊ីរីមួយនេះ ត្រូវបានទូរទស្សន៍របស់រដ្ឋចេញផ្សាយថា មានមនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ដោយការវាយប្រហារដោយប្រើរ៉ុក្កែតរបស់ក្រុមឧទ្ទាម ដែលមានយ៉ាងហោចណាស់ចំនួន៦៥ទៅលើតំបន់ដែលរដ្ឋាភិបាលកាន់កាប់។ រ៉ុក្កែតមួយគ្រាប់បានវាយចំមន្ទីរពេទ្យសម្ភពមួយ ដែលបានសម្លាប់មនុស្សអស់ចំនួន៣នាក់។ ការវាយប្រហារផ្សេងៗទៀតបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ចំនួន១១នាក់៕