ការវាយប្រហារតាមអាកាសកាលពីថ្ងៃសៅរ៍ប្រមាណ៣០ ដោយប្រើកងយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រយោធារបស់រដ្ឋាភិបាលស៊ីរី បានត្រូវចំតំបន់កាន់កាប់ដោយពួកឧទ្ទាមនៅក្នុងក្រុង Aleppo នាប៉ែកខាងជើងប្រទេសបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់ប្រាំនាក់ស្លាប់។
បើតាមអង្គការឃ្លាំមើលប្រទេសស៊ីរីផ្នែកសិទ្ធិមនុស្ស (Syrian Observatory for Human Rights) ដែលមានមូលដ្ឋានក្នុងប្រទេសអង់គ្លេស មានជនស៊ីវិលជិត២៥០នាក់បានបាត់បង់ជីវិតក្នុងការបាញ់ផ្តក់ ការបាញ់រ៉ុក្កែតនិងការឆ្មក់វាយប្រហារតាមអាកាសនៅក្នុងក្រុងនេះដែលមានការប្រទាញប្រទង់ដណ្តើមគ្នាចាប់តាំងពីថ្ងៃទី២២ខែមេសាមក។ នៅក្នុងចំណោមមនុស្សដែលបានស្លាប់មានមនុស្សយ៉ាងហោចណាស់៥០នាក់នៅក្នុងមន្ទីរពេទ្យមួយដែលបានរងគ្រោះដោយសារការវាយប្រហារតាមអាកាស។
កំណើននៃអំពើហិង្សាបានកើតមានឡើងនៅពេលដែលគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមហៅកាត់ថា ICRC បានព្រមានថា ការកើនឡើងនៃការប្រយុទ្ធគ្នាអាចនាំឱ្យមនុស្សច្រើននាក់ខិតទៅរកភាពមហន្តរាយផ្នែកមនុស្សធម៌មួយនៅក្នុងក្រុង Aleppo ដែលជាក្រុងធំបំផុតនៃប្រទេសស៊ីរី និងជាអតីតមជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ។
លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry នឹងធ្វើដំណើរទៅកាន់ក្រុង ហ្សឺណែវ នៅថ្ងៃអាទិត្យនេះដើម្បីធ្វើការចរចាអំពីស្ថានការណ៍ក្នុងប្រទេសស៊ីរី។
ក្រសួងការបរទេសអាមេរិកាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយកាលពីថ្ងៃសៅរ៍ថា លោក Kerry នឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងមានធ្វើដើម្បីឱ្យមានជាថ្មីនូវការបញ្ឈប់អរិភាពនៅទូទាំងប្រទេសស៊ីរី៕