បេសកជនពិសេសអង្គការសហប្រជាជាតិប្រចាំនៅប្រទេសស៊ីរីបានថ្លែងថា លោកមានផែនការនឹងបើកកិច្ចប្រជុំសន្តិភាពមួយទៀតនៅសប្តាហ៍ក្រោយនេះ ប៉ុន្តែលោកក៏បានស្នើឲ្យអនុវត្តទៅតាមបទឈប់បាញ់ឡើងវិញ មុនពេលកំណត់កាលបរិច្ឆេទប្រជុំលើកក្រោយនេះ។
លោក Staffan de Mistura បានថ្លែងយ៉ាងដូច្នេះនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានធ្វើសន្និសីទកាសែតដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីកិច្ចប្រជុំនេះ។ លោកបានលើកឡើងថា កិច្ចប្រជុំកាលពីលើកមុនៗបានទទួលលទ្ធផលខ្លះ បើទោះបីជាមានការកើនឡើងអំពើហិង្សានៅក្នុងប្រទេសស៊ីរីក៏ដោយ។
នៅថ្ងៃព្រហស្បតិ៍នេះ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបានព្រមានថា ទីក្រុង Aleppo ដែលហែកហួរដោយសង្គ្រាមក្នុងប្រទេសស៊ីរី កំពុងតែជួបវិបត្តិមនុស្សធម៌។
មានអំពើហិង្សាកើតឡើង ដោយរួមបញ្ចូលទាំងការវាយប្រហារនៅថ្ងៃព្រហស្បតិ៍នេះដោយកងកម្លាំងឧទ្ទាមទៅលើផ្នែកមួយចំនួននៃទីក្រុង Aleppo ដែលរដ្ឋាភិបាលកាន់កាប់ ដែលបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ចំនួន១៤នាក់។
ការវាយប្រហារផ្លូវអាកាសកាលពីល្ងាចថ្ងៃពុធទៅលើមន្ទីរពេទ្យមួយនៅក្នុងតំបន់នៃទីក្រុងAleppo ដែលក្រុមឧទ្ទាមកាន់កាប់ បានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ចំនួន២០នាក់ ដោយរួមមានទាំងបុគ្គលិកក្នុងមន្ទីរពេទ្យនោះចំនួន៣នាក់ផងដែរ។ សេចក្តីរាយការណ៍មកពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងនោះ គឺជាអ្នកឯកទេសខាងព្យាបាលជំងឺកុមារតែម្នាក់គត់នៅក្នុងតំបន់ដែលក្រុមឧទ្ទាមកាន់កាប់នោះ ហើយជនរងគ្រោះម្នាក់ទៀតគឺជាកុមារ។ កាកបាទក្រហមបានឲ្យដឹងដែរថា មន្ទីរពេទ្យនោះគឺបានទទួលការឧបត្ថម្ភពីកាកបាទក្រហម និងក្រុមគ្រូពេទ្យគ្មានព្រំដែន៕