កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំនិងសមាជិកអតីតគណបក្សសង្គ្រោះជាតិបានដឹកនាំបាតុកម្មមួយនៅទីក្រុងឡូវែល (Lowell) សហរដ្ឋអាមរិក ដោយប្រកាសមិនគាំទ្រការឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត ហើយបានឱ្យដឹងពីផែនការនៃការតវ៉ាប្រឆាំងនឹងវត្តមានរបស់មេដឹកនាំរដ្ឋាភិបាលខ្មែរវ័យក្មេងរូបនោះនៅបុរីញូវយ៉ក។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវីអូអេនៅថ្ងៃអង្គារនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា គម្រោងបាតុកម្មនៅក្រៅប្រទេសដែលដឹកនាំដោយថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិ នឹងមិនអាចបំផ្លាញប្រតិភូកម្ពុជាដឹកនាំដោយលោក ហ៊ុន ម៉ាណែត នៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិកបានឡើយ។
លោកថ្លែងថា៖ «វាគ្មាននរណារារាំងបានទេ។ ទៅប្រជុំតាមការអញ្ជើញរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ សួរថា ខ្មែរនៅទីនោះប៉ុន្មានគ្រាប់ដែលបាតុកម្ម។ បាតុកម្មហ្នឹងគេឱ្យនៅតែកែងត្រង់ណាមួយទៅ តែហ៊ានដើរឆ្លងខ្សែគេ គេដាក់ហើយ!»
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី វ័យ៤៥ឆ្នាំរបស់កម្ពុជា នឹងដឹកនាំប្រតិភូរបស់លោកទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣។
ខណៈមេដឹកនាំឈាមថ្មីរូបនេះនឹងជាន់ទឹកដីអាមេរិកជាលើកដំបូងក្នុងនាមជាប្រមុខរដ្ឋាភិបាលកម្ពុជា អ្នកនយោបាយជំទាស់មួយចំនួននៅទីនោះបានបង្ហាញការមិនពេញចិត្ត ហើយទាមទារឱ្យមានការបោះឆ្នោតឡើងវិញនៅប្រទេសកម្ពុជា។
កាលពីសប្តាហ៍មុន ថ្នាក់ដឹកនាំនិងសមាជិកជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មនៅទីក្រុងឡូវែល (Lowell) ដោយប្រកាសបដិសេធមិនទទួលស្គាល់លោក ហ៊ុន ម៉ាណែត ដោយសារការបោះឆ្នោតកន្លងមកគ្មានភាពស្របច្បាប់ ហើយការតវ៉ាជំទាស់នឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត នឹងធ្វើឡើងនៅទីក្រុងញូវយ៉កនៅថ្ងៃទី២២ ខែកញ្ញា ខាងមុខនេះ។
ទោះជាយ៉ាងណាក្តី អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព លោក វណ្ណ ប៊ុនណា យល់ថា វាជារឿងធម្មតាសម្រាប់មេដឹកនាំកម្ពុជា នៅពេលចេញទៅចូលរួមកិច្ចប្រជុំខាងក្រៅប្រទេស ហើយមានក្រុមអ្នកធ្វើបាតុកម្មប្រឆាំង។ ប៉ុន្តែលោកថា វាមិនប៉ះពាល់ដល់ដំណើរការការទូតរបស់កម្ពុជាទៅក្រៅប្រទេសនោះទេ។
បើតាមអ្នកស្រាវជ្រាវរូបនេះ ការពង្រឹងការទូតចម្រុះពណ៌ដោយមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសផ្សេងទៀតឱ្យបានល្អ ជាការចាំបាច់សម្រាប់នាយករដ្ឋមន្ត្រីថ្មីដើម្បីស្តារស្ថានភាពនយោបាយបច្ចុប្បន្ន។
លោកថ្លែងថា៖ «អ៊ីចឹងទេដើម្បីបង្កើតមិត្តច្រើនកាន់តែល្អ វាទាមទារឱ្យកម្ពុជា ទាមទារកែប្រែនយោបាយនៅក្នុងស្រុក ជាពិសេសការដោះស្រាយវិបត្តិ ឬក៏វិវាទនយោបាយរវាងអ្នកនយោបាយបក្សកាន់អំណាច និងបក្សប្រឆាំងផងដែរ ដោយសារកត្តានយោបាយផ្ទៃក្នុងវាកំណត់គោលនយោបាយការបរទេស។ កាលណាយើងមាននយោបាយសាមគ្គីជាតិ វាធ្វើឱ្យកម្ពុជាមានកម្លាំងរួម ឬក៏មានទឹកមាត់ប្រៃដែរ»។
ក្នុងថ្ងៃបើកកិច្ចប្រជុំសភានីតិកាលទី៧កាលពីម្សិលមិញ អង្គទូតនៃប្រទេសមួយចំនួន ដូចជាស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតអង់គ្លេស និងស្ថានទូតអូស្ត្រាលីជាដើម ក៏បានបង្ហាញខ្លួនក្នុងកិច្ចប្រជុំសភានោះផងដែរ។
សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី សហភាពអឺរ៉ុបជាដើម ធ្លាប់ថ្លែងរិះគន់ថា ការបោះឆ្នោតជាតិកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅធ្វើឡើងដោយមិនមានភាពសេរី និងយុត្តិធម៌ នៅពេលគណបក្សភ្លើងទៀនត្រូវបានផាត់ចេញពីការបោះឆ្នោត។
ប៉ុន្តែក្រោយមានវត្តមានក្នុងពិធីបើកកិច្ចប្រជុំលើកដំបូងរបស់សភានីតិកាលទី៧កាលពីថ្ងៃចន្ទ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បង្ហោះសារនៅលើប្រព័ន្ធទំនាក់ទំនង Twitter ភ្លាមៗថា៖ «នៅពេលដែលរដ្ឋាភិបាលកម្ពុជាថ្មីចាប់ផ្តើមកាន់តំណែងរបស់ខ្លួន វាមានឱកាសស្តារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ បញ្ចប់ការកាត់ក្តីដែលជំរុញដោយនយោបាយ ទម្លាក់ចោលការផ្តន្ទាទោសអ្នករិះគន់រដ្ឋាភិបាល និងការអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបើកដំណើរការឡើងវិញ និងធ្វើការរបស់ពួកគេដោយគ្មានការជ្រៀតជ្រែក»។
លោក ហ៊ុន ម៉ាណែត ក៏គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន និងចូលរួមការប្រជុំអន្តរជាតិមួយចំនួនទៀតក្នុងឋានៈជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា៕