បទសម្ភាសន៍ VOA៖ ស្ថានភាពនយោបាយនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគួរបើកទំព័រថ្មី ដោយផ្តោតលើការរួបរួមគ្នា
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឱ្យវីអូអេថា បើទោះបីជាការបោះឆ្នោតជាតិអាណត្តិទី ៧ នេះ មិនបានផ្តល់ជម្រើសគ្រប់ជ្រុងជ្រោយក្តី ក៏អនាគតនៃស្ថានភាពនយោបាយនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គួរតែទទួលបានការបើកទំព័រថ្មី ដោយជំរុញឱ្យមានការរួបរួមគ្នារវាងអ្នកនយោបាយពីគ្រប់និន្នាការ។ ជាពិសេសនៅពេលដែលរដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយក្រុមអ្នកដឹកនាំវ័យក្មេងរបស់គណបក្សកាន់អំណាច នឹងចាប់ផ្តើមអាណត្តិការងាររបស់ខ្លួន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសចុះចេញពីតំណែងនិងផ្លាស់ប្តូរសមាសធាតុគណៈរដ្ឋមន្ត្រី។ ទោះជាយ៉ាងណាក្តី អ្នកនយោបាយជើងចាស់រូបនេះ ក៏បានបង្ហាញក្តីបារម្ភអំពីសមត្ថភាពនិងបទពិសោធន៍ដឹកនាំប្រទេសរបស់ក្រុមអ្នកដឹកនាំជំនាន់ថ្មី ស្របពេលដែលលើកទឹកចិត្តឱ្យលោក ហ៊ុន ម៉ាណែត ដែលនឹងឡើងកាន់តំណែងជំនួសឪពុករបស់លោក ដោះលែងអ្នកទោសនយោបាយ សកម្មជនសិទ្ធិមនុស្ស និងបរិស្ថានទាំងឡាយដែលកំពុងជាប់ឃុំ ដើម្បីស្តារស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញ៕