លទ្ធិប្រជាធិបតេយ្យបានចាក់ឫសដល់ថ្នាក់មូលដ្ឋានខ្លះៗ ចាប់តាំងពីប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ជាលើកទីមួយកាលពី១៥ឆ្នាំមុន ប៉ុន្តែលទ្ធផលការងាររបស់មន្ត្រីដែលពលរដ្ឋបានបោះឆ្នោតជ្រើសរើសនៅមានកម្រិតនៅឡើយ។ នេះបើតាមការវាយតម្លៃរបស់អ្នកវិភាគ។
លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេ កាលពីថ្ងៃច័ន្ទថា ការអនុវត្តការងារនៅថ្នាក់មូលដ្ឋានមានតម្លាភាពច្រើនជាងមុន ពលរដ្ឋទទួលបានលិខិតបទដ្ឋាននានាបានប្រសើរជាងមុន និងហ៊ានតវ៉ាសម្តែងការមិនពេញចិត្តនឹងសេវាមិនល្អ ដែលពួកគាត់ទទួល។ ប៉ុន្តែការផ្តល់ថវិកាជូនថ្នាក់មូលដ្ឋាននៅមានកម្រិតទាបធ្វើឱ្យសេវាចាំបាច់មួយចំនួន ដូចជាសាលារៀន និងមន្ទីរពេទ្យ នៅមិនទាន់បម្រើបានតាមតម្រូវការរបស់ពលរដ្ឋនៅឡើយទេ។
លោកបានបន្ថែមថា៖
«ការអភិវឌ្ឍដល់យើងខ្វះថវិកាអីចឹងទៅ ហើយថវិកានោះច្រើនតែយកទៅចាយនៅក្នុងប្រាក់បៀវត្សរ៍របស់អ្នកដែលធ្វើការទៅទៀត ដូច្នេះហើយពីមួយឆ្នាំទៅមួយឆ្នាំថវិកាហ្នឹងដោយសារវាអត់មានអ្វីច្រើន គឺធ្វើតែផ្លូវ ផ្លូវលំភ្លៀងមកខូច ធ្វើតែផ្លូវ។ ដូច្នេះបញ្ហាសាលារៀនក៏ពិបាកបញ្ហាមណ្ឌលសុខភាពក៏ពិបាក បញ្ហារឿងកសិកម្មរឿងជួយពួកគាត់ក៏ពិបាក បញ្ហាទីផ្សារក៏ពិបាក ហើយលិខិតបទដ្ឋាននានាខាងប៉ុស្តិ៍ប៉ូលិសក៏មិនជាស្តាប់ខាងមេឃុំទៅទៀត។ គាត់ធ្វើអ្វី តែឯងទៅដូច្នេះមានការឆកល្វែងមានបញ្ហាអសកម្មមួយចំនួន ដែលធ្វើឱ្យប្រជាពលរដ្ឋហ្នឹងលោកហ៊ានចូលរួមជាងមុន ប៉ុន្តែលោកនៅតែមិនទាន់សប្បាយចិត្ត ដូចអ្វីដែលលោកចង់បានដូចការគ្រោងទុកនោះទេ»។
ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ជាលើកដំបូងក្នុងខែកុម្ភៈ ឆ្នាំ២០០២ ដែលជាការផ្លាស់ប្តូររបៀបតែងតាំងមេដឹកនាំឃុំសង្កាត់ ដោយរដ្ឋាភិបាលមកជាការជ្រើសរើសដោយពលរដ្ឋវិញ។
លោកឱក សេរីសោភក្តិ៍ សង្កេតឃើញថា សមត្ថភាពរបស់ក្រុមប្រឹក្សាឃុំខ្លះក្នុងការយល់ដឹងពីច្បាប់ និងបែបបទរដ្ឋបាល គឺនៅមានកម្រិត ដូច្នេះហើយបានជាក្រសួងមហាផ្ទៃដាក់ឱ្យមានស្មៀនឃុំ ដែលជាអ្នកយល់ដឹងពីកិច្ចការទាំងអស់នេះ។ ប៉ុន្តែក្នុងការបំពេញការងារវិញ គឺនៅមានភាពចម្រូងចម្រាសគ្នាខ្លះរវាងស្មៀនឃុំ និងក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាអ្នកជាប់ឆ្នោតដោយប្រជាពលរដ្ឋជ្រើសរើស។ នៅកន្លែងខ្លះស្មៀនឃុំនៅតែជាអ្នកមានអំណាច ដោយសារមានចំណេះដឹងច្រើន និងជាអ្នកកាន់ត្រា។ កន្លែងខ្លះក៏ធ្វើការចុះសម្រុងគ្នាដែរ។
លោកឱក សេរីសោភក្តិ៍ បានបន្ថែមថា៖
«ជាការពិតបើសិនជាគណបក្សប្រឆាំងមានតួនាទីជាមេឃុំ ជាប្រធានក្រុមប្រឹក្សាឃុំប៉ុន្តែអ្នកកាន់ត្រាគាត់មានលំអៀងទៅខាងគណបក្សកាន់អំណាច គឺការធ្វើការកាន់តែលំបាកខ្លាំងមែនទែនតែម្តង ព្រោះត្រានៅលើដៃម្នាក់ទៀត មិននៅលើដៃអ្នកដែលប្រជាពលរដ្ឋបោះឆ្នោតឱ្យ ដល់អីចឹងលិខិតបទដ្ឋាននានា គឺប្រទាំងប្រទើស។ ក្នុងករណីហ្នឹងពិតជាមានបញ្ហាមែន ហើយយើងមិនអាចបណ្តោយឱ្យធ្វើអីចឹងតទៅទៀតបានទេ ត្រូវតែមានកំណែទម្រង់»។
ពលរដ្ឋចង់ឃើញមេឃុំរបស់ខ្លួនទទួលខុសត្រូវដោយផ្ទាល់ចំពោះពួកគេ ដែលជាម្ចាស់ឆ្នោត ប៉ុន្តែការណ៍ដែលគណបក្សនយោបាយមានសិទ្ធិក្នុងការរៀបចំបញ្ជីឈ្មោះបេក្ខជននៅតែជាឧបសគ្គមួយផងដែរ ដែលធ្វើឱ្យមេឃុំ និងក្រុមប្រឹក្សាឃុំជាប់ឆ្នោតនៅតែទទួលឥទ្ធិពលពីគណបក្សដដែល។ នេះបើតាមការសង្កេតរបស់លោកសេរីសោភក្តិ៍។
លោកឱក សេរីសោភក្តិ៍ យល់ថា វិធីដ៏ល្អគឺអនុញ្ញាតឱ្យបុគ្គលឯករាជ្យអាចឈរឈ្មោះបានដោយមិនចេញពីបញ្ជីឈ្មោះគណបក្ស។
លោកបានបន្ថែមថា៖ «បើសិនជាយើងធ្វើអីចឹងបានមែន ខ្ញុំគិតថាគណនីយភាពនៃមេឃុំ ឬចៅហ្វាយក្រុងឬស្អីៗហ្នឹង មានទៅលើប្រជាពលរដ្ឋជាងមានទៅលើបក្ស។ ប៉ុន្តែ នេះជាកំណែទម្រង់នយោបាយមួយធំណាស់ ហើយខ្ញុំក៏មិនហ៊ានមានជំនឿថា វាអាចនឹងកើតមានឡើងឆាប់ៗនៅក្នុងពេលនេះដែរ ប៉ុន្តែអ្វីដែលបើសិនជាធ្វើទៅតាមផ្លូវហ្នឹង ខ្ញុំថានេះជាគន្លឹះមួយដែលអាចនឹងមានការកែប្រែជាវិជ្ជមាន ហើយជាមូលដ្ឋានធំណាស់»។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បន្ទាប់គ្រោងនឹងធ្វើនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ៕