សម្រាប់ការបោះឆ្នោតឃុំសង្កាត់ក្នុងពេលខាងមុខ គណបក្សប្រជាជនកម្ពុជាអាចនឹងមានឱកាសស្តារមុខមាត់ឡើងវិញបាន បន្ទាប់ពីបាក់ស្រុតយ៉ាងខ្លាំងក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ ដោយសារតែគណបក្សនេះមានធនធានមនុស្ស និងធនធានហិរញ្ញវត្ថុច្រើន។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគ។ លោកអ៊ូ វីរៈ ប្រធានវេទិការអនាគតបានបញ្ជាក់ក្នុងកម្មវិធី Hello VOAថាទន្ទឹមនឹងឱកាសដែលមាននេះគណបក្សកាន់អំណាចនេះក៏មានបញ្ហាប្រឈមដែរនោះគឺមានសារនយោបាយមិនជាក់លាក់។
លោកបានផ្តល់ឧទាហរណ៍ថា ដើម្បីតទល់នឹងសារនយោបាយរបស់គណបក្សប្រឆាំងដែលទាមទារឱ្យមានការផ្លាស់ប្តូរ គណបក្សប្រជាជនកម្ពុជាត្រូវប្រើសារនយោបាយធ្វើការកែទម្រង់ ប៉ុន្តែថា ការកែទម្រង់កន្លងមកហាក់មិនមានភាពច្បាស់លាស់នៅឡើយទេ។ លោក អ៊ូ វីរៈ បានប្រមើលឃើញថា គណបក្សសង្គ្រោះជាតិនឹងបន្តចាក់ឫសកាន់តែរឹងមាំទៀតនៅថ្នាក់មូលដ្ឋាន នៅក្រោយពីការបោះឆ្នោតឃុំសង្កាត់ក្នុងពេលខាងមុខនេះ។ ការណ៍នេះដោយសារតែមានមនុស្សកាន់តែច្រើនមានទឹកចិត្តចូលរួម ហើយថាការណដែលគណបក្សប្រឆាំងនៅបន្តរួមគ្នា គឺផ្តល់ជាប្រយោជន៍ច្រើន។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ៧ មីនា ២០១៦)