អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយនៅកម្ពុជា លើកឡើងថា កម្ពុជាចាំបាច់ត្រូវកែទម្រង់ប្រព័ន្ធតុលាការ និងធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជា ទើបស្ថានភាពនៃអំពើពុករលួយនៅក្នុងប្រទេសនេះ អាចមានភាពល្អប្រសើរឡើងជាងនេះបាន។ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងបែបនេះនៅក្នុងកម្មវិធី Hello VOA នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈនេះ។
លោកថា៖«ការជ្រើសរើសមន្ត្រីតុលាការត្រូវតែធ្វើឡើងដោយតម្លាភាព ដោយមិនត្រូវគិតពីបក្សពួក ឬសាច់ញាតិនោះទេ។ ហើយការប្រកាសទ្រព្យសម្បត្តិគួរតែធ្វើឡើងដោយចំហគឺមិនមែនធ្វើឡើងតាមការដាក់ក្នុងស្រោមសំបុត្រនោះទេ»។
ស្តាប់ការបកស្រាយរបស់លោក ព្រាប កុល ខាងក្រោមនេះ៖
ការថ្លែងបែបនេះក្រោយពីអង្គការតម្លាភាពអន្តរជាតិកាលពីពេលថ្មីៗនេះបានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ថាជាប្រទេសដែលគេយល់ថាមានពុករលួយជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០១៥។
លោក ព្រាប កុល ថ្លែងថា កំណែទម្រង់ដោយចាប់ផ្តើមពីស្ថាប័ន ដែលដឹកនាំដោយមន្ត្រីស្អាតស្អំដែលជាគំរូល្អៗកាន់តែច្រើនឡើងៗ តួយ៉ាងដូចជានៅក្រសួងអប់រំ និងក្រសួងពាណិជ្ជកម្មកម្ពុជាបច្ចុប្បន្នជាដើម អាចនឹងរួមចំណែកកែខៃស្ថានភាពពុករលួយនៅក្នុងប្រទេសកម្ពុជាឲ្យល្អប្រសើរឡើង។
ប៉ុន្តែលោកថា កម្ពុជាត្រូវតែធ្វើការច្រើនថែមទៀត ដើម្បីធ្វើឲ្យចំណាត់ថ្នាក់នៃអំពើពុករលួយរបស់ខ្លួនមានភាពល្អប្រសើរជាងនេះ៕
(សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១ កុម្ភៈ ២០១៦)