ក្រុមអ្នកតំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិប្រមាណ២០នាក់ និងមន្ត្រីគណបក្សផ្សេងទៀត កាលពីថ្ងៃអាទិត្យ បានធ្វើពិធីបន់ស្រន់នៅមុខប្រាសាទអង្គរវត្ត ផ្សងសុំឲ្យមានការផ្សះផ្សាជាតិ និងការជួបសន្ទនាគ្នា ដើម្បីទាញស្ថានការណ៍នយោបាយដែលកំពុងតានតឹងខ្លាំង ឲ្យវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយខ្មែរយល់ថា ការបែរបន់ នឹងមិនអាចបន្ទន់ជំហរអ្នកនយោបាយគណបក្សប្រជាជនកម្ពុជារបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែនបានទេ។
ពួកគេថ្លែងថា អ្នកនយោបាយគណបក្សប្រឆាំង កំពុងដើរដល់ផ្លូវទាល់ ស្របពេលដែលអ្នកនយោបាយគណបក្សកាន់អំណាច កំពុងគិតថា ខ្លួនមានប្រៀប តែក៏បារម្ភខ្លាំងណាស់ដែរចំពោះស្ថានភាពវឹកវរផ្នែកនយោបាយ។
លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិ បានប្រាប់ VOA កាលពីរសៀលថ្ងៃអាទិត្យថា ការបន់ស្រន់នេះ ធ្វើឡើងសម្រាប់សុំសន្តិភាព និងការបង្រួបបង្រួមជាតិ។
លោកមានជំនឿថា ការបន់ស្រន់នេះ អាចនឹងធ្វើឲ្យអ្នកនយោបាយក្នុងប្រទេស ផ្លាស់ប្ដូរចិត្តគំនិតងាកមកជជែកគ្នា ជាជាងប្រឈមមុខដាក់គ្នា។
«ទោះបីជាយើងសង្ឃឹម ឬក៏មិនសង្ឃឹមថានឹងបានជោគជ័យប៉ុណ្ណាក៏ដោយ ក៏វាជាទំនៀមទម្លាប់របស់យើង ដែលយើងធ្វើដោយសង្ឃឹមថា នឹងអាចមានជាផល ផ្លែផ្កា ឬក៏អាចថា ជាកុសលនាំទៅដល់ការផ្លាស់ប្ដូរចិត្តគំនិតអ្នកនយោបាយក្នុងស្រុកយើងហ្នឹង ឲ្យចេះដោះស្រាយបញ្ហាជាមួយគ្នា។ ប៉ុន្តែខ្ញុំសង្ឃឹមថា នឹងមានលទ្ធភាពអាចនឹងជជែកគ្នាបាន»។
លោកបន្តបញ្ជាក់ថា អាជ្ញាធរខេត្តសៀមរាបកាលពីព្រឹកថ្ងៃអាទិត្យ មិនបានធ្វើការរារាំងដល់ពិធីបន់ស្រន់នេះទេ ដែលនេះជាសញ្ញាណបង្ហាញឲ្យឃើញពីច្រកសម្រាប់បន្ធូរបន្ថយស្ថានភាពនយោបាយ ដែលកំពុងមានភាពតានតឹងខ្លាំង។
ការបន់ស្រន់របស់ក្រុមអ្នកតំណាងរាស្ត្រខាងគណបក្សជំទាស់ កើតមានឡើងនៅចំពេលដែល លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបន្តសម្ងំជ្រកកោននៅទីស្នាក់កណ្ដាលរបស់គណបក្សក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ចៀសការចាប់ខ្លួន ដែលអាចនឹងធ្វើឡើងដោយអាជ្ញាធររបស់រដ្ឋាភិបាលលោក ហ៊ុន សែន។
លោក កែម ឡី អ្នកវិភាគសង្គម និងជាអ្នកឃ្លាំមើលនយោបាយ បានប្រាប់ VOA ថា ពិធីបន់ស្រន់របស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង គឺជាបែបផែននៃការបញ្ចេញមតិមួយដែលមិនបង្កចលាចល តែលោកអះអាងថា ការបន់ស្រន់នេះ នឹងមិនអាចបន្ទន់ជំហរអ្នកនយោបាយគណបក្សកាន់អំណាចបានទេ។
«ខ្ញុំមើលទិសដៅរបស់គណបក្សកាន់អំណាច គឺជាទិសដៅដែលគួរឲ្យព្រួយបារម្ភវិញទេ មិនអាចជាបន្ទន់ជំហរទេ។ ការណ៍ដែលខ្ញុំឃើញថ្មីៗនេះ គាត់យកថា ទោះបីជាវិនិយោគតម្លៃប៉ុណ្ណាក៏ដោយ ត្រូវរក្សាសន្តិភាព។ គាត់អត់ចាប់អារម្មណ៍ប្រជាធិបតេយ្យសេរីពហុបក្ស»។
ស្ថានការណ៍នយោបាយបច្ចុប្បន្ននេះ មិនត្រឹមតែធ្វើឲ្យអ្នកសង្កេតការណ៍នយោបាយកម្ពុជា មានការព្រួយបារម្ភនោះទេ វាថែមទាំងបានធ្វើឲ្យពលរដ្ឋខ្មែររស់នៅក្រៅប្រទេសសំដែងការមិនពេញចិត្តផងដែរ ដោយសារមានការវាយប្រហារជាបន្តបន្ទាប់ទៅលើក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកនយោបាយគណបក្សប្រឆាំងពីសំណាក់រដ្ឋអំណាចក្នុងប្រទេសកម្ពុជា។
តួយ៉ាង នៅពាក់កណ្ដាលខែមិថុនានេះ សហគមន៍ខ្មែរនៅក្រៅប្រទេសដែលមានសហរដ្ឋអាមេរិក កាណាដា បារាំងនិងអូស្ត្រាលី បានធ្វើបាតុកម្មក្នុងពេលព្រមៗគ្នាប្រឆាំងនឹងការចាប់សកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយដាក់ពន្ធនាគារបន្តកន្ទុយគ្នារបៀបនេះ។
លោក ហេង ស្រ៊ាង អ្នកសិក្សាស្រាវជ្រាវសង្គម បានប្រាប់ VOA ថា ការបន់ស្រន់របស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង គឺជាសកម្មភាពទាល់ច្រកអស់ជម្រើសក្នុងការរកផ្លូវទៅនិយាយជាមួយអ្នកនយោបាយគណបក្សគ្រប់គ្រងប្រទេស។
លោកបញ្ជាក់ថា អ្នកនយោបាយនៃគណបក្សទាំងពីរ ត្រូវងាកមកគោរពការប្រើប្រាស់វប្បធម៌សន្ទនា ដែលបានសរសេរក្នុងកិច្ចព្រមព្រៀងនយោបាយរបស់ខ្លួនចុះនៅឆ្នាំ២០១៤។
លោក ហេង ស្រ៊ាង បន្តថាកិច្ចព្រមព្រៀងមានសរសេរពីការមិនយករឿងបុគ្គលមកវាយប្រហារគ្នាដើម្បីកេងចំណេញនយោបាយ។
លោកបន្ថែមថា អ្នកនយោបាយគណបក្សប្រឆាំង និងគណបក្សដទៃ គួរផ្ដោតលើការសរសេរគោលនយោបាយដឹកនាំប្រទេស ប្រសើរជាងតទល់គ្នាក្នុងរឿងបុគ្គលដែលនាំឲ្យខូចដល់ប្រយោជន៍ប្រជាជាតិខ្មែរ។
«គណបក្សសង្គ្រោះជាតិ ឬគណបក្សមួយៗហ្នឹង គួរតែមានគោលនយោបាយនៅក្នុងការអភិវឌ្ឍជាតិ ក្នុងការធ្វើនូវអ្វីដែលខ្លួនគិតថាល្អ គិតថាត្រូវហ្នឹង សរសេរជាគោលនយោបាយតែម្ដងទៅ ថាតើគួរដឹកនាំប្រទេសហ្នឹង ធ្វើម៉េចឲ្យប្រជាពលរដ្ឋមានទឹកធ្វើស្រែ អ្នកចម្ការមានទឹកធ្វើស្រែ ហើយមានទុន ហើយមានទីផ្សារ ហើយធ្វើម៉េចឲ្យរាស្ត្រ ឲ្យយុវជនហ្នឹងចប់ការសិក្សាទៅ ឲ្យមានការងារធ្វើ កុំឲ្យមានចំណាកស្រុកច្រើនពេក ហើយធ្វើម៉េចលុបបំបាត់អំពើពុករលួយម៉េច ឬក៏លុបបំបាត់ការកាប់បំផ្លាញព្រៃឈើហ្នឹងម៉េច អាហ្នឹងវាសំខាន់»។
គណបក្សកាន់អំណាច និងគណបក្សប្រឆាំង បានប្រឈមមុខដាក់គ្នាអស់រយៈពេលជាច្រើនខែ ហើយមិនទាន់មានសញ្ញាណាមួយដែលថា ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ នឹងជួបចរចាគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹងនេះនៅឡើយទេ។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ VOA ថា លោកមិនទាន់ទទួលដំណឹងថាមានអ្នកនយោបាយមកពីគណបក្សប្រឆាំង មកទាក់ទងសុំឲ្យមានការជួបសន្ទនាគ្នានោះទេ។
លោកបន្តថា ទោះបីជាមានការសន្ទនាគ្នាឡើងវិញក៏ដោយ ក៏អ្នកនយោបាយនៃគណបក្សទាំងពីរ មិនអាចលូកដៃចូលរឿងក្ដីក្ដាំក្នុងតុលាការដែលបានសម្រេចឃុំខ្លួនមន្ត្រីគណបក្សប្រឆាំង និងក្រុមអ្នកការពារសិទ្ធិមនុស្សបានទេ។
លោកបញ្ជាក់បន្ថែមថា កម្ពុជា មិនបានជួបការប្រេះឆាផ្នែកនយោបាយនោះឡើយ ហើយអ្វីដែលកំពុងកើតឡើង គឺជារឿងបុគ្គលរបស់អ្នកនយោបាយគណបក្សប្រឆាំងតែប៉ុណ្ណោះ។
«ខ្ញុំយល់ថា អត់មានបែកបាក់អីទេ។ គណបក្សនិងគណបក្សមានឈ្លោះគ្នាឯណា។ វាអត់មានឈ្លោះគ្នា តែវារឿងគាត់តវ៉ាអ្នកជាប់ទោសទេតើ ហើយជាប់ទោសរឿងអី ដោយសាររឿងអី ដោយសារគាត់ប្រព្រឹត្តបទល្មើស ល្មើសច្បាប់។ ដូច្នេះ អាហ្នឹង គាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ហើយដូច្នេះហើយទៅអំពាវនាវម៉េច ក៏វាមិនបានដែរ។ នាងចេកនាងចម ឬវិញ្ញាណក្ខន្ធព្រះបាទជ័យវរ្ម័នទី៧ មិនជួយអ្នកប្រព្រឹត្តខុសទេ។ លោកជួយតែអ្នកល្អត្រឹមត្រូវតើ»។
យ៉ាងណាក៏ដោយ លោក សុន ឆ័យ អនុប្រធានគណៈកម្មការហិរញ្ញវត្ថុ និងធនាគារនៅសភាជាតិ បញ្ជាក់បន្ថែមថា ក្រុមអ្នកតំណាងរាស្ត្រខាងគណបក្សប្រឆាំង នឹងទៅបន់ស្រន់ សុំការជួយពីលោកតាឃ្លាំងមឿងនៅខេត្តពោធិ៍សាត់បន្តទៀត។
រីឯលោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ បានបន្តសុំឲ្យសហគមន៍អន្តរជាតិដាក់សំពាធមកលើរដ្ឋាភិបាលខ្មែរ ដើម្បីទាញសភាពការណ៍នយោបាយដែលលោកយល់ថាស្ថិតក្នុងភាពអាសន្ន ឲ្យវិលមករកស្ថានការណ៍ធម្មតាវិញ៕