នាថ្ងៃព្រហស្បតិ៍នេះ លោកនី ចរិយា មន្ត្រីជាន់ខ្ពស់គ.ជ.ប. ត្រូវបានតុលាការក្រុងភ្នំពេញហៅមកសួរនាំបន្តទៀតក្នុងសំណុំរឿងផ្សំគំនិតសូកប៉ាន់សាក្សី។ លោកស្ថិតនៅក្នុងចំណោមមន្ត្រីសិទ្ធិមនុស្សបួននាក់ផ្សេងទៀត ដែលរងការចោទប្រកាន់ស្រដៀងគ្នានេះ។ ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយខ្មែរនិយាយថា រឿងនេះអាចដោះស្រាយបាន ទាល់តែមានការសម្របសម្រួលផ្នែកនយោបាយ ឬក៏តុលាការខ្លួនឯងត្រូវបង្ហាញពីឯករាជ្យភាពរបស់ខ្លួននៅចំពោះមុខមហាជន។
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) និងលោកនី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប.) ត្រូវបានតុលាការក្រុងភ្នំពេញហៅមកសួរនាំជាបន្តបន្ទាប់ក្នុងសំណុំរឿងសូកប៉ាន់សាក្សី និងផ្សំគំនិតសូកប៉ាន់សាក្សី ដែលផ្ដើមចេញពីទំនាក់ទំនងស្នេហាលួចលាក់មួយដែលគេនៅសង្ស័យថា ពាក់ព័ន្ធនឹងលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងនារីម្នាក់ឈ្មោះខុម ចាន់តារ៉ាទី ហៅស្រីមុំ។
ស្របពេលដែលតុលាការបន្តការសួរនាំអ្នកជាប់ចោទទាំងប្រាំនាក់នេះ លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានដាក់បម្រាមខ្លួនឯងមិនចាកចេញពីទីស្នាក់កណ្តាលគណបក្សសង្គ្រោះជាតិ ដើម្បីគេចពីការចាប់ខ្លួនដែលអាចនឹងធ្វើឡើងដោយរដ្ឋអំណាចរបស់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ទាក់ទិននឹងសំណុំរឿងដែលជាប់ជំពាក់ជាមួយនឹងអ្នកនយោបាយរូបនេះ ក្រុមមន្ត្រីសិទ្ធិមនុស្ស និងអ្នកវិភាគការវិវត្តសង្គមកម្ពុជាបានប៉ាន់ស្មានទុកជាមុនថា អ្នកជាប់ចោទទាំងប្រាំនាក់នោះពុំអាចមើលឃើញច្រកណាមួយដើម្បីបានរួចពីសំណាញ់របស់តុលាការបានឡើយ នៅគ្រាដែលស្ថានភាពនយោបាយក្នុងប្រទេសដ៏ក្រីក្រមួយនេះបន្តស្ថិតក្នុងសភាពតានតឹងនោះ។
ការឃុំខ្លួនសកម្មជនសិទ្ធិមនុស្សអាដហុក (Adhoc) និងមន្ត្រីគ.ជ.ប.នេះបានធ្វើឲ្យសកម្មជនដីធ្លី និងសិទ្ធិមនុស្សផ្សេងទៀតកើតទុក្ខមិនសុខចិត្ត ហើយផ្តើមធ្វើ«យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ»។ យុទ្ធនាការនេះមានគោលដៅធំមួយគឺទាមទារឲ្យមានការដោះលែងអ្នកជាប់ចោទទាំងប្រាំរូបនេះ។ ក៏ប៉ុន្តែ ជារឿយៗ អាជ្ញាធរបានបង្រ្កាប និងចាប់ខ្លួនអ្នកធ្វើយុទ្ធនាការនេះនៅទីសាធារណៈ រួចដោះលែងមកវិញជាបន្តបន្ទាប់។
ស្ថិតក្នុងស្ថានភាពនេះ សកម្មជនសិទ្ធិមនុស្ស និងអ្នកវិភាគសង្គមខ្មែរយល់ឃើញខុសៗគ្នាថា ការដោះលែងអាចធ្វើទៅបាន ល្គឹកណាមានការសម្របសម្រួលខាងផ្លូវនយោបាយ ឬក៏តុលាការត្រូវបង្ហាញពីឯករាជ្យភាពរបស់ខ្លួននៅក្នុងការកាត់ក្តីសំណុំរឿងនេះ។
លោកអំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) បានប្រាប់ VOA កាលពីថ្ងៃពុធម្សិលម៉ិញនេះថា លោកមានក្តីមន្ទិលថា រឿងនេះមិនអាចដោះស្រាយទៅរួចបាននោះឡើយ ខណៈដែលពុំមានភាពធូរស្បើយនៅឡើយខាងនយោបាយរវាងគណបក្សធំៗទាំងពីរគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
លើសពីនេះទៅទៀត តុលាការបានច្រានចោលការស្នើសុំស្ថិតនៅក្រៅឃុំជាច្រើនលើកច្រើនសាររបស់អ្នកទាំងប្រាំនាក់ តាំងពីតុលាការដំបូងក្រុងភ្នំពេញរហូតដល់តុលាការឧទ្ធរណ៍ផងដែរ។
«អីចឹង រឿងទាំងអស់ហ្នឹង បើយើងមើលទៅ វាជាប់ជំពាក់ជំពិនតែទៅនឹងស្ថានភាពនយោបាយដែលកំពុងក្តៅគគុកនេះហើយ។ អីចឹង វាដូចគ្នាដែរ បើសិនជានៅពេលដែលអ្នកនយោបាយទាំងអស់ត្រូវរ៉ូវគ្នា ហើយស្ថានភាពនយោបាយត្រជាក់ អាហ្នឹងខ្ញុំជឿថា អ្នកទាំងអស់ហ្នឹង វាអាចនឹងមានសង្ឃឹមថា បាននៅក្រៅឃុំ បាទ»។
លោកកែម ឡី អ្នកវិភាគសង្គម បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា លោកមិនចង់ឃើញការសម្របសម្រួលនយោបាយណាមួយនាំឲ្យមានការដោះលែងអ្នកជាប់ឃុំទាំងប្រាំនាក់នោះទេ។ លោកបន្តថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមានអង្គព្រះមហាក្សត្រខ្មែរជាប្រធាន ត្រូវបើកការស៊ើបអង្កេតទៅលើចំណាត់ការរបស់តុលាការក្រុងភ្នំពេញ ដែលសម្រេចឃុំខ្លួនអ្នកទាំងប្រាំនោះថា តើការឃុំខ្លួននោះត្រូវបានធ្វើឡើងទៅតាមច្បាប់ពិតប្រាកដ ឬក៏តាមសម្ពាធផ្លូវនយោបាយ។
«បើសិនជាអ្នកហ្នឹងមិនមានទោសទេ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវចាត់វិធានការអង្គចៅក្រមដែលកាត់សេចក្តីរឿងអីចឹងៗណ៎ា។ តែបើថា នៅសម្របសម្រួលនយោបាយហ្នឹង គឺសម្របសម្រួលពីរជីវិតទៀតក៏អត់រួច ក៏អត់មាន អត់អស់បញ្ហាដែរ»។
អ្នកទាំងប្រាំដែលកំពុងស្ថិតក្នុងពន្ធនាគារបណ្តោះអាសន្ន រួមមានលោកនី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) និងអនុប្រធានទាំងពីររបស់លោកគឺ លោកយី សុខសាន្ត និងលោកណៃ វង់ដា ហើយនិងលោកស្រីលឹម មុន្នី មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក (Adhoc) និងលោកនី ចរិយា អគ្គលេខាធិការរងគ.ជ.ប.។
ក្រុមមន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់ទាំងបួនរូបនៃសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទសូកប៉ាន់សាក្សី។ លោកនី ចរិយាត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទផ្សំគំនិតសូកប៉ាន់សាក្សី។
លោកនី ចរិយា នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ត្រូវបានតុលាការក្រុងភ្នំពេញហៅមកសាកសួរម្តងទៀត បន្ទាប់ពីអ្នកជាប់ចោទក្នុងសំណុំរឿងសូកប៉ាន់សាក្សីដដែលនេះ ត្រូវបានតុលាការហៅមកសាកសួរជាបន្តបន្ទាប់រួចមកនោះ។ មិនខុសពីអ្នកដែលត្រូវបានតុលាការសួរឯទៀតនោះទេ លោកនី ចរិយាបានមកបង្ហាញខ្លួននៅតុលាការក្រុងភ្នំពេញ ហើយក៏ត្រូវបានបញ្ជូនត្រឡប់ទៅពន្ធនាគារវិញដដែល។
បន្ទាប់ពីការសាកសួរលោកនី ចរិយាដោយចៅក្រមស៊ើបសួរនៃតុលាការដំបូងក្រុងភ្នំពេញនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ មេធាវីការពារក្តីលោកនី ចរិយា គឺលោកសំ សុគង់បានប្រាប់ VOA ថា លោកនី ចរិយានឹងត្រូវរងចាំការជំនុំជម្រះ ដោយសារតុលាការបានបញ្ចប់ការសួរសំណួរបន្ថែមថ្មីៗទៀត ពាក់ព័ន្ធនឹងសំណុំរឿងផ្សំគំនិតសូកប៉ាន់សាក្សី។ លោកសំ សុគង់បានបញ្ជាក់បន្ថែមថា តុលាការទំនងជាមិននាំលោកនី ចរិយាមកសួរនាំបន្ថែមទៀតនោះទេ លុះត្រាតែតុលាការមាននីតិវិធីអ្វីផ្សេងទៀតនោះ។
ការឃុំខ្លួននេះបានទទួលរងការរិះគន់ពីក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុក និងអន្តរជាតិថា ជាសកម្មភាពវាយប្រហារលើក្រុមសង្គមស៊ីវិលដោយអាជ្ញាធរកម្ពុជា។
អង្គហេតុដែលបង្កឲ្យមានការឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគ.ជ.ប. នេះ ត្រូវគេដឹងថា កើតចេញពីខ្សែអាត់សំឡេងសារសងស្នេហារវាងលោកកឹម សុខា និងនាងស្រីមុំដែលត្រូវបានទម្លាយតាមបណ្តាញសង្គមហ្វេសប៊ុក។
ក្នុងសំណុំរឿងដែលអូសបន្លាយពេលមកជិតខែ៣មកនេះ គេមិនទាន់ដឹងថា សំឡេងសារសងស្នេហារវាងលោកកឹម សុខា និងនាងស្រីមុំនោះគឺជាការណ៍ពិតឬយ៉ាងណានោះទេ ដោយសារតែភាគីកញ្ញាស្រីមុំបានប្រាប់តុលាការថា សំឡេងនោះជាសំឡេងនាង តែមិនបានបញ្ជាក់ប្រាប់តុលាការថា នាងទទួលស្គាល់ខ្លឹមសារនៃការសារសងស្នេហារវាងនាង និងលោកកឹម សុខានៅឡើយទេ។
រីឯលោកកឹម សុខាបានសម្ងំជ្រកកោននៅទីស្នាក់ការកណ្តាលរបស់គណបក្សប្រឆាំង ដោយច្រានចោលការបង្គាប់ឲ្យចូលខ្លួនជាច្រើនដងពីតុលាការផងដែរ ដោយលោកសំអាងថា លោកនៅមានអភ័យឯកសិទ្ធិជាអ្នកតំណាងរាស្ត្រ។ លោកកឹម សុខាក៏បានយកទីស្នាក់ការកណ្តាលរបស់គណបក្សជំនួសឲ្យកន្លែងធ្វើការនៅសភារបស់លោក ក្នុងការប្រាស្រ័យទាក់ទងជាមួយមន្ត្រីអង្គទូតនានានៅកម្ពុជា និងគណៈប្រតិភូអន្តរជាតិផ្សេងទៀត៕