ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ព្យាយាម​បំបែក​បំបាក់​ផ្ទៃ​ក្នុង​


រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (ឆ្វេង)​ និង​លោក​ ស​ ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចូល​រួម​ថ្ងៃ​បុណ្យ​ឯករាជ្យជាតិ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (ឆ្វេង)​ និង​លោក​ ស​ ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចូល​រួម​ថ្ងៃ​បុណ្យ​ឯករាជ្យជាតិ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា​មាន​ការ​ព្យាយាម​បំបែក​ផ្ទៃ​ក្នុង​គណ​បក្ស​របស់​ខ្លួន តាម​រយៈសារ​នយោបាយ​របស់​ថ្នាក់​ដឹកនាំ។

ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ចុង​ក្រោយ​នេះ កើត​ឡើង​ក្រោយ​លោក សម រង្ស៊ី មេដឹក​នាំ​បក្ស​ប្រឆាំង បាន​សរសេរ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក ដោយ​ភ្ជាប់​លោក​ ស​ ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​នឹង​ការ​បង្កើត​រដ្ឋា​ភិបាល​បង្រួប​បង្រួម​ជាតិ​មួយ ដែល​លោក សម រង្ស៊ី ធ្លាប់​ប្រកាស​បង្កើត​កាល​ពី​កន្លង​ទៅ ដោយ​យក​គំរូ​តាម​ប្រទេស​មីយ៉ាន់ម៉ា។

ក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ស សុខា ដែល​ជា​កូន​ប្រុស​របស់​លោក ស ខេង កាល​ពី​ថ្ងៃ​ទី១ ខែ​កញ្ញា​លោក ស សុខា បាន​ថ្លែង​ថា​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី​ជា​ការ​ «ប៉ុន​ប៉ង​បំបែក​សាម​គ្គី​ឯក​ភាព​ផ្ទៃ​ក្នុង»​ របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​លោក​ថា​មិន​អាច​ទៅ​រួច​នោះ​ទេ។ នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្ហោះ​សារ​របស់​លោក សម រង្ស៊ី កាល​ពី​ចុង​ខែ​សីហា ដែល​មាន​អត្ថន័យ​ដើម​ថា៖ «​ការ​បង្កើត​រដ្ឋាភិ​បាល​បង្រួប​បង្រួម​ជាតិ​ដែល​មាន​លោក​ស ​ខេង ចូល​រួម​ផង​ដែរ គឺ​ជា​គំនិត​មួយ​ដ៏​ត្រឹម​ត្រូវ»។

ក្នុង​ការ​ថ្លែង​នៅ​ពិធី​ចែក​អំណោយ​នៅ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ លោក ហ៊ុន ម៉ានី ដែល​ជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ស្ពឺ បាន​ចាត់​ទុក​ការ​អះអាង​របស់​លោក សម រង្ស៊ី ជា​«នយោបាយ​ប្រជាភិថុតិ»។

លោក​បញ្ជាក់​ថា៖ «ការ​ប៉ុន​ប៉ង​ចង់​បំបែក​បំបាក់​សាមគ្គី​ឯក​ភាព​ផ្ទៃ​ក្នុង​របស់​ CPP​ [គណបក្ស​ប្រជាជន​កម្ពុជា]​ទៅ​មិន​រួច​នោះ​ទេ»។

កូន​ប្រុស​របស់​លោក ស ខេង គឺ​លោក ស សុខា ដែល​ជា​អតីត​តំណាងរាស្ត្រខេត្ត​ព្រៃ​វែង បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ថា​«ល្បែង​ប្រជាភិថុតិ​របស់​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​មួយ​ចំនួន​គួរ​ត្រូវ​បាន​បញ្ចប់​ហើយ»។ លោក​បន្ថែម​ថា​ការ​ភ្ជាប់​សារ​ជាមួយ​ឪពុក​របស់​លោក គឺ​«ដើម្បី​ស្តារ​ស្ថានភាព​និង​ប្រជាប្រិយ​ភាព​របស់​ខ្លួន ឃោសនា​កុហក​បោក​ប្រាស់​បំភាន់​ក្នុង​ន័យ​បំបែក​បំបាក់​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​មាន​នយោបាយ​ល្អ ទាំង​ក្នុង​ប្រទេស និង​លើ​ឆាក​អន្តរជាតិ»។

លោក​បន្ថែម​ថា៖ «គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ជា​គណ​បក្ស​តែ​មួយ​គត់​ដែល​មាន​ជំហរ និង​រក្សា​បាន​នូវ​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​ល្អ រឹងមាំ​មិន​អាច​អ្នក​ណា​ឬ​ក្រុម​ណា​មួយ​បំបែក​បាន​និង​ជា​ក្តី​សង្ឃឹម​តែ​មួយ​គត់​របស់​ប្រជាជនកម្ពុជា​ត​រៀង​ទៅ»។

លោក អេង ឆៃអ៊ាង អតីត​អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ការ​ថ្លែង​របស់​លោក​ សម​រង្ស៊ី និយាយ​ត្រូវ​ចំណុចរ​សើប​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ទើបបាន​ជា​មាន​ប្រតិកម្ម​តប​បែប​នេះ។

លោក​ថ្លែង​ថា៖​«ខ្ញុំ​មើល​ឃើញ​ថា​ប្រសិន​បើ​នៅ​ក្នុង​ផ្ទៃ​ក្នុង​គាត់​មាន​សាមគ្គីភាព​គ្នា​មែន​ហ្នឹង គឺ​គេ​(គណបក្ស​ប្រជាជន​កម្ពុជា) មិន​ចាប់​អារម្មណ៍​ដែល​លោក សម​ រង្ស៊ី លើក​ឡើង​ទេ។ ប្រហែល​នៅ​ក្នុង​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​មាន​ការ​ប្រះស្រាំ​គ្នា​យ៉ាង​ពិត​ប្រាកដ។ អញ្ចឹង​ហើយ​ទើប​មាន​ការ​បង្ហាញ​ប្រតិកម្ម​មកអ្វី​ដែល​លោក សម រង្ស៊ី បាន​លើក​ឡើង»។

រូបឯកសារ៖ លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (ស្ដាំ) ឈរ​ចាប់​ដៃ​គ្នា​នៅ​មុខ​សមាជិក​សភា មុន​ពេល​ពិធី​ស្បថ​ចូល​កាន់​តំណែង​នៅ​ខាង​ក្នុង​ព្រះ​បរម​រាជវាំង រាជធានី​ភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤។
រូបឯកសារ៖ លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (ស្ដាំ) ឈរ​ចាប់​ដៃ​គ្នា​នៅ​មុខ​សមាជិក​សភា មុន​ពេល​ពិធី​ស្បថ​ចូល​កាន់​តំណែង​នៅ​ខាង​ក្នុង​ព្រះ​បរម​រាជវាំង រាជធានី​ភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤។

លោក អេង ឆៃអ៊ាង អះអាង​ថា​គណបក្ស​សង្គ្រោះជាតិ​ក៏​រង​ការ​ព្យាយាម​បំបែក​បំបាក់​ពី​គណបក្ស​កាន់​អំណាច​ជា​ច្រើន​លើក​ផង​ដែរ។ ប៉ុន្តែ​លោក​ថា​ លោក សម រង្ស៊ី និង​លោក កឹម​ សុខា​នៅ​តែ​ជា​មនុស្ស​តែ​មួយ។

លោក​បន្ត​ថា៖ «កន្លងមក​យើង​ឃើញ​ជាក់​ស្តែង​រាល់​ថ្ងៃ​នេះ​ លោក ហ៊ុន​សែន ព្យាយាម​ដើម្បីបំបែក លោក កឹម សុខា ចេញ​ពី​លោក សម រង្ស៊ី...ឃើញ​គាត់​បិទ​សិទ្ធិ​សេរីភាព ចោទ​ប្រកាន់ លោក កឹម សុខា មិន​ឲ្យ​តុលាការ​ជំនុំ​ជម្រះ​ក្តី​ឲ្យ​បាន​ឆាប់​ទេ...។ នេះ​សុទ្ធ​ជា​យុទ្ធសាស្ត្រ​ដើម្បី​បំបែក​អ្នក​នយោបាយ​ជាន់​ខ្ពស់​ទាំង​២​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អញ្ចឹង​ទៅ។ អាហ្នឹង​គេ​(ប្រជា​ពលរដ្ឋ)​មើល​ឃើញ គេ​ដឹង​ឮ​ ប៉ុន្តែ​បំបែក​(គណបក្សសង្គ្រោះជាតិ) គឺ​មិន​បែក...បំបែក​គឺ​មិន​ចេញ»។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ មុន​ការ​ចាប់​ខ្លួន លោក កឹម សុខា បាន​អះអាង​ថា​មាន​ការ​បំបែក​រូប​លោក​និង​លោក សម រង្ស៊ី តាម​រយៈ​ការ​អះអាង​ថា​ធ្វើ​ការ​ជាមួយ​អ្នក​នយោ​បាយ​នោះ​បាន និង​ធ្វើ​ការ​ជាមួយ​អ្នក​នោះ​មិន​បាន។ លោក​បាន​អះអាង​ថា​ការ​ព្យាយាម​បំបែក​នេះ មិន​អាច​សម្រេច​នោះ​ទេ។

លោក កឹម​ សុខា បាន​ថ្លែង​ថា៖ «យើង​អត់​បាច់​ឆ្ងល់​ទេ!...គឺ​ធ្វើ​កន្លង​មក​គឺ​រឿង​បំបែក​(ដោយ)​ម្តង​គេត្រូវ​រ៉ូវ​ជាមួយ​លោក​ប្រធាន​សម រង្ស៊ី​ទៅ ល្អូក​ល្អឿន​អញ្ចឹង​ទៅ ហើយ​គេ​ក៏ធ្លាប់​ប្រាប់​លោក​ប្រធាន​សម រង្ស៊ី ថា​ ​កឹម សុខា គេ​អត់​អាច​ធ្វើការ​ជាមួយ​អញ្ចឹង​ទៅ។ ...ដល់​ពេល​លោក សម រង្ស៊ី ខ្ចាត់​ព្រាត់​(និង)​កម្ចាត់​គាត់​បាត់​ទៅ​គេ​ថា​លោក​សម រង្ស៊ី​ចប់​ហើយ​គេ​មិន​អាច​ធ្វើ​ការ​ជា​មួយ​ទេ...។ អញ្ចឹង​វិធី​បំបែក​ដដែល បើ​យើង​មិន​ព្រម​បែក​ហ្នឹង​ហើយ​យើង​គិត​ប្រយោជន៍​ជាតិ​ជា​ធំ ប្រយោ​ជន៍​ប្រជា​ពល​រដ្ឋ​ជា​ធំហ្នឹង​ហើយ បាន​ជា​គេ​មិន​ព្រម​ឲ្យ​យើង​សុខ​ហ្នឹង»។

លោក​សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​ថ្លែង​ថា​លោក​មិន​អាច​សន្និដ្ឋាន​ទៅ​លើ​មតិ​បុគ្គល​ដែល​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​បំបែក​បំបាក់​ផ្ទៃ​ក្នុង​របស់គណ​បក្សណា​មួយ​នោះ​ទេ​ដោយ​លោក​ចាត់​ទុក​ថា​ការ​លើក​ឡើង​នេះ​គ្រាន់​តែ​ជា​សិទ្ធិ​របស់​មនុស្សម្នាក់ៗ​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ដែល​បាន​ទៅ​បំបែក​បំបាក់គណ​បក្ស​សង្គ្រោះ​ជាតិ ឬ​គណ​បក្ស​ណា​មួយ​នោះ​ទេ។​

លោក​ថ្លែង​ថា៖ «គណបក្ស​ប្រជាជន​កម្ពុជា​មិន​ដែល​មាន​វប្បធម៌​បំបែក​បំបាក់​គណបក្ស​ដទៃ​ទេ។ ប៉ុន្តែ​គណ​បក្ស​ដទៃ​ដែល​មាន​ការ​បែក​បាក់​កន្លង​ទៅ គឺ​បែក​បាក់​ដោយ​ខ្លួន​ឯង​ដោយ​សារ​ការ​គ្រប់​គ្រង​មិន​ប្រកប​ដោយ​ប្រជាធិប​តេយ្យ»។

អ្នក​វិភាគ​នយោបាយ លោក សេង សារី បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា​យុទ្ធ​សាស្ត្រ​នៃ​ការ​បំបែក​បំបាក់​គ្នា​រវាង​គណ​បក្ស​ប្រជាជន និង​គណ​បក្ស​សង្គ្រោះ​មាន​ដូច​គ្នា ប៉ុន្តែ​លោក​មើល​ឃើញ​ថា​គណ​បក្ស​ប្រជាជន​កម្ពុជា​តែង​តែ​ព្យាយាមបំបែក​បំបាក់​គណបក្ស​សង្គ្រោះ​ច្រើន​លើក​ជាង។ លោក​ចាត់​ទុក​ថា​ការ​ធ្វើ​នយោបាយ​បែប​នេះ​គឺ​ជា​«គំនិត​ចាស់​គំរិល»​ដែល​មិនគួរ​យក​មក​ប្រើ​នោះ​ទេ ហើយ​វា​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​ជាតិ​យ៉ាង​ខ្លាំង។ ដូច្នេះ​វិធីសាស្ត្រ​ដែល​ល្អ​លោក​យល់​ឃើញ​ថា​គួរ​តែ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ដោយ​យុត្តិធម៌ ទៅ​តាម​បែប​លទ្ធិ​ប្រជា​ធិប​តេយ្យ​វិញ ទើប​អាច​ឲ្យ​សង្គម​ជាតិ​មាន​ភាព​ល្អ​ប្រសើរ។

លោក​ថ្លែង​ថា៖ «ការ​ធ្វើនយោបាយ​បច្ចុប្បន្ន​គឺ​ជា​ការ​ធ្វើ​នយោបាយ ដែល​ធ្វើ​ម៉េច ប្រកួត​ប្រជែង​តាម​បែប​ប្រជាធិបតេយ្យ​ខំប្រឹង​ធ្វើ​ល្អ​ដោយ​ខ្លួន​ឯង​ទៅ ដើម្បី​ធ្វើ​ម៉េច​ដើម្បី​អាច​ទទួល​បាន​ការ​គាំទ្រ​ជាជាង​ទៅ​វាយ​ដៃគូ ក្រៅសង្វៀន ដើម្បី​ទទួល​បាន​ប្រជា​ប្រិយ​ភាព​បែប​ហ្នឹង គឺ​ជា​របៀ​ប​ធ្វើ​នយោ​បាយ​បែប​បុរាណ​ហើយ។ ហើយ​ទទួល​ស្គាល់​ថា​វា​អាច​ជោគ​ជ័យ​ក៏​ប៉ុន្តែ​ដូច​ឃើញ​រាល់​ថ្ងៃ​ហើយ លទ្ធ​ផល​វាធ្លាក់​ទៅ​លើ​ជាតិ​បាន​តិច​មែន​ទែន»។

លោក សេង សារី បន្ត​ថា​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ទំនង​និយាយត្រូវ​ចំណុច​ខ្លះរបស់​គណ​បក្ស​ប្រជាជន​កម្ពុជា ទើប​បណ្តាល​ឲ្យ​មានប្រតិកម្ម​តបបែប​នេះ៕

XS
SM
MD
LG