ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃចោទ​លោក សម រង្ស៊ី ថា​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​លោក ស ខេង


រូប​ឯកសារ៖ លោក សម រង្ស៊ី នៅ​សភា​អឺរ៉ុប​ក្នុង​ទី​ក្រុង​​ព្រុចសែល ប្រទេស​បែលហ្ស៊ិក កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។
រូប​ឯកសារ៖ លោក សម រង្ស៊ី នៅ​សភា​អឺរ៉ុប​ក្នុង​ទី​ក្រុង​​ព្រុចសែល ប្រទេស​បែលហ្ស៊ិក កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ នៅថ្ងៃ​ចន្ទ​នេះ​បាន​ច្រាន​ចោល​សេចក្តី​អធិប្បាយ​នានា​របស់​អតីត​មេដឹក​នាំ​គណបក្ស​ប្រឆាំង​លោក សម​រង្ស៊ី នៅ​ក្នុង​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នានា ដែល​បាន​ភ្ជាប់​លោក​ ស​ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ទៅ​នឹង​ការ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​មួយ។

លោក ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កំពុង​ស្នាក់​នៅក្នុង​ប្រទេស​បារាំង​ចំនួន​២​សប្តាហ៍ដើម្បី​ដោះស្រាយ​ធុរៈ​ផ្ទាល់ខ្លួន ខណៈ​លោក សម​ រង្ស៊ី ដែល​កាល​ពី​កន្លង​ទៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង បាន​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ជួប​មន្ត្រី​សហរដ្ឋអាមេរិក​និងក្រុម​អ្នកគាំ​ទ្រ​គណបក្ស​ជំទាស់។

ឆ្លៀត​ពេល​ដែលលោក​ ស ខេង​ កំពុង​មាន​វត្តមាន​នៅ​ប្រទេស​បារាំង​លោក សម​រង្ស៊ី កាល​ពី​ថ្ងៃ​អាទិត្យបាន​ចេញ​សារ​នយោបាយ​ផ្ទួនៗ​គ្នា​ដោយ​ម្តង​លើក​ឡើង​ថា​ លោក ស​ ខេង​ ជា​អ្នក នយោបាយ​និយម​កណ្តាល​និង​ម្តង​ទៀត​ថា​វា​ជា​ជម្រើស​ត្រឹមត្រូវ ប្រសិន​បើ​លោក ស​ ខេង​ ចូលរួម​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ។

ក្នុង​ការ​បង្ហោះសារ​មួយ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​បណ្តាញសង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​អាទិត្យ​លោក សម រង្ស៊ី បានភ្ជាប់​រូបថត​លោក និង​លោក ស​ ខេង មួយ​សន្លឹក។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម​រង្ស៊ី​ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក និង​បាន​អធិប្បាយ​ថា៖ «លោក ​ស​ ខេង ​ជា​មនុស្ស​កណ្តាល»។

លោក​ សម រង្ស៊ី​ បាន​បង្ហោះ​សារ​មួយ​ផ្សេង​ទៀត​ដោយ​ថា៖ «ការ​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ដែល​មាន​លោក ស ខេង ចូលរួម​ផង​ដែរ​គឺ​ជា​គំនិត​មួយ​ដ៏​ត្រឹមត្រូវ»។

រូប​ឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ស ខេង ចូលរួម​ទិវាបុណ្យ​ឯករាជ្យ​ជាតិថ្ងៃទី​៩ វិច្ឆកា ឆ្នាំ​២០១៩​ នៅ​រាជធានីភ្នំពេញ​។ (ហ៊ុល រស្មី/VOA) ​
រូប​ឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ស ខេង ចូលរួម​ទិវាបុណ្យ​ឯករាជ្យ​ជាតិថ្ងៃទី​៩ វិច្ឆកា ឆ្នាំ​២០១៩​ នៅ​រាជធានីភ្នំពេញ​។ (ហ៊ុល រស្មី/VOA) ​

លោក​នាយ​ឧត្តមសេនីយ៍​ ខៀវ ​សុភ័គ​ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ប្រតិកម្ម​ភ្លាមៗ​ថា​ការ​អធិប្បាយ​របស់​លោក សម រង្ស៊ី​ ជា​ចេតនា​នៃ​ការ​ផ្សព្វផ្សាយ​ដំណឹង​ក្លែងក្លាយ​ហើយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃមិន​មាន​ការ​ជជែក​ជាមួយ​ក្រុម​អ្នក​នយោ​បាយ​បក្ស​ប្រឆាំង​ណាមួយ​ទេ ក្នុង​ពេល​លោក​កំពុង​មាន​ធុរៈ​ផ្ទាល់​ខ្លួន​នៅ​ប្រទេស​បារាំង។

លោក​ ខៀវ​ សុភ័គ​ បញ្ជាក់​ថា៖ «ជា​ការ​បំប៉ោង​ព័ត៌មាន​គេ​ហៅ​បំផ្លើស​ព័ត៌មាន ព័ត៌មាន​មិនមែន​ជា​ការ​ពិតfake news [ដំណឹង​ក្លែង​ក្លាយ​] ពាក្យ​សាមញ្ញ​ថា ​fake news [ដំណឹង​ក្លែង​ក្លាយ​]​គ្មាន​អី​ដូច​ទណ្ឌិត​សម​រង្ស៊ី​ថា​នោះ​ទេ​...សម្តេច​ក្រឡាហោម​លោក​អញ្ជើញ​ប្រទេស​បារាំង​ហ្នឹង​គឺជា​ដោយ​មាន​ធុរៈ​ផ្ទាល់​ខ្លួន​សុទ្ធ​សាធ​គ្មាន​កម្មវិធី​អី​ក្រៅ​ពី​ហ្នឹង​ទេ។ គ្មាន​ទៅ​ជួប​អ្នកនយោបាយ​ណា​ជួប​អី​ គ្មាន​ទេ។ សុំ​បដិសេធ​ចោល​ទាំង​ស្រុង​នូវ​ព័ត៌មាន​មិន​ពិត»។​

បើ​តាម​លោក ​ខៀវ​ សុភ័គ​ លោក សម​ រង្ស៊ី មិន​មាន​ទម្ងន់​នយោបាយ​ដែល​អាច​ជំរុញ​ឲ្យ​គណបក្ស​កាន់​អំណាច​បើក​ការ​ចរចា​ខាង​នយោបាយ​បាន​ទេ​ដោយ​លើក​ហេតុ​ផល​លោក សម​រង្ស៊ី​ «ជា​ទណ្ឌិត​រត់​ចោល​ស្រុក» និង​គ្មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដូច​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ប្រាប់​វីអូអេ​បន្ថែម​យ៉ាង​ដូច្នេ៖ «ការ​ចរចា​បើ​គិត​ខ្ញុំ​ផ្ទាល់​ខ្លួន​វា​ទាល់​តែ​ពីរ​ភាគី​ហ្នឹង​វា​មាន​ស្មើ​គ្នា​វាយ​ទៅ​វាយ​មក​ដណ្តើម...អា​នេះ​ពួក​នេះ​គ្មាន​ស្អី​ផង។ ​មនុស្ស​គ្មាន​ទាំង​ប្រជាជន​កាន់​កាប់ ​គ្មាន​ទៅ​ស្អី​ដី​មួយ​ដុំ​គ្មាន​អី​ផង​ទៅ​ចរចា​ជាមួយ​ពួក​វា​ធ្វើ​អី​អា​ពួក​ឧទ្ទាម​ក្រៅ​ច្បាប់​ទាំង​អស់​ហ្នឹង​ មាន​ប្រយោជន៍​អី»។

ក្នុង​សំណុំ​រឿង​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នេះ​លោក សម​ រង្ស៊ី ដែល​ត្រូវ​តុលាការ​កម្ពុជា​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២៥​ឆ្នាំ បាន​បង្ហាញ​ពី​បំណង​របស់​លោក​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ដែល​ស្រដៀង​នឹង​អ្វី​ដែល​អ្នក​ប្រជាធិប​តេយ្យ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កំពុង​ធ្វើ ក្រោយ​ពួក​មន្ត្រី​យោធា​នៅ​ប្រទេស​នោះ​បាន​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នក​ស្រី​ Aung San Suu Kyi ដែល​ជា​មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ហៅ​កាត់​ថា​NLD។ នេះ​ជា​ការ​ថ្លែង​របស់​លោក សម រង្ស៊ី កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា។

រូបឯកសារ៖ លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅគេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួមសវនាការ​សប្តាហ៍​ទីពីរលើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅគេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួមសវនាការ​សប្តាហ៍​ទីពីរលើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

ភ្លាមៗ​នោះ​មេដឹកនាំ​គណបក្ស​ជំទាស់​លោក កឹម​ សុខា ​ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​និង​ដែល​បាត់​សិទ្ធិ​ធ្វើ​នយោបាយ​នោះបាន​ផ្តាំ​ផ្ញើ​តាម​មេធាវី​លោក​មួយ​រូប​គឺ​លោក ​ចាន់ ចេន ថា​ «លោក​មិន​ជាប់​ពាក់ព័ន្ធ​មិន​គាំទ្រ​ និង​មិន​ចូលរួម​ក្នុង​ការ​គ្រោង និង​ការ​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​ទេ»។

អតីត​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ូ ចន្ទរ័ត្ន បាន​ចាត់​ទុក​ថា​លោក សម ​រង្ស៊ី «កំពុង​ស្រមើស្រមៃ​» ទៅ​នឹង​អ្វី​ដែល​មិន​អាច​កើត​មាន​បាន​តួយ៉ាង​ដូចជា​ការ​ចង់​ឲ្យ​លោក ស​ខេង មក​រួម​ដៃ​ជាមួយ​លោក​ដើម្បី​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​មួយ​នោះ។

លោក អ៊ូ ចន្ទរ័ត្ន បញ្ជាក់​ថា៖ «សម្រាប់​ខ្ញុំ​ជា​ការ​យល់​ឃើញ​ថា​វា​មិន​គួរ​លើក​យក​មក​ដាក់​ជា​វេទិកា​សម្រាប់​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ដល់​មតិ​មហាជន​ទេ។ ទោះ​បី​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​ឃើញ​មែន​ប៉ុន្តែ​ក្នុង​ស្ថានភាព​មួយ​នេះ​ខ្ញុំយល់​ថាអាហ្នឹង​គ្រាន់តែ​ជា​ការស្រមើ​ស្រមៃ​ទេ។ ហើយ​មិន​អាច​យក​មក​ធ្វើ​ជា​ល្បែង​នយោបាយ​អីតទៅ​ទៀត​កើត​ហ្នឹង​ហើយ»។

អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត សេង សារី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​លោក សម​ រង្ស៊ី​ កំពុង​ប្រើ«​តាក់​តិច​នយោ​បាយ» ដើម្បី​បង្ក​ការ​បែកបាក់​ផ្ទៃ​ក្នុង​នៅ​ក្នុង​គណបក្ស​កាន់​អំណាច។​ក៏​ប៉ុន្តែ​លោក​ថា​ការ​ស្រុះ​ស្រួល​ខាង​នយោបាយ​មួយ​គួរ​ត្រូវបាន​ធ្វើ​ឡើង​ឆាប់ៗ​នេះដើម្បី​កុំ​ឲ្យ​កម្ពុជា​រង​គំនាប​សេដ្ឋកិច្ច​ឬ​កាទូត​ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​សំខាន់ៗ​មួយចំនួន​រួមមាន​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ជាដើម។​

​អ្នក​វិភាគ​រូប​នេះ​ថ្លែង​ថា៖ «សហគមន៍​អឺរ៉ុប​រឿង ​EBA​ ក៏​មិនឃើញ​ថា​មាន​សញ្ញា​ដើម្បី​ឲ្យ​២០%​មក​វិញ។ អាមេរិក​កំពុង​អនុម័ត​ច្បាប់​២​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ...ដាក់​មក​លើ​កម្ពុជា។ ​អីចឹង​ស្ថានភាព​វា​ធ្ងន់ធ្ងរ​ស្ថាន​ភាព​ធ្ងន់​ធ្ងរ។ ហើយ​យើង​កំពុង​តែ​បាក់​កម្លាំង​ជាមួយ​នឹង​ការ​ប្រយុទ្ធប្រឆាំង​ជាមួយ​កូវីដ​១៩​ទៀត​ខ្ញុំ​គិត​ថា​ បើ​គ្រាន់តែ​មាន​ការចរចា​ហើយ​ការចរចា​នយោបាយ​សម្រាប់​ខ្ញុំ​អត់​មាន​ភាគី​ណា​មួយ​អន់​ភាគី​ណាមួយ​គ្រាន់​បើ​ទេ។ ឲ្យ​តែ​ភាគី​ទាំងពីរ​ហ្នឹងធ្វើ​ដើម្បី​ជាតិ​អាហ្នឹង ខ្ញុំ​គិត​ថា​ជា​សុទ្ធ​តែ​ជា​រដ្ឋ​បុរស ជា​អ្នក​ដែល​ជា​វីរបុរស​ជាតិ​សម្រាប់​កម្ពុជា»។

គួរ​បញ្ជាក់​ថា​លោក ស​ ខេង​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​សីហា​និង​គ្រោង​វិល​ត្រឡប់​មក​មាតុ​ប្រទេស​វិញ​នៅ​ថ្ងៃ​ទី​៥​ខែ​កញ្ញា​ខាង​មុខ​នេះ។​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ខុទ្ទកាល័យ​ក្រសួង​មហាផ្ទៃ​កាល​ពី​ពេល​កន្លង​មក៕

XS
SM
MD
LG