ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ស ខេង ទៅ​ប្រទេស​បារំាង ក្រោម​ហេតុ​ផល​មាន​ធុរៈ​ផ្ទាល់​ខ្លួន​​​​​​​


លោកឧបនាយករដ្ឋមន្ត្រី ស ខេង ឡើងថ្លែងសុន្ទរកថានៅសាលាខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ (រូបថត៖ ទំព័រហ្វេសប៊ុកលោក ស ខេង)
លោកឧបនាយករដ្ឋមន្ត្រី ស ខេង ឡើងថ្លែងសុន្ទរកថានៅសាលាខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ (រូបថត៖ ទំព័រហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ​ស ខេង​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​អាទិត្យ​ទៅ​ប្រទេស​បារាំង​រយៈពេល​២សប្តាហ៍​ដោយ​លើក​ហេតុ​ផល​មាន«ធុរៈ​ផ្ទាល់​ខ្លួន»។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​ខុទ្ទកាល័យ​នៃក្រសួង​មហាផ្ទៃ។

សេចក្តីប្រកាស​ចុះ​ថ្ងៃ​២២ ខែ សីហា​ ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា​ដោយ​មាន​ធុរៈ​ផ្ទាល់​ខ្លួន​និង​បាន​ទទួល​ការ​អនុញ្ញាត​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បារំាង​ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​សីហា​រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​កញ្ញា​ឆ្នាំ​២០២១។

សេចក្តី​ប្រកាស​ដដែល​ មិន​បាន​បញ្ជាក់​លម្អិត​នៃ​ដំណើរ​របស់​លោក​ស ខេង ​ទៅកា​ន់​ប្រទេស​បារំាង​នោះទេ។ ក្នុង​ពេល​អវត្តមាន លោក សក់ សេដ្ឋា រដ្ឋ​លេខាធិការ​ប្រចាំ​ការ​នឹង​ទទួល​បន្ទុក​ជា​រដ្ឋមន្រ្តី​ស្តីទី។

លោក​នាយ​ឧត្តមសេនីយ៍​ខៀវ​សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បដិសេធ​មិន​ផ្តល់​សេចក្តី​ពន្យល់​អំពី​ដំណើរ​របស់​លោក​ ស ខេង​ ទៅ​កាន់​ប្រទេស​បារំាង​ដោយ​ស្នើ​ឲ្យ​អ្នក​យក​ព័ត៌មាន​យោង​ទៅ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ខុទ្ទកាល័យ​ក្រសួង​មហាផ្ទៃ។

លោក​គ្រាន់​បញ្ជាក់​ថា៖ «បាទ​ពូ​ដឹង​តាម​នៅ​ក្នុង​ប្រកាស​ហ្នឹង​គេ​ដាក់​ម៉េច​អីចឹង។ ដឹង​តែ​ប៉ុណ្ណឹង សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខុទ្ទ​កាល័យ​បើ​យក​តាម​ហ្នឹង​ទៅ​អត់​ខុស​ទេ»។

អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​លោក​ កុយ គួង​ មិន​ឆ្លើយ​តប​សំណួរ​របស់​វីអូអេ​ដែល​បាន​ផ្ញើតាម​សារ​ឆ្លើយ​ឆ្លង​WhatsApp។

មន្ត្រី​ស្ថានទូត​បារំាង​ក្នុង​ទីក្រុង​ភ្នំពេញ​មិន​ឆ្លើយ​តប​សំណួរ​របស់​វីអូអេ​ដែល​បាន​ផ្ញើ​តាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​ចន្ទ​នេះ។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា មួយ​ថ្ងៃ​មុន​ការ​ចាក​ចេញ​របស់​លោក ស ខេង ទៅ​ប្រទេស​បារាំង លោក​បាន​ដឹកនាំ​កិច្ច​ប្រជុំ​អន​ឡាញ​មួយ ដោយ​មាន​បង្ហាញ​វីដេអូ​របស់​លោក​ផង​ដែរ។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត​ មាស នី ប្រាប់​វីអូអេ​ថាបន្ថែម​ពី​ធុរៈ​ផ្ទាល់​ខ្លួន លោក​ស ខេង​អាច​ស្កាត់​ទៅ​ជួប​សមាជិក​គណបក្ស​កាន់​អំណាច​នៅ​ប្រទេស​បារំាង​ដើម្បី​ពិភាក្សា​ពី​បញ្ហា​នយោបាយ​មួយ​ចំនួន។

រូបឯកសារ៖ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ជជែក​គ្នា ក្នុង​អំឡុងពេលជូន​ដំណើរព្រះមហាក្សត្រ​ព្រះអង្គ សីហមុនី យាង​ចេញ​ដំណើរ​ទៅ​កាន់ប្រទេស​ចិន​ដើម្បី​ពិនិត្យ​សុខភាព អាកាសយានដ្ឋាន​ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ជជែក​គ្នា ក្នុង​អំឡុងពេលជូន​ដំណើរព្រះមហាក្សត្រ​ព្រះអង្គ សីហមុនី យាង​ចេញ​ដំណើរ​ទៅ​កាន់ប្រទេស​ចិន​ដើម្បី​ពិនិត្យ​សុខភាព អាកាសយានដ្ឋាន​ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។

អ្នក​វិភាគ​រូប​នេះ​ពន្យល់​ថា៖ «ជួន​កាល​គាត់​អាច​ទៅ​មាន​កិច្ច​ការ​អី​ផ្ទាល់​ខ្លួន​ដែល​គាត់​ត្រូវ​ទៅ​ជួប​ព្រោះ​នៅ​ស្រុក​បារាំង​ក៏​មាន​បណ្តាញ​របស់​ខាង​គណបក្ស​ប្រជាជន​ច្រើន​នៅ​ខាង​ស្រុក​បារាំង​ហើយ​នៅ​ពេល​ដែល​គាត់​មិន​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ថា​គាត់​ទៅ​ធ្វើ​អី​ ខ្ញុំ​គិត​ថា​អាហ្នឹង​វា​អាច​ជា​ដំណើរ​ការ​ឯក​ជន​របស់​គាត់។ អាហ្នឹង​វា​ពិបាក​នឹង​ធ្វើ​អត្ថាធិប្បាយដោយសារ​យើង​អត់​ដឹង​ថា​គាត់​ទៅមាន​បំណង​អី»។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បន្ថែម​ថា​វា​អាច​ជា​ការ​លឿនពេក​ក្នុង​ការ​វិភាគ​ទៅ​ដល់​លទ្ធភាព​នៃ​ជំនួប​នៅ​ក្រៅ​ប្រទេស​រវាង​លោក ​ស ខេង​ និង​ក្រុម​ថ្នាក់​ដឹកនាំ និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស។ ក៏ប៉ុន្តែ​លោក​លើក​ឡើង​ពី​ក្តីបារម្ភ​ថា​កម្ពុជា​អាច​នឹង​ប្រឈម​ការ​បាត់​បង់​ការផ្តល់​ជំនួយ​ពី​សហគមន៍​អន្តរ​ជាតិ ចំ​ពេលប្រទេស​នេះ​កំពុង​ត្រូវការ​ជំនួយ​ផ្សេងៗ​ដើម្បី​ទប់​ទល់​នឹង​ជំងឺ​កូវីដ១៩ និង​នៅ​ខណៈ​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ជម្លោះ​នយោបាយ​ផ្ទៃ​ក្នុង​ដែល​មិនទាន់​ត្រូវ​បាន​ដោះស្រាយ​រួច​នៅ​ឡើយ។

លោក មាស នី​ បញ្ជាក់​ថា៖ «អ្វី​ដែល​ជា​ការតម្រូវការ​របស់​កម្ពុជា​គឺកម្ពុជា​នៅ​តែ​តម្រូវ​ការ​ឲ្យមានការ​ជួយ​គាំទ្រ​ពីអន្តរជាតិ។ដូច្នេះ​បើសិន​បើ​យើង​មិន​មាន​ជំហរ​ណាមួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​វិបត្តិ​ផ្ទៃ​ក្នុង​របស់​យើង​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​របស់​យើង​ទេ​វា​នឹង​អាច​ធ្វើ​ឲ្យ​មាន​ភាព​រអាក់​រអួល​ដល់​ការ​ទទួល​នូវការ​ជួយ​ពី​បរទេស​ថែម​ទៀត»។

អតីត​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក ​អ៊ូ ច័ន្ទរ័ត្ន​ មើល​ឃើញ​លោក ​ស ខេង ថា ជា​អ្នក​នយោបាយ​ដែល​ប្រកាន់​ជំហរ​និយម​កណ្តាល​ដែល​អាច​សម្រាល​ស្ថានការណ៍​នយោបាយ​របស់​ប្រទេស។

ទាក់​ទិន​នឹង​ដំណើរ​របស់​លោក​ ស ខេង​ ទៅកាន់​ប្រទេស​បារាំង​នោះ​លោក ​អ៊ូ​ ចន័្ទរ័ត្ន​មិន​មាន​ក្តី​រំពឹង​ថា លោក​ស ខេង​អាច​ស្វះស្វែង​ឲ្យមាន​ជំនួប​នយោបាយ​រវាង​លោក​និង​ក្រុមថ្នាក់ដឹកនាំនៃគណបក្ស​ជំទាស់ ក្នុងនោះ​មាន​លោក​សម រង្ស៊ី​ដែល​បាន​ចាកចេញ​ពី​ប្រទេស​បារំាង​ឆ្ពោះ​មក​សហរដ្ឋ​អាមេរិក។​

លោក​ពន្យល់​យ៉ាង​ដូច្នេះ៖ «យើង​ដឹង​ទាំង​អស់​គ្នា​ថា​សម្តេច​ក្រឡាហោម​លោក​មាន​ជំហរ​moderate [ជំហរ​កណ្តាល​]ច្រើន ក្នុង​ការ​ទទួល​យក​ច្រើន​ហើយ​មិនឆុងឆាំង​ពេក។​ប៉ុន្តែ​មក​ដល់​ពេល​នេះ​ខ្ញុំ​មើល​ទៅ​ដូច​ជា​មិន​មាន​អី​ដែល​យើង​ជឿ​ជាក់​ថា​អាច​នឹង​មាន​ការ​ជជែក​គ្នា​ដោះស្រាយ​គ្នា»។

លោក​បន្ថែម​ថា អតីត​គណបក្ស​សង្គ្រោះជាតិ​ក៏លែង​មាន​«ទម្ងន់​នយោបាយ»​ដាក់​សម្ពាធ​ឲ្យ​គណបក្ស​កាន់​អំណាច​បើក​ផ្លូវ​ឲ្យ​មាន​ការ​សម្រប​សម្រួល​ខាង​នយោបាយ​នោះ​ដែរ។

លោក​ថ្លែង​ថា៖ «ព្រោះ​យើង​មើល​ដំណើរការ​កាត់​ក្តី​របស់​លោក​ប្រធាន​ កឹម សុខា​ ក៏​នៅ​គាំង​នៅ​ហ្នឹង។ ហើយ​ហាក់​ដូច​ជា​មិន​ពិបាក​ពេក​ក្នុងការ​កាត់​ក្តី​ទេ។ ករណី​ផ្សេង​ៗ​ យក​ទៅ​កាត់​កើត ហើយ​ករណី​ឯក​ឧត្តម​ប្រធាន​កឹម សុខា​អត់​ទៅ​កាត់​ផង។ ដូច្នេះ​ខ្ញុំ​ជឿ​ថា​ដូច​មិន​មាន​អី​ ជជែក​ឬក៏​ដោះ​ស្រាយ​ទេ។ ហើយ​ម្យ៉ាង​ដូច​មិន​មាន​អី​ត្រូវ​ដោះដូរ​ទៀត​។ ការលើក​មុន​ ជជែក​ចរចា​វាច្រើន​តែ​មាន​ការ​ដោះ​ដូរ។ ឥឡូវ​នេះ​ ដូច​ជា​មិន​មាន​ឥទ្ធិពល»។

គួរ​បញ្ជាក់​ថា​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៩ លោក ស ខេង ដែល​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​អាល្លឺម៉ង់ ដែល​ផ្ដោត​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេ​ភាគី​ជាមួយប្រទេស​អាល្លឺម៉ង់ និង​ស្វែង​យល់​ពី​ដំណើរ​ការ​កំណែ​ទម្រង់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​របស់​អាល្លឺម៉ង់។ ក្នុង​ដំណើរ​ទស្សន​កិច្ច​ក្រៅ​ប្រទេស លោក​ក៏​បាន​ឆ្លៀត​ពេល​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ទី​នោះ​ផង​ដែរ៕

XS
SM
MD
LG