ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​បង្ហាញ​ផែនការ​សន្តិភាព​ក្នុង​ជំនួប​ជាមួយ​អាមេរិក


រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Marco Rubio និង​រដ្ឋមន្រ្តី​ការបរទេស​អ៊ុយ​ក្រែន​លោក Andrii Sybiha ធ្វើការ​ចរចា​ដែល​មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មន្រ្តី​អារ៉ាប៊ីសាអូឌីត​ជាម្ចាស់​ផ្ទះ​នៅក្នុង​ទីក្រុង Jeddah អារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Marco Rubio និង​រដ្ឋមន្រ្តី​ការបរទេស​អ៊ុយ​ក្រែន​លោក Andrii Sybiha ធ្វើការ​ចរចា​ដែល​មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មន្រ្តី​អារ៉ាប៊ីសាអូឌីត​ជាម្ចាស់​ផ្ទះ​នៅក្នុង​ទីក្រុង Jeddah អារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

មន្ត្រី​សហរដ្ឋ​អាមេរិក​និង​មន្ត្រី​អ៊ុយក្រែន​បាន​ចាប់ផ្ដើម​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត ដោយ​ភាគី​អ៊ុយក្រែន​គ្រោង​នឹង​បង្ហាញ​ជូន​នូវ​ផែនការ​បទឈប់បាញ់​មួយ​ផ្នែក​ជាមួយ​នឹង​រុស្ស៊ី។

ផែនការ​របស់​អ៊ុយក្រែន​នេះ​រួម​មាន​ការ​បញ្ឈប់​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​និង​បទឈប់បាញ់​ដែល​ផ្ដោត​លើ​សមុទ្រ​ខ្មៅ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy មិន​បាន​ចូលរួម​នៅ​ក្នុង​ការ​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​នេះ​ទេ ដោយ​ប្រទេស​អ៊ុយក្រែន​គឺ​តំណាង​ដោយ​លោក Andriy Yermak នាយក​ខុទ្ទកាល័យ​ប្រធានាធិបតី លោក Andrii Sybiha រដ្ឋមន្ត្រី​ការបរទេស លោក Rustem Umerov រដ្ឋមន្ត្រី​ការពារ​ជាតិ និង​លោក Pavlo Palisa មេបញ្ជាការ​យោធា។

លោក Zelenskyy បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ X មុន​ការ​ប្រជុំ​នេះ​ថា អ៊ុយក្រែន​សង្ឃឹម​ថា​នឹង​ទទួល​បាន «លទ្ធផលជាក់ស្ដែង​»។

រដ្ឋមន្ត្រី​ការបរទេសសហរដ្ឋអាមេរិក​លោក Marco Rubio និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក Mike Waltz ជា​អ្នក​ដឹកនាំ​គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​នៅក្នុង​ការ​ប្រជុំ​នេះ ស្របពេល​ដែល​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ជំរុញ​ឱ្យ​មាន​ការ​បញ្ចប់​ជា​បន្ទាន់​នូវ​សង្គ្រាម​ដែល​រុស្ស៊ី​បាន​ចាប់ផ្ដើម​នៅ​ដើម​ឆ្នាំ ២០២២ ដោយ​ការ​ឈ្លានពាន​ពេញ​ទំហឹង​លើ​អ៊ុយក្រែន​នេះ។

លោក Rubio បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា​នឹង​ដោះស្រាយ​បញ្ហា​ផ្អាក​ជំនួយ​សម្រាប់​អ៊ុយក្រែន។

មន្ត្រី​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​ដែល​ប្រើ​ដ្រូន​ជាង ៩០ គ្រឿង​បាន​សម្លាប់​មនុស្ស​យ៉ាងតិច ២ នាក់​និង​ធ្វើ​ឱ្យ​មនុស្ស ១៨ នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​តំបន់​រដ្ឋធានី​មូស្គូ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​ចំនួន ៩១ គ្រឿង​នៅ​ក្នុង​តំបន់​រដ្ឋធានី​មូស្គូ និង​ដ្រូន​សរុប​ទាំងអស់​ចំនួន ៣៣៧ គ្រឿង​នៅ​ទូទាំង​តំបន់​ទាំងអស់៕

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន The Associated Press ទីភ្នាក់ងារ Agence France-Presse និង​ទីភ្នាក់ងារ Reuters

XS
SM
MD
LG