ប្រទេសរុស្ស៊ីមើលឃើញការស្ដារទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកថាជាកិច្ចការដ៏យូរនិងលំបាកមួយ ប៉ុន្តែជឿថាភាគីទាំងពីរមានឆន្ទៈនយោបាយដើម្បីបន្តទៅមុខ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើការបញ្ជាក់របស់រដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃចន្ទ។
វិធានការយ៉ាងឆាប់រហ័សរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការបន្តសម្រេចឱ្យបាននូវការផ្សះផ្សាទំនាក់ទនងជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើឱ្យអ៊ុយក្រែននិងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនខកចិត្ត។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃមាគ៌ាឆ្ពោះទៅរកការស្ដារទំនាក់ទំនងទ្វេភាគីរបស់យើង។ ផ្លូវនៅខាងមុខគឺយូរអង្វែងនិងលំបាក ប៉ុន្តែយ៉ាងហោចណាស់ប្រធានាធិបតីទាំងពីរបានបង្ហាញនូវឆន្ទៈនយោបាយក្នុងទិសដៅនេះ»។
លោក Peskov បាននិយាយថា វាសំខាន់ក្នុងការកំណត់ថាតើអ៊ុយក្រែនដែលគ្រោងនឹងរៀបចំការពិភាក្សាការទូតកម្រិតខ្ពស់ជាមួយនឹងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃអង្គារនេះពិតជាចង់បានសន្តិភាពឬក៏អត់។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់ថា លោកមានឆន្ទៈក្នុងការចូលរួមក្នុងតុចរចាឱ្យបានឆាប់តាមដែលអាចធ្វើបាន ហើយលោកកំពុងស្វែងរកការធានាពីសហរដ្ឋអាមេរិកនិងអឺរ៉ុបដើម្បីគាំទ្រសន្តិសុខនៅពេលអនាគតរបស់ប្រទេសរបស់លោក៕
វេទិកាបញ្ចេញមតិ