ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ធ្វើ​បាតុកម្មនៅ​ខួប​មួយ​ឆ្នាំ​នៃ​ការ​បង្ក្រាប​របស់​ភូមា​លើ​ពួក​គេ


ស្ត្រី​ជន​ជាតិរ៉ូហ៊ីងយ៉ា​ម្នាក់​កំពុង​អង្គុយ​ក្រោម​ឆ័ត្រ​ដើម្បី​លក់​​ផ្លែ​ឈើ​នៅ​កន្លែង​លេង​ក្នុង​ជំរំ​ Kutupalong ក្នុង​ប្រទេស​បង់ក្លាដែស កាល​ពី​ថ្ងៃទី​២៣ សីហា ២០១៨។
ស្ត្រី​ជន​ជាតិរ៉ូហ៊ីងយ៉ា​ម្នាក់​កំពុង​អង្គុយ​ក្រោម​ឆ័ត្រ​ដើម្បី​លក់​​ផ្លែ​ឈើ​នៅ​កន្លែង​លេង​ក្នុង​ជំរំ​ Kutupalong ក្នុង​ប្រទេស​បង់ក្លាដែស កាល​ពី​ថ្ងៃទី​២៣ សីហា ២០១៨។

ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ​រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​ដើម្បី​កត់​សម្គាល់​ខួប​មួយ​ឆ្នាំ​នៃ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាលភូមា​លើ​ជន​ជាតិ​ភាគ​តិច​នេះ​ ដែល​បាន​បង្ខំ​ឲ្យ​ពួក​គេភៀស​ខ្លួន​ឆ្លង​កាត់​ព្រំដែន​ចូល​ទៅ​ប្រទេស​បង់ក្លាដែស ​បង្កើត​ជំរំ​ជន​ភៀស​ខ្លួន​ធំ​បំផុត​លោក​ពិភពលោក។

ក្រុម​អ្នក​តវ៉ា​បាន​ធ្វើ​បាតុកម្ម​និង​បាន​អធិដ្ឋាន​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុងជំរំ​ជន​ភៀស​ខ្លួន​នៅ​តំបន់ ​Cox'sBazar​ ដើម្បី​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​ជាតិ​ភាគ​តិច​មូស្លីម​នេះ។ ​មន្ត្រី​អន្តរជាតិ​បាន​ហៅ​ការ​បង្រ្កាប​នេះ​ថា​ ជា​ការ​បំបាត់់​ជាតិ​សាសន៍​នៅរដ្ឋ Rakhine ​ប្រទេស​ភូមា។ ​រដ្ឋាភិបាល​ភូមា​ឬ​មីយ៉ាន់ម៉ា​ បាន​បក​ស្រាយ​ថា ​ការ​បង្ក្រាប​គឺ​ជា​សកម្មភាព​ស្រប​ច្បាប់​របស់​ក្រុម​មន្ត្រីសន្តិសុខ​ទៅ​ពួក​សកម្ម​ប្រយុទ្ធ​មូស្លីម។ ​រដ្ឋាភិបាលមីយ៉ាន់ម៉ា ​និយាយ​ថា ​ឥឡូវ​នេះ​មាន​សុវត្ថិភាព​សម្រាប់​ជនភៀស​ខ្លួន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ។

​ប៉ុន្តែជន​ភៀស​ខ្លួន​ដែល​បាន​រួច​ជីវិត​ពី​ការ​បង្ក្រាប​នេះ​កាល​ពី​មួយ​ឆ្នាំ​មុន​ បាន​ប្រាប់​បុគ្គលិក​ជំនួយ​នៅ​ប្រទេស​ បង់ក្លាដែស​អំពី​យុទ្ធនាការ​ដ៏​ក្ដៅ​គគុក​ដែល​មនុស្ស​ជាទីស្រឡាញ់​របស់​គេ​ត្រូវ​បាន​គេ​ចាប់​រំលោភ​និង​សម្លាប់​នៅ​ពី​ចំពោះ​មុខ​ពួក​គេ។ ​ពួក​គេ​រៀប​រាប់​ថា​ ភូមិ​របស់​ពួក​គេ​ត្រូវ​បាន​ដុត​បំផ្លាញ ​ហើយ​គ្រាប់មីន​ត្រូវ​បាន​គេ​កប់ ​មិន​ឲ្យ​ពួក​គេ​អាច​ត្រឡប់​ទៅ​វិញ​បាន។

ជនជាតិ​រ៉ូហ៊ីងយ៉ា ​កន្លះ​លាន​នាក់​បាន​ភៀស​ខ្លួន​ទៅប្រទេស​បង់ក្លាដែស​នៅ​ក្នុង​ខែ​ដំបូង ​ហើយប្រហែល​២០​ម៉ឺន​នាក់​ទៀត​បាន​ភៀស​ខ្លួន​ទៅ​ក្នុង​ពេល​ប៉ុន្មានខែ​ក្រោយ​មក។ អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​នៅសប្តាហ៍​នេះថា ​ខ្លួននៅ​តែ​បន្តទទួល​បាន​របាយ​ការណ៍​អំពីអំពើ​ហិង្សា ​ហើយ​ រវាង​ខែ​មករា​និង​ខែមិថុនា​ឆ្នាំនេះ​មាន​ជនភៀស​ខ្លួនថ្មី​ជាង​១ម៉ឺន​១ពាន់​នាក់​បាន​មក​ដល់​ប្រទេស​បង់ក្លាដេស៕

XS
SM
MD
LG