វេជ្ជបណ្ឌិតមួយក្រុមដែលជួយព្យាបាលជនភៀសខ្លួន Rohingyas នៅក្នុងប្រទេសបង់ក្លាដែស និយាយថាភស្តុតាងវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រច្បាស់លាស់ បង្ហាញថាជនភៀសខ្លួនទាំងនោះ បានរងគ្រោះដោយសារអំពើហិង្សាក្នុងកណ្តាប់ដៃរបស់យោធា និង ជនស៊ីវិលមីយ៉ាន់ម៉ា។
ក្នុងរបាយការណ៍ដែលមានចំណងជើងថា «សូមប្រាប់ពិភពលោកអំពីអ្វីដែលពួកគេបានប្រព្រឹត្តលើពួកយើង» ក្រុមវេជ្ជបណ្ឌិតដើម្បីសិទ្ធិមនុស្ស រៀបរាប់យ៉ាងលំអិតអំពីការរកឃើញរបស់ពួកគេ ក្នុងការព្យាបាលជនជាតិ Rohingya ចំនួន២២នាក់ដែលនៅរស់រានមានជីវិតពីការវាយប្រហារមួយកាលពីខែសីហាឆ្នាំ ២០១៧ លើភូមិ Chut Pyin ក្នុងរដ្ឋ Rakhine ដែលស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។
អង្គការនេះបាននិយាយថា « Chut Pyin ជាឧទាហរណ៍សំខាន់មួយនៃយុទ្ធនាការសាបព្រួសអំពើហិង្សា របស់អាជ្ញាធរមីយ៉ាន់ម៉ា លើជនជាតិ Rohinya និងអ្វីដែលបានកើតឡើងក្នុងភូមិនោះ និងនៅទីកន្លែងផ្សេងៗទៀតក្នុងរដ្ឋ Rakhine និងការប្រើប្រាស់ការរំលោភផ្លូវភេទ ការកាប់សម្លាប់ ការប្លន់ទ្រព្យសម្បត្តិ និងការបង្កប់មីនដើម្បីរារាំងមិនឲ្យពួកគេអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេបាន៕