ជនជាតិរ៉ូហ៊ីងយ៉ាប្រហែលមួយលាននាក់រស់នៅក្នុងជំរំដែលគ្មានការឧបត្ថមគ្រប់គ្រាន់ និងគ្មានអនាម័យនៅក្នុងទីក្រុង Cox's Bazar។ មនុស្សជាង៧សែននាក់ បានភៀសខ្លួនទៅទីក្រុង Cox's Bazar ចាប់តាំងពីខែសីហា ដើម្បីគេចពីអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងការភៀសខ្លួនដោយប្រញាប់ប្រញាល់របស់ជនជាតិរ៉ូហ៊ីងយ៉ា ភាគច្រើននៃជនភៀសខ្លួនទាំងនោះបានមកដល់ប្រទេសបង់ក្លាដែស ដោយគ្មានអ្វីទាំងអស់ក្រៅពីសម្លៀកបំពាក់ក្នុងបង្វេចរបស់ពួកគេ។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិបានប្រាប់ថា ភាពក្រីក្រនិងកង្វះឱកាសការងារធ្វើឲ្យជនភៀសខ្លួនទាំងនោះងាយរងគ្រោះសម្រាប់ការជួញដូរមនុស្ស។ អង្គការនេះ ប្រាប់ទៀតថា ស្រ្តីនិងក្មេងស្រីប្រឈមនឹងហានិភ័យនៃការជួញដូរផ្លូវភេទ និងការរំលោភបំពានដោយហិង្សា។
អ្នកនាំពាក្យរបស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ លោក Pual Dillon បានប្រាប់វីអូអេថា ស្រ្តីនិងក្មេងស្រីដែលមានវ័យ១១ឆ្នាំក៏មាន កំពុងតែប្រឈមនឹងភាពងាយរងគ្រោះនៃការជួញដូរកម្លាំងពលកម្មដោយធ្វើការតាមផ្ទះដែលមានសភាពដូចជាទាសករ។
លោក Dillon បានថ្លែងថា៖ «មានឧស្សាហកម្មរោងចក្រផលិតជាលក្ខណៈគ្រួសារដែលកំពុងតែរីកដុះដាល ដែលនាំឲ្យបុរសវ័យក្មេងដែលកំពុងស្វែងរកការងារធ្វើ ពួកគេប្រឈមនឹងហានិភ័យនៃការជួញដូរកម្លាំងពលកម្មនៅក្នុងបរិយាកាសការងារទាំងនោះ។ បុរសវ័យក្មេងទាំងនោះបានទទួលប្រាក់ឈ្នួលទាប ពួកគេត្រូវបង្ខំឲ្យធ្វើការថែមម៉ោង។ នៅក្នុងករណីមួយចំនួនទៀត ពួកគេមិនត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះតាមម៉ោងការងារទៀងទាត់ទេ»។
ដោយសារតែការលាក់បាំងធាតុនៃបទល្មើស អង្គការអន្តរជាតិទទួលបន្ទុកជនភៀសខ្លួនកត់ត្រាបានតែជនរងគ្រោះ ដោយការជួញដូរមនុស្សតែ៧៨នាក់តែប៉ុណ្ណោះក្នុងអំឡុងពេល១០ខែកន្លងមកនេះ។ អង្គការនេះបានឲ្យដឹងថា ខ្លួនមានភ័ស្ភុតាងដែលមិនបានកត់ត្រាជាច្រើនដែលបង្ហាញថា មនុស្សរាប់ពាន់នាក់ប្រឈមនឹងហានិភ័យនៃរាល់ទម្រង់នៃការជួញដូរមនុស្ស។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ គឺជាស្ថាប័នដែលដឹកនាំកិច្ចសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅក្នុងទីក្រុង Cox's Bazar។ លោក Dillon ប្រាប់ឲ្យដឹងថា ស្ថាប័ននេះកំពុងតែពង្រីកសកម្មភាពប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ សកម្មភាពទាំងនេះ រួមបញ្ចូលទាំងការការពារ ការបង្កា និងការគាំពារផ្លូវចិត្ត និងសម្ភារៈដល់អ្នកដែលនៅរស់រានមានជីវិតពីការជួញដូរមនុស្ស និងផ្តល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ៕
ប្រែសម្រួលដោយ យូ សុធារី។