លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Pompeo បានជួបជាមួយលោករដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា Kyaw Tin នៅក្នុងប្រទេសសិង្ហបូរី នៅថ្ងៃសៅរ៍នេះ ហើយលោកបានអំពាវនាវឲ្យមានការដោះលែងអ្នកយកព័ត៌មាន Reuters ២នាក់ដែលកំពុងជាប់ពន្ធនាគារក្នុងប្រទេសមីយ៉ាន់ម៉ា។
អ្នកនាំពាក្យក្រសួងការបរទេសស.រ.អា. Heather Nauert បានប្រាប់ VOAថា លោក Pompeo បានលើករឿងនេះឡើងក្នុងអំឡុងកិច្ចប្រជុំរបស់លោកជាមួយលោករដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ហើយបានថ្លែងថាស.រ.អា.មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការឃុំឃាំងអ្នកទាំង២ជាបន្ត។ អ្នកយកព័ត៌មានទាំង២នាក់ត្រូវបានតុលាការមីយ៉ាន់ម៉ាចោទប្រកាន់ក្នុងបទទទួលឯកសារផ្ជាប់ទាក់ទងនឹងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ ប្រឆាំងនឹងពួកកងជីវពល Rohingya នៅខេត្តភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា គឺខេត្ត Rakhine។
លោក Pompeo និងលោករដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា Kyaw Tin បានជួបគ្នានៅក្រៅកិច្ចប្រជុំមេដឹកនាំក្នុងតំបន់មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍៕