ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមប្រមាណ២៤០នាក់ មានរួមស្ត្រីនិងកុមារផងដែរ តែលតោលនៅសមុទ្រក្បែរប្រទេសឥណ្ឌូណេស៊ី ក្រោយការប៉ុនប៉ងឡើងគោកពីរដងត្រូវបានច្រានចោលដោយក្រុមអ្នកស្រុក។
ពួកមន្ត្រីបាននិយាយថាកាលពីពេលថ្មីៗនេះ ទូកនេះព្យាយាមចូលចតក្នុងស្រុក
Aceh Utara ក្នុងខេត្ត Aceh នៃប្រទេសឥណ្ឌូណេស៊ីកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១៦ ខែវិច្ឆិកា ប៉ុន្តែបានចាកចេញពីរបីម៉ោងបន្ទាប់មក។
នេះជាទូកទីបួនហើយដែលបានទៅដល់ខេត្តខាងជើងបំផុតនៃប្រទេសឥណ្ឌូណេស៊ីចាប់តាំងពីថ្ងៃអង្គារមក។ ទូកបីគ្រឿងទៀតបានទៅដល់ស្រុកមួយទៀតហើយត្រូវបានអនុញ្ញាតឱ្យចូលចត។
ក្រុមជនអំបូររ៉ូហ៊ីងយ៉ាទាំងនេះបានចេញដំណើរពីជំរំជនភៀសខ្លួនដ៏កកកុញក្នុងប្រទេសបង់ក្លាដេស។
ឥណ្ឌូណេស៊ីថា ជំនួយដែលគេបានផ្តល់ឱ្យត្រូវបានកេងចំណេញដោយពួកជួញដូរមនុស្ស។
ពួកអ្នកស្រុកឆ្នេរខ្សាច់ Ulee Madon ក្នុងឃុំ Muara Batu បាននិយាយថា ពួកគេមិនទទួលក្រុមចុងក្រោយនេះពីព្រោះក្រុមរ៉ូហ៊ីងយ៉ាបានមកទីនោះជាច្រើនដងមកហើយ ហើយបានបណ្តាលឱ្យអ្នកស្រុកមិនស្រណុកចិត្ត។
លោក Saiful Afwadi មេដឹកនាំប្រពៃណីក្នុងឃុំ Muara Batu បានថ្លែងកាលពីថ្ងៃសុក្រទី១៧ ខែវិច្ឆិកាថា៖ «ដោយគិតពីមនុស្សធម៌ យើងមានការខ្វល់ខ្វាយ តែតាមទស្សនៈមួយទៀត ពួកគេនាំឱ្យមានភាពចលាចល។ យើងបានផ្តល់ទីជម្រកឱ្យពួកគេ ប៉ុន្តែយើងមិនអាចទទួលពួកគេឱ្យរស់នៅទីនេះបានទេ»។
លោក Rahmat Karpolo ដែលជាមេភូមិបានពោលថា អ្នកស្រុកមិនចង់ទទួលយកជនភៀសខ្លួនទេ ដោយសារផ្អែកលើហេតុការណ៍ពីមុនៗដែលពួករ៉ូហ៊ីងយ៉ាបានរត់ចេញពីជម្រកពួកគេ។
ក្រុមជនរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមជាង៧សែននាក់បានរត់គេចខ្លួនពីប្រទេសមីយ៉ាន់ម៉ាដែលពលរដ្ឋភាគច្រើនកាន់សាសនាព្រះពុទ្ធទៅកាន់ជំរំជនភៀសខ្លួននៅប្រទេសបង់ក្លាដេសក្រោយមានការបង្ក្រាបដោយកងយោធាកាលពីខែសីហាឆ្នាំ២០១៧។ ពួកគេនិយាយថា ជំរំទាំងនោះមានមនុស្សកកកុញពេក ហើយពួកគេត្រូវតែចាកចេញពីទីនោះទៀតដើម្បីស្វែងរកជីវិតដែលល្អប្រសើរជាងមុន៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ