ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្លាប់​របស់​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​តាម​ទូក​ក្នុង​សមុទ្រ​​​នៅ​​អាស៊ី​អាគ្នេយ៍​កើន​ឡើងគួរ​ឱ្យភ្ញាក់ផ្អើល


រូបឯកសារ៖ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាបានស្វែងរកជម្រកបណ្តោះអាសន្ន បន្ទាប់ពួកគេបានធ្វើដំណើរតាមទូកមកដល់ខេត្ត Aceh ខាងជើងរបស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២។
រូបឯកសារ៖ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាបានស្វែងរកជម្រកបណ្តោះអាសន្ន បន្ទាប់ពួកគេបានធ្វើដំណើរតាមទូកមកដល់ខេត្ត Aceh ខាងជើងរបស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២។

មាន​មនុស្ស​យ៉ាង​តិច​ណាស់​ ៣៤៨ នាក់​ បានស្លាប់​ឬ​បាត់ខ្លួន​ នៅពេលរត់​គេច​ខ្លួនពី​ប្រទេស​មីយ៉ាន់ម៉ា​ ឬ​ពី​ប្រទេសបង់ក្លាដែស​ តាម​សមុទ្រ​កាលពី​ឆ្នាំ​ទៅ​មិញ។ ​ការណ៍​នេះ​បានធ្វើ​ឱ្យ​ឆ្នាំ ២០២២ ជាឆ្នាំមួយ​ដែល​មានមនុស្ស​ស្លាប់ច្រើន​បំផុត​ចាប់​តាំង​ពី​ឆ្នាំ ២០១៤ មក។ កាលនោះ​មាន​មនុស្ស​ជាង ៧០០ នាក់​ ត្រូវបាន​រាយការណ៍ថា​បាន​ស្លាប់​ឬ​បាត់ខ្លួន នៅក្នុង​ការ​ប្រឹងប្រែង​រត់គេច​ខ្លួន​ពី​ការ​ធ្វើទុក្ខ​បុក​ម្នេញ។​

ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ (UNHCR) និយាយថា មាន​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ជាង ៣.៥០០ នាក់​ បានប៉ុនប៉ងធ្វើដំណើរ​កាត់​សមុទ្រ​ក្នុង​ឆ្នាំ ២០២២។ មានមនុស្ស​ប្រមាណ ៧០០​ នាក់​ បានធ្វើដំណើរ​ស្រដៀង​គ្នានេះ​ដែរ​ កាលពី​ឆ្នាំ ២០២១។​

អ្នកនាំពាក្យ​អង្គការ UNHCR អ្នកស្រី Shabia Mantoo និយាយ​ថា​ កំណើន​នៃ​ចំនួន​មនុស្ស​ដែលប្រថុយប្រថាន​ជីវិតបែបនេះ​បណ្តាលមក​ពី​ការ​អស់សង្ឃឹមថា ​គ្មានវិធី​អ្វី​ផ្សេង​ក្រៅ​ពី​នេះ​ ដើម្បី​ចេញ​ឱ្យ​ផុត​ពីទុក្ខវេទនា​ទេ។​

«យើង​បានឮរបាយការណ៍ពី​ជនជាតិ​រ៉ូហ៊ីងយ៉ា​អំពីការ​អស់​សង្ឃឹមនិង​ការ​ព្រួយ​បារម្ភ​កាន់តែ​ច្រើន​ឡើង​អំពី​អនាគត។ ហើយ​ពួកគេ​ពិតជា​គ្មានសង្ឃឹម​អំពី​សន្តិសុខ​ និង​អំពី​សុវត្តិភាព​ទេ។ ជនជាតិ​រ៉ូហ៊ីងយ៉ា​ខ្លះ​ចង់​ជួបជុំ​គ្រួសារ។ សម្រាប់​អ្នក​ឯ​ទៀត​វិញ ពួក​ជួញដូរ​មនុស្ស​បានឆ្លៀតយកភាព​ងាយ​រងគ្រោះ​របស់​ពួក​គេ​ ដើម្បី​បោក​បញ្ឆោតពួក​គេជាមួយ​ការ​សន្យានិង​សេចក្តី​សង្ឃឹម​ក្លែងក្លាយ‍»។

អ្នកស្រី Mantoo ថ្លែង​ថា​ ភាគ​ច្រើន​នៃ​ទូក ៣៩ ដែល​បាន​ធ្វើដំណើរ​តាម​សមុទ្រ​មាន​គ្រោះថ្នាក់កាលពី​ឆ្នាំ​ទៅ បាន​ចាកចេញ​ពីប្រទេស​មីយ៉ាន់ម៉ា​និង​ប្រទេស​បង់ក្លាដែស​ ដែលគូសប​ញ្ជាក់​អំពី​ការ​អស់​សង្ឃឹម​ក្នុង​ចំណោម​ក្រុម​ជនអំបូរ​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​ទាំង​ពីរនេះ។

អ្នកស្រី​បាននិយាយ​ថា នៅ​ក្នុង​ពេល​ពីរ​ខែចុងក្រោយ​នៃ​ឆ្នាំ ២០២២ មាន​ទូក​បួន​គ្រឿង​ដែល​បាន​ដឹកជនជាតិ​រ៉ូហ៊ីងយ៉ា​ជាង ៤៥០ នាក់​ បាន​ទៅ​ចត​នៅខេត្ត Aceh ប្រទេស​ឥណ្ឌូណេស៊ី ហើយ​ទូកមួយ​គ្រឿង​ទៀតដែល​មាន​ដឹក​មនុស្ស​ ១០០ នាក់​ បាន​ចូលចតក្នុង​ប្រទេស​ស្រី​លង្កា។ អ្នកស្រី​បានថ្លែង​ថា ទូក​មួយគ្រឿងមាន​ដឹក​ក្រុម​ជនជាតិ​រ៉ូហ៊ីងយ៉ា​ ១៨០ នាក់ ​បាន​លិចកាលពី​ដើមខែធ្នូ។

«ការអំពាវនាវរបស់ទីភ្នាក់ងារ UNHCR ​ទៅកាន់​អាជ្ញាធរ​សមុទ្រ​ក្នុង​តំបន់ឱ្យ​ជួយ​សង្គ្រោះ​និង​យក​ពួក​ជន​ទាំង​នេះ​ពីទូក​ឱ្យ​ឡើង​គោក មិនបាន​ត្រូវ​អើពើ​ឬ​មិន​បានត្រូវ​យក​ចិត្តទុក​ដាក់ ដែល​នាំ​ឱ្យ​ទូក​ជា​ច្រើនរសាត់អណ្តែត​ច្រើន​អាទិត្យ។ UNHCR ​បាន​អំពាវនាវជា​ថ្មី​ទៀត​ឱ្យមាន​ការ​ស្វែងរក​និងការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់ និង​ឱ្យ​មាន​ការ​យក​ជនទាំង​នេះ​ចេញពីទូក​ឱ្យ​ឡើង​គោក​នៅ​កន្លែង​មាន​សុវត្ថិភាព​ និង​ឱ្យ​មាន​ការ​គាំទ្រ​ដល់​ក្រុម​ប្រទេសដែល​ក្រុម​ជនជាតិ​រ៉ូហ៊ីងយ៉ា​ទាំង​នេះ​បានឡើងគោក‍»។

កាលពី​ខែ​សីហា ឆ្នាំ​ ២០១៧ ក្រុម​ជនជាតិ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាមជាង ៧ សែន​ ៥ ម៉ឺននាក់ ដែលរងអំពើ​ហិង្សា​និង​ការ​ធ្វើទុក្ខបុកម្នេញក្នុងប្រទេស​មីយ៉ាន់ម៉ា​បាន​រត់គេចខ្លួនទៅ​តំបន់ Cox’s Bazaar ក្នុង​ប្រទេស​បង់ក្លាដែស។ ពួក​គេ​បាន​រស់នៅ​ក្នុង​ជំរំ​មាន​មនុស្ស​កកកុញ​ជា​មួយជនភៀស​ខ្លួន​រាប់សែននាក់ទៀត ដែល​បានរត់​គេចខ្លួន​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ពេលមុន។

ទីភ្នាក់ងារ UNHCR និយាយថា ស្ថានភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​មិន​ត្រូវ​បាន​កែលម្អ​ទេ ហើយគ្មាន​សុវត្ថិភាព​សម្រាប់ឱ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​វិលត្រឡប់​ទៅ​ប្រទេស​មួយ​ដែល​យល់ឃើញ​ថា ​ពួក​គេជាក្រុមជនអន្តោប្រវេសន៍​ខុស​ច្បាប់​ ហើយបាន​បដិសេធ​មិន​ផ្តល់​សញ្ជាតិ​ឱ្យ​ពួកគេ​ផង​នោះ៕

XS
SM
MD
LG